ខណៈដែលសមត្ថកិច្ចនគរបាលជាច្រើនរយនាក់កំពុងប្រមូលផ្តុំកម្លាំងត្រៀមទប់ទល់នឹងក្រុមបាតុករជាកម្មករ កម្មការិនីរោងចក្រ SL នៅម្តុំស្ពានស្ទឹងមានជ័យរហូតដល់បង្កឲ្យផ្ទុះអំពើហិង្សាមានមនុស្សស្លាប់ និងរបួសនោះ ដោយឡែកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាឯណោះវិញមានករណីផ្ទុះអាវុធមួយបានកើតឡើងក្នុងបន្ទប់ឃាត់ខ្លួនជនសង្ស័យតែម្តង ដោយសារជនសង្ស័យដែលប៉ូលិសប៉ុស្តិ៍ឃាត់ខ្លួនម្នាក់យកកាំភ្លើងប៉ូលិសបាញ់សម្លាប់ខ្លួនឯង ធ្វើឲ្យផ្អើលប៉ុស្តិ៍ប៉ូលិសព្រែកប្រាទាំងព្រឹក។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទីព្រឹក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា មានទីតាំងតាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជនសង្ស័យម្នាក់ឈ្មោះ ឃឹម រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាកម្មករសំណង់ បានយកកាំភ្លើងខ្លីម៉ាករ៉ូឡូ របស់មន្ត្រីនគរបាលប៉ុស្តិ៍ឈ្មោះ ជន សុទិវា បាញ់សម្លាប់ខ្លួន។
ព័ត៌មានជំហានដំបូងត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅវេលាព្រឹកនាថ្ងៃកើតហេតុមន្ត្រីនគរបាលឈ្មោះ ជន សុទិវា ដែលជាម្ចាស់កាំភ្លើងបានទុកកាំភ្លើងខ្លីម៉ាករ៉ូឡូ ក្នុងថតតុរបស់ខ្លួនក្នុងបន្ទប់ឃាត់ខ្លួនជនសង្ស័យតែមិនបានដាក់ខ្នោះដៃជនសង្ស័យទេ។ ទំនងជាភ្លេចភ្លាំងដោយការធ្វេសប្រហែស មន្ត្រីប៉ូលិសរូបនោះបានដើរចេញពីបន្ទប់មកក្រៅ ដើម្បីស្រស់ស្រូបអាហារពេលព្រឹក ដោយចាក់សោទ្វារបន្ទប់ពីខាងក្រៅ ទុកជនសង្ស័យក្នុងបន្ទប់ម្នាក់ឯង ប៉ុន្តែមិនបានចាក់សោថតតុទុកដាក់កាំភ្លើងឡើយជាហេតុធ្វើឲ្យជនសង្ស័យឆ្លៀតឱកាសទាញបើកថតតុយកកាំភ្លើងរបស់ប៉ូលិសបាញ់សម្លាប់ខ្លួនក្នុងបន្ទប់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលប៉ុស្តិ៍ព្រែកប្រាទាំងព្រឹក។
ទាំងនេះ គឺជាកំហុសនៃការធ្វេសប្រហែសរបស់មន្ត្រីនគរបាលដែលនាំឲ្យមានករណីជនសង្ស័យបាញ់សម្លាប់ខ្លួនក្នុងប៉ុស្តិ៍ប៉ូលិសដោយនឹកស្មានមិនដល់ និងក៏អាចទុកជាបទពិសោធន៍សម្រាប់ប៉ូលិសដទៃទៀតផងដែរ៕