ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

សម្តេចនាយក​រដ្ឋមន្ត្រី​គួរ​ពិចារណា​អំពី​មុខតំណែង​ចៅហ្វាយខេត្ត​ប៉ៃលិន​ផង​ព្រោះ​ជំទាវ​ជា​អ្នកតំណាងរាស្ត្រ​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ អ៊ី ឈាន ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​អស់​ជាច្រើន​ឆ្នាំ​មកហើយ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន  សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តួនាទី​ជា​ចៅហ្វាយខេត្ត​នេះ​ត្រូវបំពេញ​មុខងារ​ក្រោម​ស្ថាប័ន​នីតិប្រតិបត្តិ «​រាជរដ្ឋាភិបាល​» មាន​ក្រសួងមហាផ្ទៃ​ជា​អាណាព្យាបាល​ផ្ទាល់ ។​

ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ លោកជំទាវ​បាន ស្រីមុំ អាយុ​៣៧​ឆ្នាំ ត្រូវជា​ភរិយា​របស់​ឯកឧត្តម អ៊ី ឈាន បាន​ក្លាយជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន ។ មានន័យថា ប្រពន្ធ​ធ្វើជា​អ្នកតំណាងរាស្ត្រ​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ រីឯ​ប្តី​ធ្វើជា​អភិបាលខេត្ត​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​សម្រាប់​គ្រួសារ​មហាអំណាច​ប្រមូលផ្តុំ​មួយ​នេះ ។​

អនុលោម​តាម​គោលការណ៍​ច្បាប់ តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​មាន​តួនាទី​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​និង​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែលជា​ស្ថាប័ន​នីតិប្រតិបត្តិ ដែល​ក្នុងនោះ​មុខតំណែង​ចៅហ្វាយខេត្ត​ក៏​ជា​ផ្នែក​មួយ​ឋិត​នៅក្នុង​ខ្សែបណ្តោយ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ដែរ ។​

គេ​ចោទ​ជា​សំណួរ​ថា ឧទាហរណ៍ ឯកឧត្តម អ៊ី ឈាន ជា​ស្វាមី​មាន​កំហុសឆ្គង​ក្នុងការ​បំពេញភារកិច្ច​ជា​អភិបាលខេត្ត​ប៉ៃលិន​ឬ​ត្រូវ​ប្រជារាស្ត្រ​រស់នៅ​ខេត្ត​ប៉ៃលិន​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​ឯកឧត្តម អ៊ី ឈាន ដោយ​ប្រការ​ណាមួយ តើ​លោកជំទាវ​បាន ស្រីមុំ ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ទាំងមូល​អាច​ស៊ើបអង្កេត​និង​ចាត់ការ​លើ​ពាក្យបណ្តឹង​របស់​ប្រជារាស្ត្រ​ព្រមទាំង​ហ៊ាន​ធ្វើ​របាយការណ៍​អំពី​កំហុសឆ្គង​របស់​ស្វាមី​ខ្លួន​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​ដែរឬទេ ?

ក្រុមអ្នកច្បាប់​បានលើកឡើង​ថា ដោយសារ​ក្នុង​រង្វង់​គ្រួសារ​ប្តី​-​ប្រពន្ធ មាន​ផលប្រយោជន៍​រួមគ្នា​តែមួយ ទើប​ច្បាប់ពាណិជ្ជកម្ម​មិន​អនុញ្ញាត​ឲ្យ​ប្តី​-​ប្រពន្ធ​បើក​ក្រុមហ៊ុន​រកស៊ី​រួមគ្នា​នោះឡើយ ។​

យោងតាម​ប្រព័ន្ធ​នៃ​ការកាន់កាប់​អំណាច​ក្នុង​គ្រួសារ​តែមួយ ទោះ​ក្នុង​ស្ថាប័ន​ផ្សេងគ្នា​ក៏ដោយ គឺ​មជ្ឈដ្ឋាន​នានា​អាច​ផ្តល់​ចម្លើយ​បាន​ថា លោកជំទាវ​បាន ស្រីមុំ ជា​អ្នកតំណាងរាស្ត្រ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រាកដជា​មិន​ប្រឆាំង​ទៅនឹង​ឯកឧត្តម អ៊ី ឈាន ជា​ចៅហ្វាយខេត្ត​និង​ជា​ស្វាមី​របស់ខ្លួន ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​នាំ​ឲ្យ​ខូចខាត​ផលប្រយោជន៍​គ្រួសារ​នោះទេ ។​

ក្រៅពី​មានមុខ​ងារ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម អ៊ី ឈាន ក៏​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​មួយរូប​មាន​អត្តលេខ​០០៣៨០៤ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤«​ដំឡើង​ឋានន្តរស័ក្តិ​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២០៩/១១៨៦ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០០៩» ។​

សរុបសេចក្តី​មក ប្រសិនបើ​មាន​ឆន្ទៈ​កែទម្រង់​ការដឹកនាំ​ប្រទេស​ពិតប្រាកដ​មែន សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​បុរស​ខ្លាំង​នៃ​កម្ពុជា​មេត្តា​ពិចារណា​ទៅលើ​មុខតំណែង​របស់​ឯកឧត្តម អ៊ី ឈាន ជា​ចៅហ្វាយខេត្ត​ប៉ៃលិន ដែលមាន​លោកជំទាវ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​នោះ​ផង ដើម្បី​ឈានទៅ​លុបបំបាត់​ភាពច្របូកច្របល់​ក្នុង​ប្រព័ន្ធគ្រប់គ្រង​កាន់កាប់​អំណាច​របៀបនេះ​ជា​ស្ថាពរ​ក្នុង​អាណត្តិ​ទី​៥ ៕​

citizen1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.