ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

កិត្យានុភាព​ឧកញ៉ា​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២

​នៅ​ក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​ផលិត​ចេញ​នូវ​ឧកញ៉ា​ និង​ឯកឧត្តម​-​លោក​ជំទាវ​យ៉ាងច្រើន​គ​គោក​ "​ខ្លះ​ជា​សមាជិក​រាជរដ្ឋាភិបាល​ ខ្លះ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ ខ្លះ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ខ្លះ​ជាទី​ប្រឹក្សា​ក្រសួង​-​ស្ថាប័ន​ ខ្លះ​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ រដ្ឋសភា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ តុលាការ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ស្ថាប័ន​-​អាជ្ញាធរ​ផ្សេងៗ​ទៀត​ ដែល​មាន​ឋានៈ​ស្មើ​ចាប់ពី​អគ្គនាយក​ឡើង​ទៅ​"​ រហូត​ធ្វើ​ឲ្យ​ងារ​ជា​ឧកញ៉ា​ និង​ងារ​ជា​ឯកឧត្តម​ធ្លាក់​​ក្នុង​ស្ថានភាព​អតិផរណា​ទៀត​ផង​ ។​

​លោក​ឧកញ៉ា​ តាន់​ សេង​ហាក់​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៤/០៤៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០០៤"​ កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៨​ឆ្នាំ​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ពោល​គឺ​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្លែង​លិខិត​ស្នាម​ គៃបំបាត់​សម្បត្តិទ្រព្យ​ និង​ប្រាក់​ក្រុមហ៊ុន​ម៉េ​ង​ ស្រ៊ា​ង​ តាំងពី​ឆ្នាំ​២០០១​ និង​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ថែម​ទៀត​ ពោល​គឺ​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ នៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៩/១០០៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០០៩"​ និង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​នោះ​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ "​ផ្ទុះអាវុធ​ទៅ​ក្បួន​ហែ​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​"​ និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៣​ តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ពោល​គឺ​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១១/៦០៦​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១១"​ និង​ជា​អតីត​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នីតិកាល​ទី​២​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៤​ឆ្នាំ​០៦​ខែ​ ពី​បទ​ប៉ះពាល់​ទៅ​លើ​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​សាធារណៈ​ ដោយ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៧"​ខ​"​ ចុះ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១២​ និង​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​ដែរ​ តាម​ដីកា​លេខ​៦០៣​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១២​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ឯកឧត្តម​ កែប​ ជុតិមា​ អតីត​ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ។​ សព្វថ្ងៃ​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ កំពុង​ពួន​សំងំ​លាក់ខ្លួន​ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ ពោល​គឺ​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ឧកញ៉ា​ ម៉ី​ រ​ដ្ឋា​ អតីត​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​២​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១០/០៧៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១០"​ ត្រូវ​បាន​តុលាការ​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ តាម​ដីកា​លេខ​៥០​ដក​ឧ​/២០១១​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១១​ និង​ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ផង​ដែរ​ ។​ សព្វថ្ងៃ​លោក​ឧកញ៉ា​ ម៉ី​ រ​ដ្ឋា​ កំពុង​ពួន​សំងំ​លាក់ខ្លួន​ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ ពោល​គឺ​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​នៅ​មានឈ្មោះ​ជា​ឧកញ៉ា​ជា​ច្រើន​ទៀត​ដែល​មានរឿង​រ៉ាវ​នៅ​ស្ថាប័ន​តុលាការ​ មានរឿង​រ៉ាវ​រំលោភ​បំពាន​យក​ដីធ្លី​ប្រជាពលរដ្ឋ​ "​តួយ៉ាង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ស្រា​បៀរ​លី​អូ​ ជាដើម​"​ មានរឿង​បាញ់បោះ​សេរី​…​។​ល​។​

​ក្នុង​រាជ​សារ​ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០០៣​ របស់​សម្តេចឪ​ សម្តេច​តា​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ទ្រង់​បាន​ព្រះ​តម្រិះ​ថា​ "​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​គ្មាន​មហាសេដ្ឋី​រាប់​មិន​អស់​ដូច​សព្វ​ថ្ងៃនេះ​ទេ​ …​ ។​ នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​មាន​មហាសេដ្ឋី​តែ​មួយ​គត់​ គឺ​លោក​ តាន់​ ប៉ា​ ដែល​គាត់​មាន​មហា​សម្បត្តិ​តាំង​តែ​ពី​សម័យ​បារាំង​ត្រួតត្រា​កម្ពុជា​ ។​ ក្រៅពី​លោក​ឧកញ៉ា​ តាន់​ ប៉ា​ មាន​ឧកញ៉ា​ចំនួន​តិច​ជាង​១០​នាក់​ គឺ​លោក​ ស​ ហី​,​ លោក​ អុងប៉ាង​ ខោល​ និង​លោក​២​ឬ​៣​នាក់​ទៀត​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ ។​ ឥឡូវនេះ​វិញ​មាន​ឧកញ៉ា​មហាសេដ្ឋី​រាប់​មិន​អស់​ទេ​ដែល​អាច​ជួយ​រាជរដ្ឋាភិបាល​បាន​ ។​ "​ ។​

​មន្ត្រី​ចាស់ៗ​ដែល​ស្និទ្ធ​នឹង​ព្រះ​បរមរាជវាំង​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ កាលពី​សម័យ​មុន​អ្នក​ដែល​មាន​ងារ​ជា​ឧកញ៉ា​ដែល​ប្រទាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ គឺ​មាន​វិន័យ​ មាន​របៀបរបប​ និង​មាន​កិត្តិយស​ណាស់​ ដោយសារ​អ្នក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​គឺជា​អ្នកមាន​គុណសម្បត្តិ​ចំពោះ​ជាតិ​ មិនមែន​ពឹងផ្អែក​លើ​លុយ​នោះ​ទេ​ ហើយ​រយៈពេល​មួយ​ឆ្នាំ​ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​ចំនួន​២​ដង​ ដើម្បី​ទូល​ថ្វាយ​អំពី​អំពើ​របស់​ខ្លួន​ ។​

​ផ្ទុយ​ទៅ​វិញ​ តាម​ការ​កត់សម្គាល់​របស់​មជ្ឈដ្ឋាន​ជា​ច្រើន​នា​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ គឺ​បង្ហាញ​ថា​ កិត្យានុភាព​ឧកញ៉ា​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ ដោយសារ​គ្មាន​ប្រព័ន្ធ​អ្វី​ច្បាស់លាស់​សម្រាប់​គ្រប់គ្រង​ ត្រួតពិនិត្យ​ ឬ​វាយតម្លៃ​ឧកញ៉ា​ក្រៅ​តែ​ពី​លុយ​ ទើប​លេច​មាន​អំពើ​ផ្តេសផ្តាស​ជា​ច្រើន​ចេញពី​ស្រទាប់​ឧកញ៉ា​ ។​ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ឧកញ៉ា​មួយ​ចំនួន​បាន​ទទួល​រង​គ្រោះ​ដោយសារ​សង្គម​មិន​អនុវត្តន៍​ច្បាប់​ជា​មូលដ្ឋាន​នេះ​ដែរ​ ៕​

Tan-Senghak-3 Khy-Kimlon

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.