កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ សមែ្តងនូវការអបអរសាទរចំពោះការបកស្រាយសាលដីកាសំណុំរឿងចាស់ក្នុងរឿងក្តីប្រាសាទព្រះវិហាររបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឲ្យប្រទេសកម្ពុជាជាម្ចាស់កម្មសិទ្ធិតែមួយគត់លើប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញប្រាសាទព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបកស្រាយសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនេះ មិនខុសពីការសម្រេចសេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ"ICJ"ឆ្នាំ១៩៦២ ដែលសម្រេចឲ្យប្រទេសកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារនោះទេ ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានសម្តែងផងដែរនូវការដឹងគុណ និងចងចាំជានិច្ចមិនអាចបំភ្លេចបានចំពោះគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានធ្វើព្រះពលិកម្មគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី ពិសេសស្នាព្រះហស្តក្នុងការការពារប្រាសាទព្រះវិហារក្នុងអំឡុងឆ្នាំ១៩៦២ ពីមហិច្ឆតាឈ្លានពានពីសំណាក់ប្រទេសថៃ ។
ខ្លឹមសារបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនោះ គណបក្សក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍តាមព្រះគំរូវីរភាពរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងការគ្រប់គ្រងនិងការពារទឹកដី ទាំងព្រំដែនខាងលិច ទាំងព្រំដែនខាងកើតឲ្យបានគង់វង្ស ៕