ការប្រើវិធីម៉ាស្សាដោយសត្វត្រី និងសត្វអន្ទង់ជាដើមបានក្លាយជាមុខសញ្ញាដ៏ពេញនិយមសម្រាប់អ្នកស្វែងរកសេវាកម្មម៉ាស្សានៅបរទេស ដើម្បីជម្រុះកោសិការាងកាយដែលចាស់ៗចោល ជាពិសេសកោសិកាស្បែក ប៉ុន្តែការម៉ាស្សារបៀបនេះក៏ប្រឈមនឹងហានិភ័យខ្ពស់ដែរចំពោះការម៉ាស្សាដោយប្រើសត្វអន្ទង់ ពីព្រោះសត្វអន្ទង់តូចៗវាអាចត្បុលរុលចូលទៅក្នុងប្លោកនោមតាមផ្លូវបង្ហួរទឹកនោមបាន។
តាមការចុះផ្សាយរបស់គេហទំព័របរទេសជាច្រើននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា លោក Zhang Nan អាយុ៥៦ឆ្នាំ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន ត្រូវបានសត្វអន្ទង់តូចៗជាច្រើនក្បាលរុលត្បុលចូលទៅដល់ប្លោកនោមរបស់គាត់បន្ទាប់ពីគាត់បានម៉ាស្សាដោយសត្វអន្ទង់ ហើយក៏បណ្តាលឲ្យគាត់មានអារម្មណ៍ឈើចាប់នៅត្រង់បរិវេណប្លោកនោម និងបង្ហួរទឹកនោម។
លោកវេជ្ជបណ្ឌិត Jin Wang ជាគ្រូពេទ្យវះកាត់ផ្ទាល់បានឲ្យដឹងថា លោក Zhang Nan បានទទួលការវះកាត់អស់រយៈពេលប្រមាណ៣ម៉ោង ដើម្បីយកសត្វអន្ទង់តូចៗជាច្រើនក្បាលចេញពីប្លោកនោមរបស់គាត់ ហើយសត្វអន្ទង់ទាំងនោះត្រូវបានស្លាប់ទាំងអស់។
ក្រុមគ្រូពេទ្យវះកាត់បានធ្វើការពន្យល់ថា ថ្វីដ្បិតបង្ហួរទឹកនោមរបស់មនុស្សមានទំហំតូចចង្អៀតក៏ពិតមែន ប៉ុន្តែសម្រាប់សត្វអន្ទង់តូចៗទាំងនោះអាចរុលត្បុលចូលបានដោយសារស្បែកសត្វអន្ទង់មានជាតិរំអិលច្រើន។
ដូច្នេះ អ្នកចូលចិត្តស្វែងរកសេវាកម្មម៉ាស្សាដោយសត្វអន្ទង់ត្រូវធ្វើការប្រុងប្រយ័ត្នផងខ្លាចក្រែងសត្វអន្ទង់ត្បុលរុលចូលប្លោកនោមនាំឲ្យឈឺសាច់ដោយសារការវះកាត់យកសត្វអន្ទង់ចេញនោះ៕