បុរសម្នាក់បានដាច់ចិត្តអារ.កនិងចាក់សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃ នាវេលាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅផ្ទះលេខ១២១៥B ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ហើយទុកសពប្រពន្ធចោល និងបន្សល់នូវកូនប្រុសអាយុ៥ឆ្នាំឲ្យក្លាយជាក្មេងកំព្រា ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះដែលត្រូវបានប្តីអារ.កនិងចាក់សម្លាប់នោះ គឺប្រជាពលរដ្ឋរស់នៅក្បែរខាងផ្ទះកើតហេតុប្រទះឃើញ ដែលមានឈ្មោះ ប៉េង ចិន្តា អាយុ២៥ឆ្នាំ ។ រីឯប្តីកំណាចចិត្តអប្រិយមានឈ្មោះ អាន សឿន អាយុ៣៣ឆ្នាំ ។
សាក្សីជាប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បានឲ្យដឹងថា ក្រុមគ្រួសារនេះតែងមានជម្លោះជាមួយគ្នាជាញឹកញាប់ ហើយបុរសជាប្តីតែងមានចិត្តប្រចណ្ឌនឹងប្រពន្ធរបស់ខ្លួន ដោយសារស្ត្រីរងគ្រោះជាប្រពន្ធធ្វើការជានារីម៉ាស្សា ហើយត្រូវបានប្តីសង្ស័យថា មានលួចសាហាយស្មន់ជាមួយឧត្តមសេនីយ៍ម្នាក់ ខណៈដែលបុរសជាប្តីទៅធ្វើការនៅប្រទេសថៃយូរៗមកលេងផ្ទះម្តង ។
តាមសម្តីអះអាងរបស់កូនប្រុសអាយុ៥ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនបានឃើញឪពុកយកកាំបិតចាក់និងអារ.កម្តាយរបស់ខ្លួន រួចហើយក៏រត់ចេញពីផ្ទះបាត់ទៅ ។
ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវក្នុងសំណុំរឿងឃាតកម្មនេះហើយ ៕