ក្រៅពីមានមុខងារជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ…។ល។ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន នៅមានមុខងារជាប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរអប្សរា» ថែមទៀត ។
នៅពេលថ្មីៗនេះ មន្ត្រីថ្នាក់តូចតាចបម្រើការងារនៅក្នុងអាជ្ញាធរអប្សរាបានលើកឡើងថា ឯកឧត្តមប្រធានអាជ្ញាធរអប្សរាមានកូនប្រុសពៅម្នាក់ឈ្មោះ សុខ សង្វារ អាយុប្រមាណជាង២០ឆ្នាំ មានតួនាទីជាអនុប្រធាននាយកដ្ឋានមួយនៅក្រសួងទេសចរណ៍សោះ បែរជាមកលូកដៃចូលចាត់ចែងការងារស្រេចនឹងចិត្តនៅអាជ្ញាធរអប្សរា ជំនួសឪពុករបស់ខ្លួន ដោយគ្មានញញើតនឹងអំណាចឋានានុក្រម នៃអគ្គនាយកអាជ្ញាធរអប្សរាឡើយ ។ លើសពីនេះ លោកសុខ សង្វារ ដែលអាងអំណាចឪពុកតែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកជាប សុថារដ្ឋ ជាប្រធាននាយករដ្ឋានបុគ្គលិកនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាប្រភេទមន្ត្រីជំនាញខាងទ្រឹស្តីហៀរកែង តែមានចរិតឫកពា ក្រអឺតក្រទម ដាក់មន្ត្រីចាស់ៗ ជារៀមច្បងនិងមានត្រចៀកស ។
ក្រុមមន្ត្រីតូចតាចដែលដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងនោះបានលើកឡើងទៀតថា ការបង្កើតច្រកចេញ ចូលតែមួយនៅអាជ្ញាធរអប្សរា«មជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរអប្សរា» ដែលគ្រប់គ្រងដោយលោកង៉ាន់ ដានី «ជាប្រធាននាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ» និងលោកហុក ប៉េងសែ «ជាប្រធានរដ្ឋបាល បុគ្គលិកនិងសម្ភារៈ» ធ្វើឲ្យមជ្ឈមណ្ឌលនេះក្លាយជាសម្បុកពុករលួយ និងជំរិតទារប្រាក់ពីបណ្តាក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងម្ចាស់សំណើផ្សេងៗសម្រាប់ការថតភាពយន្តឯកសារ ការរៀបចំពិធីទទួលទានអាហារ និងការសម្តែងសិល្បៈព្រមទាំងសំណើផ្សេងទៀតនៅក្នុងតំបន់អង្គរ ។ ចំណូលរបស់អាជ្ញាធរអប្សរាបានមកពីផ្នែកនេះមានចំនួនរាប់សែនដុល្លារអាមេរិកក្នុង១ឆ្នាំៗ បូករួមទាំងចំណូលបានមកពីការយកលុយពីផ្លូវវាងក្រុងនិងរថយន្តអគ្គិសនីរបស់អាជ្ញាធរអប្សរា ត្រូវបានគ្រប់គ្រងដោយគ្មានតម្លាភាព គេយកប្រាក់ដាល់ហោប៉ៅផ្ទាល់ខ្លួននិងបក្ខពួករបស់គេ ហើយតាំងប្រកាសថា រកស៊ីខាតរហូត ។
មន្ត្រីតូចតាចនៃអាជ្ញាធរអប្សរាបានបង្ហើបប្រាប់ឲ្យដឹងទៀតថា កាលពីពេលមុន លោកង៉ាន់ ដានី សឹងរករថយនុ្តជិះមិនបានផង ប៉ុន្តែឥឡូវសល់លុយរាប់លានដុល្លារអាមេរិក ហើយអាចមានលទ្ធភាពប្រើប្រាស់ឥទ្ធិពលអំណាចប្រធានអាជ្ញាធរអប្សរាមកជិះជាន់ និងគាបសង្កត់លើមន្ត្រីថ្នាក់ក្រោមជាង៣ពាន់នាក់ឲ្យអស់កម្លាំងចិត្តក្នុងការបំពេញភារកិច្ច ព្រមទាំងធ្វើឲ្យសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តសៀមរាបធ្លាក់ចុះទៀតផង ។
ក្រុមមន្ត្រីតូចតាចបម្រើការងារនៅអាជ្ញាធរអប្សរាសំណូមពរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មេត្តាបង្គាប់បញ្ជាឲ្យមានការស៊ើបអង្កេតស្រាវជ្រាវអំពើពុករលួយ និងអំពើបក្ខពួកនិយមឋិតនៅក្រោមក្លៀក ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ជាប្រធានអាជ្ញាធរអប្សរានិងជាដន្លងដងស្នែងរបស់សម្តេចផង ដើម្បីបង្ហាញឲ្យឃើញអំពីដំណើរការកែទម្រង់ពិតប្រាកដរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ៕