នៅថ្ងៃអង្គារទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង០៩ព្រឹកខាងមុខ ក្រុមការងារបច្ចេកទេសរបស់គណបក្សនយោបាយទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជូបប្រជុំគ្នាសាជាថ្មីនៅវិមានរដ្ឋសភា ដើម្បីពិភាក្សារកដំណោះស្រាយចំពោះវិបត្តិនយោបាយបច្ចុប្បន្ន នៅប្រទេសកម្ពុជា ។
តាមការប្រកាសរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិមានសមាសភាពចំនួន៥រូប គឺ ឯកឧត្តម យឹម សុវណ្ណ អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ, ឯកឧត្តម សុន ឆ័យ អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ,ឯកឧត្តម អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកណ្តាល,ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តព្រៃវែង និង ឯកឧត្តម គួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ។
រីឯសមាសភាពក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា មិនត្រូវបានគណបក្សនយោបាយដែលចូលចិត្តធ្វើការលាក់លៀមមួយនេះ បង្ហើបប្រាប់ឲ្យដឹងជាក់លាក់ជាមុននៅឡើយ ។
ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ខាងភាគីគណបក្សសង្គ្រោះជាតិចង់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយ ទាក់ទងនឹងកិច្ចប្រជុំពិភាក្សារវាងក្រុមការងារបច្ចេកទេសរបស់គណបក្សនយោបាយទាំងពីរនេះ ដើម្បីបង្ហាញនូវតម្លាភាពជូនដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ប៉ុន្តែខាងភាគីគណបក្សប្រជាជនកម្ពុជាមានជំហរមិនចង់ឲ្យមានការផ្សព្វផ្សាយបើកចំហទូលំទូលាយអ្វីនោះទេ គឺត្រឹមតែរៀបចំឲ្យតំណាងគណបក្សនយោបាយនីមួយៗធ្វើសនិ្នសីទសារព័ត៌មាននៅក្រោយកិច្ចប្រជុំប៉ុណ្ណោះ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ការបើកកិច្ចប្រជុំលាក់លៀម រវាងគណបក្សនយោបាយទាំងពីរនាពេលកន្លងមកបាននាំឲ្យមានការគំរាមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចម្តងមកហើយថា នឹងយកខ្សែអាត់ថតសំឡេងនៃកិច្ចប្រជុំមកចាក់ផ្សាយជាសាធារណៈ ប៉ុន្តែការគំរាមនេះត្រូវទទួលរងការវាយបកវិញយ៉ាងចាស់ដៃពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលស្នើសុំឲ្យមានការចាក់ផ្សាយខ្សែអាត់ថតសំឡេងនោះទាំងស្រុងតែម្តងទៅ ។
ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងទៀតថា បើជជែកពិភាក្សាគ្នាអំពីរឿងជាតិ«លើកលែងតែការងារទាក់ទងនឹងសន្តិសុខសង្គម ដូចជាវិស័យយោធាជាដើម» មិនគួរមានការលាក់លៀមដូចរបៀបរបបធ្វើការរបស់គណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែបើព្យាយាមលាក់បាំង គឺធ្វើឲ្យសាធារណជនសង្ស័យថា នាំគ្នាចរចាអំពីរឿងផលប្រយោជន៍របស់អ្នកនយោបាយទៅវិញទេ ។
ដូច្នេះ គណបក្សប្រជាជនកម្ពុជា គប្បីបង្ហាញនូវសេចក្តីក្លាហានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកិច្ចប្រជុំរវាងគណបក្សនយោបាយទាំងពីរ ហហើយបើមានការចាក់ផ្សាយផ្ទាល់ទៀតរឹតតែប្រសើរ ពីព្រោះនាំឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទទួលបាននូវព័ត៌មានពិតនិងដោយផ្ទាល់អំពីកិច្ចប្រជុំនានា របស់អ្នកនយោបាយដែលខ្លួនបានបោះឆ្នោតជូន ៕