ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

រឿងក្តី​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត ជា​ម៉ែត្រ​វាស់​ដំណើរការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​មួយផ្នែក​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ចន្ទ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​ខាងមុខនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នឹងធ្វើ​ការប្រកាស​សាលដីកា​វិនិច្ឆ័យ​សេចក្តី​ក្នុង​សំណុំ​រឿងក្តី ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ដែល​បាន​បាញ់ប្រហារ​បណ្តាល​ឲ្យ​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វ៉េ ចំនួន​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ សឹង​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ កន្លងមក ។​

​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ សាលាដំបូង​ខេត្តស្វាយរៀង ធ្លាប់បាន​វិនិច្ឆ័យ​សេចក្តី សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត ដាក់ពន្ធនាគារ​កំណត់​ចំនួន ១៨​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ចំនួន​៣៨​លាន​រៀល ឲ្យ​ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី ជា​កម្មការិនី​រងគ្រោះ ចំនួន​៣​នាក់ ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា ។ លើសពីនេះ សាលាដំបូង​ខេត្តស្វាយរៀង ក៏បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត យកមក​ផ្តន្ទាទោស តាមច្បាប់​ផងដែរ និង​ក្រោយមក​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តស្វាយរៀង ប៉ុន្តែ​ទោះយ៉ាងណា​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តស្វាយរៀង​នៅមាន​សុពលភាព​ដដែល ។​

​អស់​រយៈពេល​ជិត ០៦​ខែ​ហើយ សមត្ថកិច្ច​នគរបាល​យុត្តិធម៌ «​ទាំង​ប៉ូលិស ទាំង​ប៉េអឹម » មិនទាន់​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត យកមក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​តាម​អំណាច​សាលក្រម​និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តស្វាយរៀង បាន​នៅឡើយ​ទេ ។​

​ក្រុមអ្នកច្បាប់​នៅ​កម្ពុជា​បានលើកឡើង​ថា ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត គឺ​សាលាឧទ្ធរណ៍​អាច​នឹង​វិនិច្ឆ័យ​សេចក្តីសម្រេច​ដូចតទៅ ៖ ១-​សម្រេច​ឲ្យ​រួចផុត​ពីបទ​ចោទប្រកាន់ មានន័យថា សម្រេច​ឲ្យ​ជនជាប់ចោទ​ឈូក បណ្ឌិត បាន​រួចខ្លួន​នៅក្រៅ​សំណាញ់​ច្បាប់​របស់​កម្ពុជា​យ៉ាង​រំភើយ ។ ២-​សម្រេច​កែប្រែ​បទចោទប្រកាន់​និង​បន្ធូរ​បន្ថយទោស​ឲ្យ​ជនជាប់ចោទ​ឈូក បណ្ឌិត និង ៣-​សម្រេច​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ របស់​សាលាដំបូង​ខេត្តស្វាយរៀង​ទុកជាបានការ​ដដែល ហើយ​អាច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត «​ករណី​ជនជាប់ចោទ អវត្តមាន​ក្នុង​សវនាការ » បន្តទៀត​តាម​នីតិវិធី ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ច​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​បាន​លើកឡើងថា សំណុំ​រឿងក្តី​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត មាន​លក្ខណៈពិសេស​នៅត្រង់ថា ក្រសួងមហាផ្ទៃ ជា​ម្ចាស់​ករណី ដែល​បាន​ស៊ើបអង្កេត​រកឃើញ​នូវ​ការប្រព្រឹត្ត​បទល្មើស​របស់​ឈ្មោះ​ឈូក បណ្ឌិត ហើយ​ធ្វើ​ការកសាង​សំណុំរឿង​ប្តឹងទៅ​តុលាការ​ជា​សមត្ថកិច្ច​ថែមទៀត ។ ដូច្នេះ សំណុំរឿង​ក្តី​នេះ​អាច​ចាត់ទុកថា ជា​ម៉ែត្រ​វាស់​នូវ​ដំណើរការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​មួយផ្នែក​នៅ​កម្ពុជា ពោលគឺ បើ​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត ត្រូវ​តុលាការ​សម្រេច​ឲ្យ​រួចខ្លួន ឬក៏​អាច​គេចខ្លួន​បាន​រហូត​ដោយ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​មិន​ស្វះស្វែង​ខ្នះខ្នែង តាម​ចាប់​ឬ​មិន​ហ៊ាន​ចាប់ខ្លួន​ជនជាប់ចោទ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ទេនោះ មានន័យថា ប្រព័ន្ធយុត្តិធម៌​និង​ច្បាប់​នៅ​កម្ពុ​ជាមាន​កម្រិត​អន់​ខ្សោយ ហើយ​វប្បធម៌​និ​រ​ទណ្ឌ​ភាព​នៅ​កម្ពុជា​ក៏​ចេះ​បន្ត​កើតមាន​តទៅទៀត ។​

​លោក​ឈូក បណ្ឌិត ធ្លាប់​ត្រូវបានតែងតាំង​ជា​អភិបាលក្រុង​បាវិត ដោយ​អនុក្រឹត្យ​លេខ ៧២៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០០៩ និង​ត្រូវបាន​ដកហូត​មុខតំណែង​នេះ​ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង​វិញ ដោយ​អនុក្រឹត្យ​លេខ ២៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១២ បន្ទាប់ពី​មានរឿង​រ៉ាវ​បាញ់បោះ​ទៅលើ​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង កៅ​វ៉េ រួចមក ៕​

3086_n

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.