ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

គណៈមេធាវី​ស្នើ​សុំ​ក្រសួងយុត្តិធម៌​ឲ្យ​មានការ​កំណត់​នូវ​តារា​តម្លៃ​សោហ៊ុយ​ថតចម្លង​ឯកសារ​សំណុំរឿង​ក្តី​នៅ​តុលាការ​

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​១២៩៨/​គម​/១៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​ គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ស្នើ​សុំ​ឲ្យ​មានការ​កំណត់​នូវ​តារា​តម្លៃ​សោហ៊ុយ​ថតចម្លង​ឯកសារ​នៃ​សំណុំរឿង​ក្តី​នានា​នៅ​តាម​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ សម្រាប់​យក​មក​អនុវត្តន៍​តាម​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ដើម្បី​ធានា​នូវ​សេចក្តី​ថ្លៃថ្នូរ​នៃ​ស្ថាប័ន​តុលាការ​ ស្រប​តាម​នយោបាយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ ។

​លិខិត​សំណើ​របស់​គណៈមេធាវី​បែប​នេះ​ គឺ​ដោយសារ​មានការ​លើក​ឡើង​របស់​សហ​ភាតា​មេធាវី​ភាគច្រើន​ថា​ មានការ​លំបាក​ក្នុង​ការ​ស្នើ​សុំ​ថតចម្លង​ឯកសារ​នៃ​សំណុំរឿង​ ពីព្រោះ​ការ​ទាមទារ​តម្លៃ​ថតចម្លង​ពី​ក្រឡាបញ្ជី​កាន់​សំណុំរឿង​ថ្លៃ​ពេក​ ។​

​គណៈមេធាវី​បាន​លើក​ឡើង​នៅ​ក្នុង​លិខិតផ្លូវការ​របស់​ខ្លួន​ថា​ "​ការ​កំណត់​តម្លៃ​ថតចម្លង​ឯកសារ​នៃ​សំណុំរឿង​តាមតែ​ក្រឡាបញ្ជី​ដូច្នេះ​ បណ្តាល​ឲ្យ​កើត​មាននូវ​ទំនាស់​រវាង​មេធាវី​និង​ក្រឡាបញ្ជី​ និង​រវាង​ភាគី​និង​ក្រឡាបញ្ជី​ ។​ ម្យ៉ាងវិញទៀត​ ការ​ទាមទារ​នូវ​តម្លៃ​សោ​ហ៊ុន​នៃ​ការ​ថតចម្លង​ឯកសារ​សំណុំរឿង​ក្តី​ដែល​គ្មាន​តារាង​កំណត់​ជាក់លាក់​ អាច​នឹង​ត្រូវ​សាធារណជន​យល់​ថា​ ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ។​"​ ។​ ​

តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ថា​ មាន​ក្រឡាបញ្ជី​ខិលខូច​មួយ​ចំនួន​ពិតជា​បាន​ប្រើ​ល្បិច​កល​ទាមទារ​តម្លៃ​ថតចម្លង​ឯកសារ​ក្នុង​សំណុំរឿង​ក្តី​ពី​សំណាក់​មេធាវី​ថ្លៃ​ហួសហេតុ​មែន​ ហើយ​គ្មាន​ចេញ​ជា​បង្កាន់ដៃ​បង់ប្រាក់​ស្រប​តាម​ក្រម​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ "​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​"​ឡើយ​ ។​ រីឯ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ក៏​ដូច​គ្នា​នេះ​ដែរ​ ។​ ប្រសិនបើ​មិន​មានការ​បង់ប្រាក់​ច្រើន​ឲ្យ​ស្រប​តាម​មហិច្ឆតា​របស់​ក្រឡាបញ្ជី​ខិលខូច​មួយ​ចំនួន​នោះ​ទេ​ គឺ​ក្រឡាបញ្ជី​កំហូច​នោះ​យក​លេស​ដោះសា​ថា​ ជាប់រវល់​រហូត​ ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ក្នុង​រឿង​ក្តី​និង​មេធាវី​ខាតបង់​ពេលវេលា​ ព្រោះតែ​ការ​ស្នើ​សុំ​ថតចម្លង​ឯកសារ​ក្នុង​សំណុំរឿង​យក​មក​ពិនិត្យ​នេះ​ ៕​

1298_2013(1)-1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.