ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​តាម​ដង​ទន្លេមេគង្គ​និង​ដង​ទន្លេបាសាក់​ ​

រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ អាណត្តិ​ទី​៥​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​ តាម​ដង​ទន្លេមេគង្គ​និង​ដង​ទន្លេបាសាក់​ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី​ពី​រាជរដ្ឋាភិបាល​ ។​

សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ លេខ​៣៥​ សសរ​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ ដែល​តម្រូវ​ឲ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​តាម​ដង​ទន្លេមេគង្គ​ និង​ដង​ទន្លេបាសាក់​នោះ​ គឺ​មិនឃើញ​មាន​សំអាង​លើ​មូលហេតុ​អ្វី​ពិតប្រាកដ​ទេ​ ហើយ​ក៏​មិនឃើញ​មានការ​យោង​តាម​ការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នោះ​ដែរ​ គឺ​គ្រាន់តែ​បាន​បញ្ជាក់​ថា​ «​យោង​តាម​ការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​ »​ ប៉ុណ្ណោះ​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ខែធ្នូ​ ឆ្នាំ​២០០៧​ កន្លង​មក​ ក្រោយ​មានការ​បាក់​ច្រាំង​ទន្លេមេគង្គ​នៅ​តំបន់​កោះន​រា​យ៉ាង​ខ្លាំង​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០០៧​ នៅ​លើ​របាយការណ៍​ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០០៧​ របស់​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ សម្រេច​ឲ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន​ទាំងស្រុង​នូវ​រាល់​សកម្មភាព​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ។​

​តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទោះបីជា​មាន​គោលការណ៍​សម្រេច​របស់​រាជរដ្ឋាភិបាល​ផ្អាក​នូវ​រាល់​សកម្មភាព​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​គ្រប់​ប្រភេទ​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ក្រុមហ៊ុន​ធំៗ​គ្រាក់ៗ​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​សម្តេច​នាយក​រដ្ឋមន្ត្រី​ផង​ ស្និទ្ធ​នឹង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ផង​ ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​ដដែល​ ។​

​ក្រោយមក​ទៀត​ នា​អំឡុង​ឆ្នាំ​២០០៩​ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​លេខ​២៩​សសរ​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដូច​តទៅ​ ៖

១-​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ទឹកសាប​ ៖​ ខ្សាច់​ទឹកសាប​ដែល​មាននៅ​ក្នុង​ទន្លេ​ ស្ទឹង​ ព្រែក​ អូរ​ …​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​បាន​ក្នុង​ករណី​ ៖​ -​តែ​ការ​ធ្វើ​អាជីវកម្ម​នោះ​គឺ​ដើម្បី​បម្រើ​ដល់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ប៉ុណ្ណោះ​ ។​ -​អាច​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បាន​តែ​នៅ​កន្លែង​ណា​ដែល​បច្ចេកទេស​ពិនិត្យ​ទៅ​ឃើញ​ថា​មាន​ខ្សាច់​ដុះ​កកស្ទះ​ ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ទឹកតែ​ប៉ុណ្ណោះ​ ។​ -​បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​ ។​

២-​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សមុទ្រ​ ៖​ -​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ខ្សាច់​សមុទ្រ​ ទោះបីជា​ទីតាំង​នោះ​ឋិត​នៅ​ឆ្ងាយ​ពី​ឆ្នេរ​ ឬ​ពី​កោះ​ក៏​ដោយ​ ។​ -​អាច​អនុញ្ញាត​បាន​ចំពោះតែ​កន្លែង​ណា​ដែល​មាន​ខ្សាច់​ដុះ​គោក​រាក់​ និង​អាច​បំពេញ​វិញ​បានជា​លក្ខណៈ​ធម្មជាតិ​ តែ​តម្រូវ​ឲ្យ​មានការ​បំពេញ​លក្ខខណ្ឌ​បច្ចេកទេស​ជា​មុន​ ។​

​មជ្ឈដ្ឋាន​អ្នកជំនួញ​នៅ​កម្ពុជា​ បាន​និយាយ​ថា​ ការ​បិទ​និង​ការ​ផ្អាក​អាជីវកម្ម​ខ្សាច់​ម្តងៗ​ គឺ​មន្ត្រី​ពាក់ព័ន្ធ​ ជា​ពិសេស​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ដែល​មាន​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ ជា​ប្រធាន​នោះ​ តែង​ទទួល​បាន​លាភសក្ការៈ​ជា​បន្តបន្ទាប់​ ហើយ​ច្រើន​លើស​ដើម​ថែម​ទៀត​ ពីព្រោះ​ពេល​សុំ​ដំណើរការ​អាជីវកម្ម​វិញ​ ក្រុមហ៊ុន​ឬ​ឈ្មួញ​ត្រូវ​បង់លុយ​សា​ជា​ថ្មី​មួយ​វគ្គ​ទៀត​ និង​ច្រើន​ជាង​មុន​ ទើប​អាច​ឈរជើង​ជាប់​លើ​មុខរបរ​អាជីវកម្ម​ខ្សាច់​នេះ​ ៕​

KKK2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.