នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា បានចេញលិខិតចំហមួយស្តីពីការផ្តល់ប្រាក់កម្ចី និងការវិនិយោគជូនបណ្តាប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និងក្រុមហ៊ុនវិនិយោគ ដោយគណបក្សប្រកាសអំពីជំហររបស់ខ្លួនថា គណបក្សមិនទទួលស្គាល់ និងស្នើឲ្យមានការពិនិត្យសើរើឡើវិញនូវរាល់កិច្ចសន្យាផ្តល់ប្រាក់កម្ចី ការផ្តល់អាជ្ញាប័ណ្ណលើគម្រោងវិនិយោគ ការទិញ លក់ ការដោះដូរ និងការជួលអចលនទ្រព្យ ដែលជាសម្បត្តិឯកជនរបស់រដ្ឋរបស់ភាគីពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា «បង្កើតដោយរដ្ឋសភានីតិកាលទី៥» ដែលបានបើកសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងលិខិតចំហរបស់ខ្លួនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ មានភាពមិនប្រក្រតីយ៉ងធ្ងន់ធ្ងរ ហើយនៅមានភាពចម្រូងចម្រាសរវាងគណបក្សនយោបាយពីរ ដែលទទួលបានសំឡេងឆ្នោតប្រហាក់ប្រហែលគ្នា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជុំវិញលទ្ធផលនៃការបោះឆ្នោតនេះ។ ហេតុនេះហើយ ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល ដែលគណបក្សប្រជាជនកម្ពុជា បង្កើតដោយខ្លួនឯងមិនទាន់មានដំណោះស្រាយក្នុងការស៊ើបអង្កេត និងស្វែងរកការពិតនៃការបោះឆ្នោតនោះ គឺជារដ្ឋសភាឯកបក្ស និងជារាជរដ្ឋាភិបាលអធម្មនុញ្ញភាព ពោលគឺមិនស្របច្បាប់។ ដូច្នេះ ការសម្រេចចុះកិច្ចសន្យាផ្តល់ប្រាក់កម្ចី ការផ្តល់អាជ្ញាប័ណ្ណលើគម្រោងវិនិយោគ ការទិញលក់ ការដោះដូរ និងការជួលអចលនទ្រព្យ ដែលជាសម្បត្តិឯកជនរបស់រដ្ឋជាមួយនឹងរាជរដ្ឋាភិបាលនេះ គឺមិនស្របច្បាប់ឡើយ។
នៅក្នុងខ្លឹមសារចុងក្រោយនៃលិខិតចំហនេះ គណបក្សសង្គ្រោះជាតិបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និងក្រុមហ៊ុនវិនិយោគទាំងអស់ជ្រាបពីព័ត៌មាននេះ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ជាពិសេសមិនចូលរួមរំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមិនចូលរួមរំលោភលើឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ដែលនឹងអាចនាំឲ្យមានផលវិបាកជាអវិជ្ជមាននៅពេលអនាគត៕