ទោះបីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីដុះស្លែប្រកាសតាមក្បាលមេក្រូថា សម្តេចមិនលេង Facebook ក៏ដោយ ក៏មានអ្នកកាសែត និងអ្នកមាន Account Facebook មួយចំនួនសង្ស័យថា Page ដ៏ធំមួយក្នុងបណ្តាញសង្គម Facebook ដាក់រូបសម្តេចធ្វើជា Profile និងប្រើឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» នោះ គឺជា Page របស់ «សម្តេចតេជោ ហ៊ុន សែន»។
ក្រៅពីនិយាយតែចំណុចល្អៗផូរផង់របស់ «សម្តេចតេជោ ហ៊ុន សែន» ឥឡូវ Page ដ៏ធំនៅក្នុង Facebook នេះ បាន Post បង្កើតឲ្យមានវេទិកាមួយឈ្មោះថា «ខ្សឹបប្រាប់សម្តេច» ដោយរាបរាប់អំពីករណីជនខិលខូចមួយចំនួន «ប៉ុន្តែ មិនហ៊ានបញ្ចេញឈ្មោះ ជនខិលខូចដែលជាមន្ត្រី ឬជាឈ្មួញទាំងនោះទេ» បានយកតួនាទីដែល «សម្តេចតេជោ ហ៊ុន សែន» ប្រគល់ឲ្យទៅធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយ ប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋ ប្រើអំណាចខុសរបៀបរបបនាំឲ្យប៉ះពាល់ដល់កិត្តិយស «សម្តេចតេជោ ហ៊ុន សែន» ជាដើម… ។ល។
វេទិកាខ្សឹបប្រាប់សម្តេច ក្នុង Page នោះ បានលើកឡើងទៀតថា «ការបង្កើតឲ្យមានអង្គភាពសវនកម្មច្រើន គឺជាការដាក់បន្ទុកឲ្យមន្ទីរអង្គភាពនានា ពិបាករកកញ្ចប់ថវិកាទុកជូនក្រុមទាំងនោះតែប៉ុណ្ណោះ គឺមិនបានចុះត្រួតពិនិត្យចាប់កំហុស ដើម្បីកែប្រែបន្តិចឡើយ។ នៅប៉ុន្មនាឆ្នាំចុងក្រោយនេះ ក្រុមសវនកម្មចុះធ្វើការដូចជាការចុះមកយកលុយប៉ុណ្ណោះ ជាក់ស្តែងគឺ សវនកម្មផ្ទៃក្នុង ( ២.៥០០ដុល្លារអាមេរិក ទៅ ៣.០០០ ដុល្លារអាមេរិក ) សវនកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( ៣.០០០ ដុល្លារអាមេរិក ទៅ ៥.០០០ ដុល្លារអាមេរិក ) សវនកម្មឯករាជ្យ ( ៣.០០០ ដុល្លារអាមេរិក ទៅ ៥.០០០ ដុល្លារអាមេរិក) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ( ២.៥០០ ដុល្លារអាមេរិក ទៅ ៣.៥០០ ដុល្លារអាមេរិក )។ ម្យ៉ាងទៀត រដ្ឋមន្ត្រីមួយចំនួនធំពេលចុះបំពេញការងារតាមស្រុក ខេត្តចំណាយច្រើនខ្ជះខ្ជាយ ប្រើរថយន្តទំនើបច្រើនគ្រឿង ជំរិតថ្នាក់ក្រោមឲ្យចំណាយ នាំឲ្យថ្នាក់ក្រោមបន្តជំរិតកូនចៅ នាំកូនចៅជំរិតប្រជាជន ឈ្មួញតូចតាច។ ដូច្នេះធ្វើឲ្យប្រជាជន ឈ្មួញតូចតាចស្អប់ CPP ស្អប់ សម្តេច ។»។
មជ្ឈដ្ឋានអ្នកលេង Facebook បានលើកឡើងថា Page ដ៏ធំក្នុង Facebook នេះ បើទោះបី «សម្តេចតេជោ ហ៊ុន សែន» ប្រកែកថា មិនមែនជា Page របស់សម្តេចក៏ដោយ តែ Page នេះ ក៏អាចជារបស់មន្ត្រីជិតស្និទ្ធ និងគាំទ្រសម្តេចដែរ។ ទន្ទឹមនឹងនេះ គេឆ្ងល់ថា បើ Page ប្រើ Profile រូបសម្តេច និងឈ្មោះ សម្តេច ទៅហើយ តើចាំបាច់អ្វីបង្កើតវេទិកា ខ្សឹបប្រាប់សម្តេចទៀត ម្តេចមិនប្រាប់សម្តេចត្រង់ៗតែម្តងទៅ ឬក៏សម្តេច និងមន្ត្រីជំនិតរបស់សម្តេចប្រើវិធីសាស្ត្រដឹងរឿងរ៉ាវអសកម្មរបស់មន្ត្រីថ្នាក់ក្រោមអស់ហើយ តែធ្វើមិនដឹង ប្រុងចង់យករួចខ្លួនទម្លាក់កំហុសទៅលើមន្ត្រីកូនចៅក្រោមឱវាទ?
អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការបាត់បង់សំឡេងឆ្នោតគាំទ្រយ៉ាងច្រើននៅអាណត្តិទី៥នេះ អាចធ្វើឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស «សម្តេចតេជោ ហ៊ុន សែន» បាក់អំនួត និងភ្ញាក់រលឹកដឹងខ្លួនខ្លះៗដែរ ដែលចរិតនៃការដឹកនាំពោរពេញទៅដោយវប្បធម៌ «ទំយើ» និងវប្បធម៌ «សិល្បៈនៃការចែករំលែក» និងដែលមិនយកច្បាប់ជាធំនោះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង៕