យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យមួយលេខ នស/រកត/១០១៣/៩៥៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ត្រាស់បង្គាប់រំសាយឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ដែលមានសម្តេចនាយករដ្ឋមន្ត្រីជាប្រធាន និងក្រុមប្រឹក្សាកំណែទម្រង់ពាក់ព័ន្ធផ្សេងទៀតចំណុះឲ្យឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ។
ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីការបង្កើតក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលជាសហប្រធាន និងព្រះរាជក្រឹត្យលេខ នស/រកត/០៩០៤/២៨៤ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាចំណុះឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋផ្សេងទៀត ត្រូវទុកជានិរាករណ៍ ។
ស្មារតីនៃព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/៩៥៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ បានសម្រេចកែសម្រួលការងារកំណែទម្រង់មួយចំនួនដូចខាងក្រោម ៖
១-ការងារកំណែទម្រង់រដ្ឋបាល ដែលពីមុនមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រធាន ត្រូវបានដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ ។
២-ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលពីមុនមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និង ឯកឧត្តម ឌិត មុន្ទី ជាសហប្រធាន ត្រូវបានដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌ ។
៣-ការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ ត្រូវបានដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងការពារជាតិ ។
៤-ការងារគោលនយោបាយដីធ្លី ត្រូវបានដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ត្រូវបានផ្ទេរ និងធ្វើសមាហរណកម្ម ទៅក្នុងក្រសួងមុខងារសាធារណៈ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ត្រូវបានផ្ទេរ និងធ្វើសមាហរណកម្មទៅក្នុងក្រសួងយុត្តិធម៌ ។
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានចេញបទបញ្ជាមួយលេខ ០៤ បប ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ បញ្ជាឲ្យមានការអនុវត្តនូវព្រះរាជក្រឹត្យខាងលើឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ៕