ប្រភពព័ត៌មានបែកធ្លាយពីខេត្តកោះកុងបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោងប្រមាណ០៥ និង ៣០នាទីព្រឹកកន្លងមក ក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ «wildlife alliance» ប្រចាំប៉ុស្តិ៍ស្ទឹងព្រាត់ ខេត្តកោះកុង ដែលមានអ្នកស្រី ស៊ូ វណ្ណា ជាប្រធានចាប់ឃាត់បានទូកយន្តមួយគ្រឿងដឹកជញ្ជូនឈើតាត្រាវ និងឈើធ្នុងប្រមាណ៧,៧៦ម៉ែត្រគូប ហើយក៏បានយកទូកយន្តដឹកឈើនេះលក់ឲ្យទៅជនបរទេសម្នាក់នៅខេត្តព្រះសីហនុ ក្នុងតម្លៃ២.៧០០ដុល្លារអាមេរិក និងត្រូវបានម្ចាស់ទូកយន្តប្តឹងទៅតុលាការ។
ព័ត៌មានបានបង្ហើបឲ្យដឹងទៀតថា ក្រោយពេលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប៉ុស្តិ៍ស្ទឹងព្រាត់ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ចាប់បានទូកយន្តពីឈ្មួញដឹកឈើនោះរួចមក ម្ចាស់ទូកយន្តដែលមានឈ្មោះ ស៊ី ហៅតា ស៊ី បានដាក់ពាក្យបណ្តឹងទៅតុលាការ ហើយត្រូវបានតុលាការសម្រេចប្រគល់ទូកយន្តនេះឲ្យទៅម្ចាស់ដើមវិញ ជាហេតុធ្វើឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំប៉ុស្តិ៍ស្ទឹងព្រាត់ ភ័យខ្លួនយកលុយចំនួន៦.០០០ដុល្លារអាមេរិក ទៅបិទមាត់ម្ចាស់ទូកយន្ត ដើម្បីកុំឲ្យមានការប្តឹងបកត្រឡប់មកលើអង្គការវិញ។
ចាប់តាំងពីមានរឿងអាស្រូវនេះរួចមក ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង បានបរិហាររិះគន់ទៅលើអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំខេត្តកោះកុងថា «ជា ចោរប្លន់មុខស្រស់» យ៉ាងផុសផុលតៗគ្នា។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់ទទួលបាននូវការបំភ្លឺបញ្ជាក់អំពីនាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅឡើយទេ ទាក់ទងនឹងរឿងអាស្រូវរបស់អង្គការនេះ៕