ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា ការចុះផ្សាយតាមគេហទំព័រ ឬហៅថាព័ត៌មានអេឡិចត្រូនិកនូវព័ត៌មានប្រភេទកម្សាន្តជាអាទិ៍ ព័ត៌មានអំពីតារា និងសិចស៊ី «បញ្ចេញដើមទ្រូង ឬគល់សុដន់ ឬរូបភាពសិចលើគ្រែ ឬរូបភាពសិចខ្វះគ្រែ» និងព័ត៌មានសន្តិសុខសង្គម «គ្រោះថ្នាក់ចរាចរណ៍ ប្លន់ រំលោភ និងសម្លាប់» បានក្លាយជាព័ត៌មានដែលគេចូលចិត្តអានច្រើនជាងគេ ឬអាចនិយាយបានថា ជាប្រភេទព័ត៌មានជាប់លំដាប់ថ្នាក់លេខ១ នៅកម្ពុជា ខណៈដែលថ្នាក់ដឹកនាំប្រទេសមិនខ្ចីឈឺក្បាលអំពីរឿងរ៉ាវនេះទេ មានតែជួយផ្តល់ឱកាសពង្វក់បន្ថែម។
តាមការកត់សម្គាល់របស់គេហទំព័រសារព័ត៌មានដើមត្នោតបានបង្ហាញឲ្យឃើញថា ព័ត៌មានទាក់ទងទៅនឹងតារា គឺនាំមុខគេ ដែលមានប្រិយមិត្តចូលចិត្តអានច្រើនជាងគេ និងបន្ទាប់មកព័ត៌មានទាក់ទងនឹងសន្តិសុខសង្គម រីឯព័ត៌មានទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ព្រមទាំងអប់រំ ឋិតនៅលំដាប់មានអ្នកអានតិចតួចបំផុតឬសឹងតែគ្មាន។
មានគេហទំព័រមួយចំនួនបូករួមទាំងគេហទំព័រប្រភេទផ្សព្វផ្សាយព័ត៌មានបន្ត «Referal» ផង បានស្វែងយល់អំពីរឿងនេះយ៉ាងច្បាស់ហើយបានព្យាយាមចុះផ្សាយ និង Share នូវព័ត៌មានប្រភេទកម្សាន្ត និងសន្តិសុខសង្គម ដើម្បីទទួលបាននូវអ្នកចូលអានច្រើន ហើយទទួលបាននូវលំដាប់ថ្នាក់ល្អ សម្រាប់គេហទំព័ររបស់ខ្លួនក្នុងគេហទំព័របរទេសមួយឈ្មោះ alexa ហើយចុះផ្សាយជាព័ត៌មានកម្សាន្តដដែលៗទៀតផង ដូចជា តារាថតស្រាត ចិន ឈ្មោះ Can Lo Lo ជាដើម ដោយគេហទំព័រទាំងនោះចុះផ្សាយ ជាតារាសិចស៊ីរបស់ចិន។ រីឯព័ត៌មាននយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ជាពិសេសព័ត៌មានទាក់ទងនឹងវិស័យច្បាប់មិនសូវចាប់អារម្មណ៍ឡើយ ហើយបើចាប់អារម្មណ៍ក៏ឋិតនៅលំដាប់ថ្នាក់បន្ទាប់បន្សំដែរ។
មជ្ឈដ្ឋានអ្នកតាមដានស្ថានភាពសង្គមនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលមាន Account Facebook ដែលជាគេហទំព័រដ៏ពេញនិយមនៅកម្ពុជាបច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងបំផុត ឬលំដាប់ទីមួយគឺទៅលើព័ត៌មានប្រភេទកម្សាន្ត ទើបធ្វើឲ្យគេហទំព័របណ្តាញសង្គម Facebook ជាប់ចំណាត់ថ្នាក់លេខមួយនៅកម្ពុជា។ ទន្ទឹមនឹងនេះគេហទំព័រនៅកម្ពុជាបច្ចុប្បន្ន ដើម្បីទាក់ទាញ់អ្នកចូលអានច្រើន ឬដើម្បីបំពេញអារម្មណ៍អ្នកអានខំប្រឹងចុះផ្សាយអំពីព័ត៌មានកម្សាន្តរបៀបស្ត្រីសិចស៊ីជាដើមទោះបីជាតារាបរទេសក៏ដោយ ហើយគ្មានបញ្ជាក់អំពីកាលបរិច្ឆេទនៃហេតុការណ៍ជាក់លាក់ក៏ដោយ។
តាមពិតទៅមិនមែនជាកំហុសឆ្គងរបស់គេហទំព័រដែលបានចុះផ្សាយអំពីព័ត៌មានសិចស៊ីទាំងអស់នោះទេ គឺពួកគេគ្រាន់តែដើម្បីបំពេញបំណង និងអារម្មណ៍របស់អ្នកអានដែលចូលចិត្តព័ត៌មានប្រភេទកម្សាន្តនេះប៉ុណ្ណោះផង និងដើម្បីបង្អួតថា គេហទំព័ររបស់ខ្លួនមានអ្នកចូលអានច្រើនជាងគេផង ដូចពាក្យគេថា «មានអ្នកទិញទើបមានអ្នកលក់»។
ក្រុមអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ទាំងថ្នាក់ដឹកនាំប្រទេស ទាំងម្ចាស់គេហទំព័រជាអ្នកសារព័ត៌មាន ទាំងអ្នកអានដែលមាន Account Facebook ឬគ្មាន Account Facebook គួរតែងាកមកចាប់អារម្មណ៍ជាមួយនឹងការផ្សព្វផ្សាយនូវព័ត៌មានដែលផ្តល់នូវចំណេះដឹង ដែលមានប្រយោជន៍ដល់សង្គមផង ដូចជា ព័ត៌មាននយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និងសុខភាព… ។ល។ កុំគិតតែនាំគ្នាផ្តោអារម្មណ៍ភ្លូកទឹកភ្លូកដីទៅលើព័ត៌មានកម្សាន្តមួយជ្រុងច្រើនលើសលប់ខ្លាំងពេក ឬព័ត៌មានសន្តិសុខសង្គម ដែលឆ្លុះបញ្ចាំងអំពីរូបភាពអសីលធម៌សង្គម ដែលជាព័ត៌មានបង្វែរទិសឬពង្វក់មនុស្សឲ្យងប់ងល់ទៅនឹងភាពសប្បាយៗរហូតដល់ភ្លេចនូវដំណើរការឬរូបភាពពិតប្រាកដរបស់ប្រទេសជាតិខ្លួនឯង៕