ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

រឿង​ចៅក្រម​ដល់​អាយុ​ចូលនិវត្តន៍​តែ​មិន​ដាក់​ឲ្យ​ចូលនិវត្តន៍​ក្លាយជា​ប្រធានបទ​ក្តៅ​ក្នុង​ដំណើរការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​

កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​តាំងពី​អាណត្តិ​ទី​៣ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្នុង​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​បានចែង​យ៉ាងច្បាស់​ថា «​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​។​»​។​

​ក្រោយមក​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ព្រះមហាក្សត្រ​ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​មួយ​លេខ​នស​/​រកត​/០៩០៥/៤០៣ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០០៥ ដែល​ត្រាស់បង្គាប់​ថា «​មាត្រា​១៖ ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​ចៅក្រម និង​ព្រះរាជអាជ្ញា ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ ម​ត្រា​២៖ ចៅក្រម ឬ​ព្រះរាជអាជ្ញា​មួយចំនួន​អាច​នៅ​បន្តការងារ​តាម​ការចាំបាច់​។​»​។​

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ការចេញ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៥/៤០៣ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០០៥ នេះ មាន​ភាពមិនច្បាស់លាស់ និង​មិន​ដាច់​ណាត់ ដ្បិត​មាត្រា​១ ចែងថា ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​ចៅក្រម និង​ព្រះរាជអាជ្ញា ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ ប៉ុន្តែ មាត្រា​២ បែរជា​ចែងថា ចៅក្រម​ឬ​ព្រះរាជអាជ្ញា​មួយចំនួន​អាច​នៅ​បន្តការងារ​តាម​ការចាំបាច់​ទៅវិញ​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បានលើកឡើង​ទៀតថា ការចេញ​ព្រះរាជក្រឹត្យ ដែលមាន​ភាពមិនច្បាស់លាស់ និង​មិន​ដាច់​ណាត់​ដូច្នេះ អាច​នាំ​ឲ្យ​មាន​ផលវិបាក​ពីរ​យ៉ាង​គឺ​៖

១- ផ្ទុយទៅនឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​អនុម័ត​គាំទ្រ​ដោយ​រដ្ឋសភា​នីតិកាល​ទី​៣ និង​

២- បង្កើត​ឲ្យ​មាន​អំពើពុករលួយ បក្ខពួកនិយម និង​រើសអើង នៅក្នុង​ដំណើរការ​នៃ​ការដាក់​ចៅក្រម និង​ព្រះរាជអាជ្ញា ឲ្យ​ចូលនិវត្តន៍​។​

​មាន​ចៅក្រម និង​ព្រះរាជអាជ្ញា មិនតិចជាង​១០​នាក់​ឡើយ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​តុលាការ​កំពូល សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​-​ខេត្ត ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ «​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​» ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅទៀត ដោយ​ចៅក្រម​ខ្លះ​ត្រូវ​បានចេញ​ព្រះរាជក្រឹត្យ​អនុញ្ញាត​ពន្យា​ការចូលនិវត្តន៍​រហូត​ដល់​ទៅ​ពីរដង​ថែមទៀត​។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើកយក​ឈ្មោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍​តែ​មិន​ព្រម​ដាក់​ឲ្យ​ចូលនិវត្តន៍​ជា​តួអង្គ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖

១- ឯកឧត្តម ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល មាន​អាយុ​ពីរ​ខុសៗ​គ្នា «​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ដាក់​កើត​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៤៤ គឺមាន​អាយុ​ជិត​៦៩​ឆ្នាំ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​សច្ចាប្រណិធាន​ចូលធ្វើ​មេធាវី​ដាក់​កើត​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៤១ គឺមាន​អាយុ​ជិត​៧២​ឆ្នាំ​»​។ ក្នុង​ជីវភាព​គណបក្ស  ឯកឧត្តម ឌិ​ត មុន្ទី គឺមាន​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ឌិ​ត មុន្ទី ជា​ប្រធាន​តុលាការ​កំពូល​ផង ជា​ចៅក្រម​ជំនុំជម្រះ​ក្តី​ផង ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង និង​ជា​សហប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ផង​។​

២- ឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល មាន​អាយុ​៧៣​ឆ្នាំ «​កើត​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​១៩៤០ នៅ​ខេត្ត​ត្រា​វិញ ប្រទេស​វៀតណាម​»​។ ក្នុង​ជីវភាព​គណបក្ស ឯកឧត្តម ឃឹម ប៉ុណ្ណ គឺមាន​ឋានៈ​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​ក្របខ័ណ្ឌ​បំពេញ​មុខងារ​ជា​អនុប្រធាន​តុលាការ​កំពូល គឺ​ឯកឧត្តម ឃឹម ប៉ុណ្ណ «​ប៉ាវ​ដាច់​» ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​។

៣- ឯកឧត្តម ជួន ស៊ុន​ឡេង អនុប្រធាន​សាលាឧទ្ធរណ៍ មាន​អាយុ​៦៦​ឆ្នាំ «​កើត​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៤៧»​។ ឯកឧត្តម ជួន ស៊ុន​ឡេង ជា​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​។ ឯកឧត្តម ជួន ស៊ុន​ឡេង ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​បម្រើ​ការងារ​រហូតដល់​ទៅ​២​ដង គឺ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៧/០៧១ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៩៤ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ ។​

៤- ឯកឧត្តម ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ រយៈពេល​៨​ឆ្នាំ មាន​អាយុ​៦២​ឆ្នាំ «​កើត​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​១៩៥១»​។ ឯកឧត្តម ជីវ កេង ជា​ចៅក្រម​មួយរូប ដែលមាន​មុខងារ​ច្រើន​សំពីងសំពោង​រហូតដល់​ទៅ​ចំនួន​៨ មុខងារ និង​មានអំណាច​ដ៏​មហា​លើសលប់​នៅក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា «​សូម​ចូល​អាន​គេហទំព័​ត៌​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០១៣​បន្ថែម​»​។​

៥- លោក ថោង អុល ប្រធាន​សាលាដំបូង​ខេត្តពោធិ៍សាត់ មាន​អាយុ​៦៤​ឆ្នាំ «​កើត​ថ្ងៃទី​០៤ ខែកុម្ភៈ​ឆ្នាំ​១៩៤៩»​។ លោក​ចៅក្រម ថោង អុល ជា​សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តី​ខ្មែរក្រហម​។ លោក​ចៅក្រម​រូបនេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​រហូតដល់​ទៅ​២​ដង គឺ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/១២១ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០០៩ កំណត់​ឲ្យ​នៅ​បន្តការងារ​រយៈពេល​១​ឆ្នាំ និង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៩៤ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១​។

​អ្នកតាមដាន​ឃ្លាំមើល​ដំណើរការ​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​ស្ថាប័ន​តុលាការ​បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ លើកលែងតែ​អ្នក​ឬ​ក្រុម​បាន​ផលប្រយោជន៍​និង​ដង្ហែ​ផ្កាប់មុខ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ពុករលួយ អសមត្ថភាព និង​លម្អៀង ដែលជា​គោលការណ៍​នៃ​អំពើ​អគតិ​ទាំង​៤​។ ដូច្នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ មេធាវី ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​បុរស​ខ្លាំង​មហិមា​នៃ​កម្ពុជា​សូមមេត្តា​លៃលក​ដាក់​ចៅក្រម​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ឲ្យ​បាន​ចូលនិវត្តន៍​តាម​លំដាប់លំដោយ​ផង ដើម្បី​ពង្រឹង​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ​កម្ពុជា ដ្បិត​មាន​ចៅក្រម​អាយុ​ជាង​៧០​ឆ្នាំ​ខ្លះ​ធ្វើ​ការឡើង​វង្វេងវង្វាន់​នីតិវិធី​អស់​ទៅហើយ​៕​

cambodia-law

Khim-Pon2

ឯកឧត្តម ឃឹម ប៉ុណ្ណ

Chuon-Sunlengឯកឧត្តម ជួន ស៊ុនឡេង

Chiv-Keng04 ឯកឧត្តម ជីវ កេង

Thong-Ol0លោកចៅក្រម ថោង អុល

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.