ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មាន​អាយុ​២០​ឆ្នាំ​ហើយ តែ​មិនទាន់​មានច្បាប់​សម្រាប់​ដា​ក់​ទណ្ឌកម្ម​លើ​មន្ត្រី​ស្ថាប័ន​តុលា​ការដែល​ប្រព្រឹត្ត​ខុស​

​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មាន​អាយុ​២០​ឆ្នាំ​ហើយៗ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​១៣៥​ថ្មី​"​មាត្រា​១១៦​ចាស់​" ក៏​បានចែង​តម្រូវ​ឲ្យ​មានការ​បង្កើត​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​នៃ​ព្រះរាជអាជ្ញា ដែលជា​ច្បាប់​មួយ​ដ៏​សំខាន់​សម្រាប់​ចែង​អំពី​កម្រិត​ទោសទណ្ឌ​ដាក់​ទៅលើ​ចៅក្រម និង​ព្រះរាជអាជ្ញា​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ ក្នុងករណី​មានការ​ប្រព្រឹត្ត​ខុសឆ្គង​ពេល​បំពេញ​មុខងារ ។​

​ប៉ុន្តែ​ជាក់ស្តែង​អស់​រយៈពេល​២០​ឆ្នាំ​កន្លងទៅ ច្បាប់​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា ដែល​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មានអំណាច​ឯករាជ្យ​នេះ មិនទាន់បាន​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​នៅឡើយ ខណៈដែល​ស្ថាប័ន​តុលាការ​បច្ចុប្បន្នកំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាង​សម្បើម​ថា ពុករលួយ អសមត្ថភាព និង​បក្ខពួកនិយម ព្រមទាំង​លម្អៀង​ពី​សឹង​គ្រប់​មជ្ឈដ្ឋាន ។​

​មាត្រា​១៣៣​ថ្មី​"​មាត្រា​១១៤​ចាស់​" និង​មាត្រា​១៣៤​ថ្មី "​មាត្រា​១១៥​ចាស់​" នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា "…​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រេច​ដាក់វិន័យ​លើ​ចៅក្រម​ដែល​បាន​ប្រព្រឹត្ត​ខុស ។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​សេចក្តីស្នើ​ថ្វាយ​ព្រះមហាក្សត្រ​អំពី​ការតែងតាំង​ចៅក្រម និង​ព្រះរាជអាជ្ញា​អម​សាលាជម្រះក្តី​ទាំងអស់ ។ " ។​

​អនុលោម​តាមច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​០៩/​នស​/៩៤ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៩៤ គឺ​សមាសភាព​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ចំនួន​៩​អង្គ​-​រូប ដោយ​អង្គ​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន និង​ចៅក្រម​-​ព្រះរាជអាជ្ញា​ចំនួន​៣​រូប​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ចេញពី​ចៅក្រម​-​ព្រះរាជអាជ្ញា​ទូទាំងប្រទេស ហើយ​ការបោះឆ្នោត​ជ្រើសតាំង​ចៅក្រម​-​ព្រះរាជអាជ្ញា​ចំនួន​៣​រូបនេះ ប្រព្រឹត្តទៅបាន​នៅក្រោយពេល​មានច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ចូល​ជា​ធរមាន និង​បន្ទាប់ពី​មានការ​តែងតាំង​ចៅក្រម​-​ព្រះរាជអាជ្ញា​ឲ្យ​ចូលក្នុង​ក្របខ័ណ្ឌ​ចៅក្រម​រួច ។​

​ឥឡូវ ដោយសារ​មិនទាន់មាន​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​នោះ ទើប​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​៣​រូប ត្រូវ​ចាត់តាំងឡើង​ដើម្បី​បំពេញ​បង្គ្រប់​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដោយ​មិន​ឆ្លងកាត់​តាមរយៈ​ការបោះឆ្នោត​ជ្រើស​ចេញពី​ឆន្ទៈ​របស់​ចៅក្រម​-​ព្រះរាជអាជ្ញា​ទូទាំងប្រទេស​ឡើយ ។​

​តាម​ស្ថានភាព​ជាក់ស្តែង ដោយ​អង្គ​ព្រះមហាក្សត្រ​ទ្រង់​គ្រង​រាជសម្បត្តិ​តែ​មិន​កាន់អំណាច "​គ្មាន​អំណាច​" ប៉ុន្តែ​ទ្រង់​គង់​ជា​ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រធាន​តុលាការ​កំពូល អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ប្រធាន​សាលាឧទ្ធរណ៍ និង​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ដែលជា​សមាជិក ជា​មន្ត្រី​សំខាន់ៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សមាជិក​ចំនួន​៣​រូប​ទៀត​កើតចេញពី​ការចាត់តាំង​ថែមទៀត​នោះ គឺ​ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​សមាសភាព​មកពី​មន្ត្រី​ដង្ហែ​តាម​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​ទាំងអស់ ហើយ​ក្លាយជា​ស្ថាប័ន​របៀប "​ជា​អាជ្ញាកណ្តាល​ផង និង​ជា​កីឡាករ​ផង​" ដ្បិត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក៏​ជា​ចៅក្រម​-​ព្រះរាជអាជ្ញា​ចូលរួម​សម្រេច​ក្តី​នៅក្នុង​សំណុំរឿង​ដូច​ចៅក្រម​-​ព្រះរាជអាជ្ញា​ដទៃទៀត​ដែរ ។ មានន័យថា បើ​មានការ​សម្រេច​ក្តី​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ នាំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ ក៏​គ្មាន​នរណា​ល្ងង់ខ្លៅ​ដល់​ថ្នាក់​ដាក់ទោស​វិន័យ​ខ្លួនឯង​នោះទេ ។​

​សំណួរ​មួយ​ត្រូវបាន​ចោទសួរ​ថា អស់​រយៈពេល​២០​ឆ្នាំ​ហើយ តើ​ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មិនបង្កើត​ឲ្យ​មានច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែលជា​ច្បាប់​ដ៏​សំខាន់​សម្រាប់​ធ្វើជា​ម៉ែត្រ​វាស់​ដាក់ទោស​វិន័យ​ទៅលើ​មន្ត្រី​ស្ថាប័ន​តុលា​ការដែល​ប្រព្រឹត្ត​ខុសឆ្គង​ដូច្នេះ ? ចម្លើយ​គឺ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចេតនា​ព្យាយាម​ទប់ស្កាត់​ស្ថាប័ន​តុលាការ​មិន​ឲ្យ​មានអំណាច​ឯករាជ្យ បន្សុទ្ធកម្ម​កម្លាំង​គណ​បក្ស​នៅក្នុង​ជួរ​មន្ត្រី​ស្ថាប័ន​តុលាការ ដើម្បី​ងាយស្រួល​យក​អំណាច​ស្ថាប័ន​តុលាការ​សម្រាប់​ធ្វើជា​ខែល​ការពារ​អំណាច​គណបក្សនយោបាយ​របស់ខ្លួន ឬ​ទុក​ធ្វើជា​ឧបករណ៍​សម្រាប់​ចាត់​ការធ្វើ​ទុក្ខទោស​ទៅលើ​គណបក្សនយោបាយ​ដទៃ​ដែល​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា ។ ដូចនេះហើយ ទើប​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​មិនមាន​ជំនឿ​ទុកចិត្ត​ទាល់តែសោះ​ទៅលើ​ការសន្យា​កែទម្រង់​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធតុលាការ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ។​

​រួម​សេច​ក្កី​មក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​អំពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​កិច្ចការ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធតុលាការ និង​ប្រព័ន្ធយុត្តិធម៌​ប្រកបដោយ​ប្រសិទ្ធភាព​នោះ គួរតែ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​បុរស​ខ្លាំង​នៃ​កម្ពុជា ជំរុញ​ឲ្យ​មានច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ស្របតាម​ស្តង់ដារ​ត្រឹមត្រូវ កុំ​ឲ្យ​មានការ​អូសបន្លាយ​ពេល​វេលា​តទៅទៀត ៕​

909_n

790_n

 
Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.