ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ក្រុមហ៊ុន​អ្នកឧកញ៉ា​គិត​ម៉េ​ង​សម្ព័ន្ធភាព​នឹង​សាច់ញាតិ​អ្នកឧកញ៉ា​សុខ​គង់​និង​ក្រុមហ៊ុន​ចិន​ក្នុង​សកម្មភាព​កាប់​ឈើ​ទទួល​បានការ​អបអរសាទរ

​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នាយក​រដ្ឋមន្ត្រី​ចាស់​ បាន​សម្រេច​ផ្អាក​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ របស់​ក្រុមហ៊ុន​ Ang​ &​ Associates​ Lawyer​ Co.,​ Ltd.​ តាម​ស្មារតី​លិខិត​លេខ​១៦៧០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

ការណ៍​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ដូច្នេះ​ គឺ​បន្ទាប់​ពី​លេច​ចេញ​សកម្មភាព​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អនុវត្តន៍​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ និង​បន្ទាប់​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​លេខ​៦៦៩៨​ ក​សក​ ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៣​ រាយការណ៍​ និង​ផ្តល់​យោបល់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​ក៏​ត្រូវ​បាន​"​សម្តេច​តេ​ជោ​សែន​"​ ធ្វើ​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៣​ ក្នុង​គោលបំណង​ដើម្បី​ងាយស្រួល​ចាត់វិធានការ​លុប​បំបាត់​អំពើ​អនាធិបតេយ្យ​ព្រៃឈើ​ ដែល​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក៏​ដូច​ជា​ការ​អនុវត្ត​នីតិវិធី​ប្រមូល​ផល​ អនុ​ផល​ព្រៃឈើ​ឲ្យ​បាន​ត្រឹមត្រូវ​ ។​

​ក្រុមហ៊ុន​ Ang​ &​ Associates​ Lawyer​ Co.,​ Ltd.​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សាខា​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា​ ។​ លើស​ពី​នេះ​ ក្រុមហ៊ុន​ Ang​ &​ Associates​ Lawyer​ Co.,​ Ltd.​ ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​វិ​និ​យា​គ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ សុខ​ វ​ណ្ណា​ ត្រូវជា​ប្អូនប្រុស​របស់​អ្នកឧកញ៉ា​ សុខ​ គង់​ អគ្គនាយក​ក្រុមហ៊ុន​ SOKIMEX​ GROUP​ និង​ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ដ៏​មានសំណាង​លើ​ការ​កើប​លុយ​ប្រាក់​ចំណូល​ពី​សេវា​ទេសចរណ៍​ភ្ញៀវ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​ ដើម្បី​ឈូស​ឆាយដី​ក្នុង​តំបន់​អនុវត្តន៍​គម្រោង​វា​រី​អគ្គិសនី​ទំហំ​៣៦.០០០​ហិ​កតា​ មាន​តម្លៃ​វិនិយោគ​ស្មើនឹង​ទឹកប្រាក់​ចំនួន​ ៨១៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ​

ដោយឡែក​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​មួយ​"MoU"​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Hydrolancang​ International​ Energy​ សាខា​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Huaneng​ លើ​ការ​ផ្តល់​ហិរញ្ញវត្ថុ​រយៈពេល​២​ឆ្នាំ​ ក្នុង​គម្រោង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ។​

​ដូច្នេះ​ ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កាប់​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នៃ​ខេត្តស្ទឹងត្រែង​យ៉ាង​កក្រើក​នា​ពេល​កន្លង​មក​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​,​ ក្រុមហ៊ុន​សាច់ញាតិ​អ្នកឧកញ៉ា​ សុខ​ គង់​ និង​ក្រុមហ៊ុន​ចិន​ ដ្បិត​កាល​ណោះ​ព្រំប្រទល់​តំបន់​អាង​ស្តុក​ទឹក​នៃ​ទីតាំង​អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ មិន​ទាន់​បាន​កំណត់​ច្បាស់លាស់​នៅឡើយ​ ។​ ​

មជ្ឈដ្ឋាន​ទូទៅ​ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អនុវត្តន៍​គម្រោង​សាងសង់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នោះ​ បាន​សម្តែង​នូវ​ការ​គាំទ្រ​និង​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​សម្រេច​ផ្អាក​សកម្មភាព​កាប់​ព្រៃឈើ​របស់​ក្រុមហ៊ុន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុមហ៊ុន​សាច់ញាតិ​អ្នកឧកញ៉ា​ សុខ​ គង់​ និង​ក្រុមហ៊ុន​ចិន​ដ៏​មហិមា​នេះ​ ហើយ​មជ្ឈដ្ឋាន​ទាំងនោះ​ក៏​បាន​សំណូមពរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្តន៍​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ បើ​ពុំនោះ​ទេ​ អ្វីៗ​ដែល​ជា​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នឹង​កើនឡើង​លើស​ដើម​មិន​ខាន​ ៕​

Kit-MengWood

ចំនួនអ្នកអានអត្ថបទនេះ៖​ [pageviews] នាក់

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.