ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ទាហាន​ជប៉ុន​ជាង​៣​ម៉ឺន​នាក់​ត្រៀម​ធ្វើ​សមយុទ្ធ​នៅ​ខែវិច្ឆិកា ដើម្បី​បង្កើន​សមត្ថភាព​ធ្វើសង្គ្រាម​ក្នុងករណី​មានការ​វាយប្រហារ​

​រាជរដ្ឋាភិបាល​ជប៉ុន​បានប្រកាស​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​ថា ជប៉ុន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ដោយមាន​ការចូលរួម​ពី​កម្លាំង​ទាហានជើងអាកាស ទាហានជើងគោក និង​ទាហានជើងទឹក ចំនួន​៣៤.០០០​នាក់ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខ ដើម្បី​ការពារ​ដែនសមុទ្រ និង​ប្រជុំ​កោះ​កំពុងមាន​វិវាទ ។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ជប៉ុន​បាន​ឲ្យ​ដឹងថា សមយុទ្ធ​នឹងមាន​រយៈពេល​ជាង​២​សប្តាហ៍ ដោយ​ចាប់ផ្តើម ពីថ្ងៃ​ទី​០១ ដល់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​កម្លាំង​ទាហានជើងទឹក​វាយ​ឡើងលើ​គោក នឹង​សម្រុក​វាយ​ឡើងលើ​កោះ អូ​គី​ដាយ​ជី​ម៉ា មាន​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ពី​កោះ អូ​គី​ណា​វ៉ា ។ យន្តហោះ​ចម្បាំង​F2 និង​នាវាចម្បាំង នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់​ក្នុង​សមយុទ្ធ​នេះ ដោយ​ធ្វើ​ការបាញ់​គ្រាប់​ពិត​ទៅលើ​គោលដៅ​ដែល​បានគ្រោង​ទុក ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ជប៉ុន បានធ្វើការ​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ខែវិច្ឆិកា ខាងមុខនេះ ក្នុង​គោលដៅ​រក្សា​និង​បង្កើន​សមត្ថភាព​ធ្វើសង្គ្រាម​របស់​កម្លាំង​ទាហាន​ការពារ​ជប៉ុន ក្នុងករណី​មានការ​វាយប្រហារ​ជាយថាហេតុ​ណាមួយ ។​

​សូម​រម្លឹក​ជូន​ថា កាលពី​អំឡុង​ឆ្នាំ​២០១១ ជប៉ុន​ក៏​ធ្លាប់​បានធ្វើ​សមយុទ្ធ​យោធា​ជា​ទ្រង់ទ្រាយ​ធំ រួច​ម្តងមកហើយ ដោយមាន​កងកម្លាំង​ទាហាន​ចូលរួម​រហូតដល់​ទៅ​៣៥.០០០​នាក់ ប៉ុន្តែ​សមយុទ្ធ​យោធា​នាពេលនោះ​មិនមាន​សភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​ក្នុង​រឿង​អធិបតេយ្យភាព​និង​បូរណភាព​ដែន​កោះ​ឡើយ  ។​

​ទំនាក់ទំនង​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ប៉េកាំង​បាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តឹងតែង​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១២ បន្ទាប់ពី​ជប៉ុន បានប្រកាស​ដាក់បញ្ចូល​កោះ​មួយចំនួន​ឲ្យ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់រ​ដ្ឋ ជាហេតុ​ធ្វើ​ឲ្យ​ចិន​សម្តែង​នូវ​ការខឹង​សម្បា ដោយ​ចិន​តែង​បញ្ជូន​នាវាចម្បាំង នាវា​ល្បាត និង​យន្តហោះ​ចម្បាំង ប្រតិបត្តិ​ការចូល​ទៅកាន់​តំបន់​ដែន​កោះ​ដែលមាន​វិវាទ ។​

​ក្រោយ​ចូលកាន់​អំណាច​កាលពី​ចុងឆ្នាំ​២០១២ ភ្លាម ឯកឧត្តម Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន បានបង្ហាញ​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្តេជ្ញា​មិន​បន្ធូរបន្ថយ​ដាច់ខាត​ក្នុង​រឿង​វិវាទ​អធិបតេយ្យភាព​និង​បូរណភាព​ដែន​កោះ​នោះឡើយ ។​

​ជប៉ុន​មាន​វិវាទ​អធិបតេយ្យភាព​និង​បូរណភាព​ដែន​កោះ មិន​ត្រឹមតែ​ជាមួយ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ គឺជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ថែមទៀត​នៅ​ជុំវិញ​ប្រជុំ​កោះ ដែល​កូរ៉េ​ខាង​ត្បួ​ង​ហៅថា កោះ​ដុក​ដូ និង​ជប៉ុន​ហៅថា កោះ​តា​កេះ​ទី​ម៉ា ខណៈដែល​កោះ​នេះ​បច្ចុប្បន្ន ត្រូវបាន​កូរ៉េ​ខាង​ត្បួ​ង​កំពុង​គ្រប់គ្រង ។​

​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ជប៉ុន​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន បានសម្រេច​ចំណាយ​ថវិកា​រហូតដល់​ទៅ​៥២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​វិស័យ​យោធា​ឲ្យ​រឹតតែ​ទំនើប ។​

​ស្ថានភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​ចិន និង​ជប៉ុន​នៅ​តំបន់​អាស៊ី បាន​ជំរុញ​ឲ្យ​តំបន់​ទាំងមូល​ធ្លាក់​ទៅក្នុង​ដំណាក់កាល​នៃ​ការប្រកួតប្រជែង​រត់ប្រណាំង​សព្វាវុធ​យ៉ាង​ស្វិតស្វាញ ង​ហើយ​ដែល​ប្រទេស​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា ខ្លាច​មានការ​ផ្ទុះអាវុធ​នៅពេល​អនាគត​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​សមស្រប ៕​

1444871

js_072412_hdr

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.