ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

គ្មានអ្វី​ជា​បន្ទាល់​ទេ​ចំពោះ​ការសន្យា​កែទម្រង់​របស់​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា

​ក្រោយ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប » បានបង្ហាញ​អំពី​ភាព​ប្រកៀក​ប្រកិត នៃ​សន្លឹកឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន និង​ក្រោយ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សនយោបាយ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំងពីរ​នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ដោយ​ព្រមព្រៀងគ្នា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ​នោះ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​អំពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​មាន​ចំនួន​៥​ចំណុច លើ​ការងារ​កំណែទម្រង់ ការបោះឆ្នោត​នាពេលខាងមុខ ។​

​បន្តម​កទៀត រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​មួយ​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ ដោយ​លើកឡើង អំពី​កិច្ចការ​ចាំបាច់​មួយចំនួន​ក្នុងន័យ​កំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ​ដែលមាន​២​ចំណុច គឺ ៖

១- ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួងមហាផ្ទៃ​សម្របសម្រួល​រៀបចំ​សិក្ខាសាលា​ជាតិ​មួយ ដើម្បី​ប្រមែប្រមូល​មតិយោបល់ និង​អនុសាសន៍​នានា ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សំដៅ​កសាង​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ ។​

២- សិក្ខាសាលា​ជាតិ​នេះ​គ្រោង​នឹង​រៀបចំ​នៅមុន​ដំណាច់ឆ្នាំ​២០១៣ ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តំណាង​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី តំណាង គ​.​ជ​.​ប តំណាង​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​ហូរហែ​មកនេះ ហាក់​ចង់បង្ហាញ​ឲ្យ​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា និង​ប្តេជ្ញាចិត្ត​ធ្វើការ​កែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ «​មិនមែន​ពេលនេះ​ទេ​» ។ ប៉ុន្តែ​ការសន្យា និង​ការប្តេជ្ញាចិត្ត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះ ហាក់​មិនបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​៣​លាន​នាក់ មាន​ទំនុកចិត្ត​ឡើយ ដ្បិត​ពួកគេ​គិតថា មតិយោបល់​និង​អនុសាសន៍​នានា ដែល​បានផ្តល់​ទាក់ទង​នឹង​ការកែទម្រង់​នោះ អាច​គណបក្ស​ប្រជាជន​កម្ពុជា មិន​យកមក​ពិចារណា គឺ​បាន​ត្រឹម​ដាក់​ចោល​ក្បែរ​ជញ្ជាំង ឬ​ក្រោម​តុ​ប៉ុណ្ណោះ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា អនុលោម​តាម​មាត្រា​៧៧ និង​មាត្រា ៧៨ នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​មិនមាន​សិទ្ធិអំណាច​អ្វី​ដើម្បី​បង្ខិតបង្ខំ​ឲ្យ​អ្នកតំណាងរាស្ត្រ​ជា​សមាជិក​រដ្ឋសភា​មាន​អាណត្តិ​៥​ឆ្នាំ​នោះ  គោរព ឬ​អនុវត្តន៍​តាម​ពាក្យសន្យា​របស់ខ្លួន ទាំង​នៅមុន​ពេល ឬ​ទាំង​ក្រោយពេល​បោះឆ្នោត​ឡើយ ហើយ​បាន​ត្រឹម​ទុក​លទ្ធភាព និង​ពេលវេលា​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ពិចារណា​មុននឹង​ប្រគល់​សន្លឹកឆ្នោត​ជូន​នៅ​អាណត្តិ​ក្រោយ​ទៀត និង​រង់​ចាំមើល​អ្នកតំណាង​រាស្ត្រ​ទាំងនោះ ទទួលផល​តាម​ពាក្យសម្បថ​ដូច​មានចែង​ក្នុង​សច្ចាប្រណិធាន​មុន​ចូលកាន់​មុខតំណែង​ប៉ុណ្ណោះ ។​

​ដូច្នេះ គ្មានអ្វី​ជា​បន្ទាល់​ឲ្យ​បាន​ជាក់លាក់​ឡើយ ចំពោះ​ការសន្យា​កែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៕​

1373006_231227877039723

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.