ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ត្រួតពិនិត្យ​សន្លឹក​ឆ្នោត​គឺជា​”​ជីពចរ​ស្លាប់​”​របស់​គណបក្ស​ប្រជាជន​កម្ពុជា​?

​យោង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​២​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​ "​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​១២៣​អាសនៈ​"​ ។​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកែក​មិន​ព្រម​ទទួលយក​លទ្ធផល​ឆ្នោត​ដែល​ប្រកបដោយ​ គ​.​ជ​.​ប​ នេះ​ទេ​ ដោយ​បាន​ចោទប្រកាន់​ថា​ លទ្ធផល​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ ។​

​ក្រោយ​ គ​.​ជ​.​ប​ ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​នា​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៣​ភ្លាម​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ​ ដើម្បី​ស៊ើបអង្កេត​ និង​ធ្វើ​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ទំនុកចិត្ត​ទៅ​លើ​ គ​.​ជ​.​ប​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោះស្រាយ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​លម្អៀង​ទៅ​លើ​គណបក្សកាន់អំណាច​ឡើយ​ ។​ ​

សំណូមពរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នោះ​ មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​គ្រប់គ្រង​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ យក​មក​ពិចារណា​និង​ដោះស្រាយ​ទេ​ គឺ​គ​.​ជ​.​ប​ នៅ​តែ​មានៈ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​ស្ថាពរ​ នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដែល​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ដោះស្រាយ​លើ​រាល់​បណ្តឹងតវ៉ា​អំពី​លទ្ធផល​ឆ្នោត​រួច​មក​ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ធ្វើ​បាតុកម្ម​គំរាម​ក៏​ដោយ​ ។​ ​

បន្តបន្ទាប់​មក​ទៀត​ គណបក្ស​ប្រជាជន​កម្ពុជា​មានៈ​បើក​កិច្ចប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​ជា​លើក​ដំបូង​ និង​រៀបចំ​ក្បាលម៉ាស៊ីន​នៅ​ក្នុង​រដ្ឋសភា​ ព្រមទាំង​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ សុទ្ធតែ​សមាសភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ទាំង​រដ្ឋសភា​ ទាំង​រាជរដ្ឋាភិបាល​ ទោះបី​មិន​មានការ​ចូលរួម​ពី​សំណាក់​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រដ្ឋសភា​ចំនួន​៥៥​នាក់​ក៏​ដោយ​ ។​ ​

គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​បោះបង់​ចោល​ឡើយ​នូវ​ការ​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ក្នុង​ន័យ​អះអាង​ថា​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​បច្ចុប្បន្ន​នេះ​ ។​ ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សន្លឹក​បៀ​តែ​២​គត់​ ក្រៅពី​មិន​ចូលរួម​ក្នុង​រដ្ឋសភា​ ដើម្បី​ប្រឆាំង​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ ៖​ ១-​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​ និង​២-​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ទទួលស្គាល់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កើត​ចេញពី​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​សភាជាតិ​ ។​ ​

ការ​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​គណបក្សប្រឆាំង​លើក​ឡើង​តាម​របៀប​ដ៏​សម​ហេតុ​សម​ផល​ថា​ ដើម្បី​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ឈ្នះ​ដោយ​ថ្លៃថ្នូរ​ និង​គណបក្ស​ចាញ់ឆ្នោត​ចាញ់​ដោយ​អស់ចិត្ត​ ។​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ការ​រំលោភ​បំពាន​ច្បាប់​របស់​ប្រទេស​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ គឺជា​សមត្ថកិច្ច​របស់​ គ​.​ជ​.​ប​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ ។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ជា​ការ​ពិត​ហើយ​ ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចង់​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់បោះឆ្នោត​របស់​កម្ពុជា​ ប៉ុន្តែ​គេ​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ប្រសិនបើ​អ្នកនយោបាយ​ ជា​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឆន្ទៈ​ចង់​ធ្វើ​ និង​ម្យ៉ាង​ វា​ជា​គំរូ​ល្អ​ផង​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​លើក​ក្រោយៗ​ទៀត​ ដើម្បី​កុំ​ឲ្យ​អ្នក​ចាញ់ឆ្នោត​ចេះ​តែ​ឡាំប៉ា​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​គ្រប់​សម័យកាល​នៃ​ការ​បោះ​ឆ្នោត​ ។​ ​

អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​សម​ហេតុ​សម​ផល​តាម​កាល​ តាម​វេលា​ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ពីព្រោះ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​ ត្រួតពិនិត្យ​លើ​សន្លឹក​ឆ្នោត​ គឺ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ភាព​ថ្លៃថ្នូរ​ ប្រសិនបើ​គណបក្សកាន់អំណាច​មួយ​នេះ​ប្រាកដ​ក្នុង​ចិត្ត​ថា​ ខ្លួន​នឹង​ឈ្នះ​ឆ្នោត​ ខណៈ​ដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​ឈ្នះ​ឆ្នោត​ដោយសារ​ការ​លួច​ និង​ប្លន់​សន្លឹក​ឆ្នោត​របស់​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ និង​ម្យ៉ាងទៀត​ ក៏​ជា​យន្តការ​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ចាញ់ឆ្នោត​បាន​ចាញ់​ដោយ​អស់ចិត្ត​ដែរ​ ។​ ​

ក្រុម​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ភាព​កំសាក​ ឬ​ភាព​មិន​សឿង​បឿ​ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ទទួល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ ត្រួតពិនិត្យ​លើ​សន្លឹក​ឆ្នោត​នោះ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ៖​ ១-​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វែង​យល់​ដឹង​អំពី​ចំណុចខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ច្បាស់​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ និង​២-​ការ​ត្រួតពិនិត្យ​ ស៊ើបអង្កេត​លើ​សន្លឹក​ឆ្នោត​ដោយ​គណៈកម្មការ​ឯករាជ្យ​ គឺជា​"​ជីពចរ​ស្លាប់​"​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​លួច​បន្លំ​ និង​ប្លន់​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោតពិត  ​ប្រាកដ​មែន​ ៕​

DSC02188

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.