ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ប្រធាន​ស្ថាប័ន​តុលាការ​កំពូល​ សាលាឧទ្ធរណ៍​ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​ក្លាយជា​មេធាវី​

​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ ជា​ប្រធាន​សាលាឧទ្ធរណ៍​ ត្រូវ​បាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​ នា​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ មាន​អត្តលេខ​៨៤៦​ ខណៈ​ដែល​ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ ជា​អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ក៏​ត្រូវ​បាន​គណៈមេធាវី​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​នា​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ ចូល​ប្រ​វិជ្ជាជីវៈ​មេធាវី​ មាន​អត្តលេខ​៨៤៧​ផង​ដែរ​ ។​

ដោយឡែក​ ឯកឧត្តម​ ជីវ​ កេង​ ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គណៈមេធាវី​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​នា​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១២​ ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ មាន​អត្តលេខ​៨៤៨​ ។​ ​

ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​របស់​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​ ប្រធាន​សាលាឧទ្ធរណ៍​,​ ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ និង​ឯកឧត្តម​ ជីវ​ កេង​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ គឺ​បន្ទាប់​ពី​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​ប្រធាន​តុលាការ​កំពូល​ ក៏​ត្រូវ​បាន​គណៈមេធាវី​អនុញ្ញាត​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ មាន​អត្តលេខ​១២០​ ចាប់តាំងពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​ ។​ ​

ឯកឧត្តម​ ឌិ​ត​ មុន្ទី​,​ ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​,​ ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ និង​ឯកឧត្តម​ ជីវ​ កេង​ ដែល​បាន​មានឈ្មោះ​ក្លាយជា​មេធាវី​នោះ​ គឺ​មិន​មាន​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ទេ​ តែ​បាន​ចូល​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​តាម​មាត្រា​៣២​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​កម្មសិក្សា​ផង​ដែរ​ ។​

​អនុលោម​តាម​មាត្រា​៥៣​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ដែល​បាន​ចែង​ថា​ "​វិជ្ជាជីវៈ​មេធាវី​មាន​វិសមិតភាព​ជាមួយនឹង​មុខងារសាធារណៈ​ និង​ការ​ប្រកប​មុខរបរ​ពាណិជ្ជកម្ម​ ទោះ​ការ​ប្រកប​នោះ​ដោយ​ប្រយោល​ក្តី​ ឬ​ដោយ​ផ្ទាល់​ក្តី​ ។​ "​ គឺ​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ជា​មេធាវី​សុំ​នៅ​ក្រៅបញ្ជី​គណៈមេធាវី​ និង​ឯកឧត្តម​ យូ​ ប៊ុ​ន​ឡេ​ង​,​ ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ និង​ឯកឧត្តម​ ជីវ​ កេង​ ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ហើយ​ស្ម័គ្រ​នៅ​បន្ត​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​ជា​ប្រក្រតី​ ។​ ​

សរុបសេចក្តី​មក​ ប្រធាន​ស្ថាប័ន​តុលាការ​សំខាន់ៗ​ ទាំង​តុលាការ​កំពូល​ ទាំង​សាលាឧទ្ធរណ៍​ ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ជាប់​ឈ្មោះ​ជា​មេធាវី​គ្រប់ៗ​គ្នា​អស់ហើយៗ​ក៏​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នៅ​ក្នុង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​កំពូលៗ​មួយ​ចំនួន​ក៏​បាន​ជាប់​ឈ្មោះ​ជា​មេធាវី​ផង​ដែរ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.