ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ឯករាជ្យ​នៃ​អំណាច​ស្ថាប័ន​គឺជា​មូលដ្ឋាន​គ្រឹះ​លើ​ការ​កែទម្រង់​ប្រទេស​កម្ពុជា​ឲ្យ​មាន​យុត្តិធម៌​សង្គម​និង​នីតិរដ្ឋ​

​ផ្តើម​ចេញពី​អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ និង​អំពើ​រើសអើង​ បាន​ជំរុញ​ឲ្យ​សង្គម​កម្ពុ​ជានា​សម័យ​រាជាណាចក្រ​ទី​២​នេះ​រុំ​ព័ទ្ធ​ដោយ​អំពើ​អយុត្តិធម៌​យ៉ាង​ក្រាស់ឃ្មឹក​ ។

​ ​រាជរដ្ឋាភិបាល​ដែល​កាន់កាប់​អំណាច​ផ្តាច់មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ប្រាកដជា​បានដឹង​យ៉ាង​ច្បាស់​នូវ​រូបភាព​អសកម្ម​ទាំងនេះ​ ដែល​បាន​កើត​មាននៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដោះស្រាយ​ក្នុង​កម្រិត​តិចតួច​បំផុត​ ហើយ​ថែម​ទាំង​រុញ​ជ្រមុជ​អំពើ​អយុត្តិធម៌​សង្គម​ឲ្យ​ធ្លាក់​កាន់តែ​ជ្រៅ​ខ្លាំង​ឡើងៗ​ពិបាក​នឹង​ស្តារ​ទៀត​ផង​ ។​

​ស្ថាប័ន​ជាតិ​សឹងតែ​ទាំងអស់​បាន​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​លូកលាន់​ ជ្រៀតជ្រែក​ខាង​នយោបាយ​ និង​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ព្រមទាំង​អំពើ​រើសអើង​ជា​ប្រព័ន្ធ​ បើ​ទោះបី​ស្ថាប័ន​ជាតិ​កំពូលៗ​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មាន​អំណាច​ឯករាជ្យ​ដាច់​ពី​គ្នា​ក៏​ដោយ​ រួម​មាន​ជា​អាទិ៍​ ៖​ ស្ថាប័ន​អំណាចនីតិប្បញ្ញត្តិ​ (​ព្រឹទ្ធសភា​ រដ្ឋសភា​)​ ស្ថាប័ន​អំណាចនីតិប្រតិបត្តិ​(​រាជរដ្ឋាភិបាល​)​ និង​ស្ថាប័ន​អំណាចតុលាការ​ ជាដើម​ ។​ ​

ប្រព័ន្ធ​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ គឺ​ត្រូវ​បាន​កត់សំគាល់​ឃើញ​ថា​ មាន​ចេតនា​ធ្វើ​ឲ្យ​បាត់បង់​ឯករាជ្យ​ភាព​នៃ​អំណាច​ស្ថាប័ន​ជាតិ​ទាំងស្រុង​ និង​សូ​ម្បី​តែ​មន្ត្រី​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ក៏​ត្រូវ​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ដែរ​ ហើយ​ត្រូវ​ដង្ហែ​តាម​ការ​ជ្រៀតជ្រែក​ ការ​បង្គាប់បញ្ជា​ពី​ស្ថាប័ន​នយោបាយ​របស់​បក្ស​តែ​មួយ​ជា​ប្រព័ន្ធ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ថ្វី​ដ្បិត​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​តម្រូវ​ឲ្យ​ស្ថាប័ន​តុលាការ​មាន​អំណាច​ឯករាជ្យ​ក៏​ដោយ​ ក៏​តាម​ការ​ពិត​ជាក់ស្តែង​ ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​អាច​ធ្វើ​ឲ្យ​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​ស្ថាប័ន​តុលាការ​(​សាលដីកា​ សាលក្រម​ ដីកា​សម្រេច​)​ជាប់​គាំង​ត្រឹម​អំណាច​លិខិត​សេចក្តីជូនដំណឹង​(​ស​.​ជ​.​ណ​)​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចំនួន​១​សន្លឹក​ ។​ ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ ទាំង​កង​យោធពលខេមរភូមិន្ទ​ ទាំង​កង​នគរបាល​ជាតិ​មិន​ឯករាជ្យ​ ។​ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ឯករាជ្យ​ ។​ ស្ថាប័ន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ជា​ពិសេស​(​គ​.​ជ​.​ប​)​ក៏​មិន​មាន​លក្ខណៈ​ឯករាជ្យ​ពិតប្រាកដ​ ។​ល​។​ និង​ ។​ល​។​

​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដែល​លទ្ធផល​ទទួល​បាន​មាន​តែ​គណបក្ស​នយោបាយ​ចំនួន​២​ប៉ុណ្ណោះ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នោះ​ (​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៥៥​អាសនៈ​)​ គឺ​គណបក្ស​នយោបាយ​ទាំង​២​ហាក់​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើការ​កែទម្រង់​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​ស៊ីជម្រៅ​ ខណៈ​ដែល​ស្ថាប័ន​នីតិប្បញ្ញតិ​ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ ព្រមទាំង​ស្ថាប័ន​តុលាការ​ ត្រូវ​បាន​គ្រប់គ្រង​ កាន់កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទាំង​គណបក្ស​នយោបាយ​កាន់​អំណាច​ ទាំង​គណបក្ស​នយោបាយ​ប្រឆាំង​ បើ​ចង់​ធ្វើការ​កែទម្រង់​ប្រទេស​ជាតិ​ឲ្យ​មាន​យុត្តិធម៌​សង្គម​ ដែល​ជា​គ្រឹះ​នៃ​សន្តិភាព​ និង​នីតិរដ្ឋ​ពិតប្រាកដ​ គឺ​អ្នកនយោបាយ​ទាំងអស់​ត្រូវ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដាក់​ឲ្យ​មាន​ឯករាជ្យ​ភាព​នៃ​អំណាច​ស្ថាប័ន​ជាតិ​ ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​ ពីព្រោះ​ឯករាជ្យ​ភាព​នៃ​អំណាច​ស្ថាប័ន​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​កែទម្រង់​ប្រទេស​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​មាន​និរន្តរភាព​ ៕​

Hun-Sen-Sam-Raingsy

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.