ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

EDC​ ចាប់ផ្តើម​ដាច់​ចរន្ត​ញឹក​និង​យូរ​បន្ទាប់​ពី​មាន​រដ្ឋមន្ត្រី​ថ្មី​ ខណៈ​មេ​ EDC​ នៅ​តែ​ចាស់​ដដែល

​តំបន់​(Location)​ មួយ​ចំនួន​ដែល​ប្រើប្រាស់​ចរន្តអគ្គិសនី​របស់​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ (EDC)​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួល​រង​នូវ​ការ​ដាច់​ចរន្ត​ជា​ញឹកញាប់​និង​មាន​រយៈពេល​យូរ​ ក្នុង​រយៈពេល​ដើមខែ​តុលា​ ឆ្នាំ​២០១៣​នេះ​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ឲ្យ​ដឹង​ថា​ ឈាន​ចូល​មក​ដល់​ដើមខែ​តុលា​ ឆ្នាំ​២០១៣​នេះ​ តំបន់​ប្រើប្រាស់​ចរន្តអគ្គិសនី​លេខ​៣៧៨​ តែងតែ​ទទួល​រង​ការ​ដាច់​ចរន្ត​ជា​ញឹកញាប់​ និង​មាន​រយៈពេល​យូរ​ថែម​ទៀត​ ។​

ជាក់ស្តែង​នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​ កន្លង​មក​ អគ្គិសនី​ត្រូវ​បាន​ដាច់​ចរន្ត​រហូត​ដល់​ទៅ​ជិត​៤​ម៉ោង​ គឺ​ចាប់ពី​ម៉ោង​០១​និង​៣០​នាទី​ដល់​ម៉ោង​០៥​ព្រឹក​ ទើប​មាន​ចរន្ត​ឡើង​វិញ​ ។​ ​

អតិថិជន​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​បាន​រអ៊ូរ​រទាំ​ថា​ កាលពី​ពេល​មុន​ទៅ​ថា​ ខ្វះខាត​ចរន្តអគ្គិសនី​ផ្គត់ផ្គង់​មិន​គ្រប់​ និង​នៅ​ពេល​រដូវប្រាំង​វា​រី​អគ្គិសនី​ខ្វះ​ទឹក​ នាំ​ឲ្យ​ចរន្តអគ្គិសនី​តែងតែ​ដាច់​ជា​ញឹកញាប់​ ។​ ប៉ុន្តែ​ឥឡូវ​ក្រសួង​ធ្លាប់​បាន​ប្រកាស​ថា​ អគ្គិសនី​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ​លែង​ខ្វះខាត​ហើយៗ​ នៅ​ខែតុលា​ ឆ្នាំ​២០១៣​ នេះ​ជា​រដូវវស្សា​សម្បូណ៌​ទឹកភ្លៀង​ថែម​ទៀត​ ហេតុ​អ្វី​ក៏​ចរន្តអគ្គិសនី​នៅ​តែ​បន្ត​ប្រពៃណី​ដាច់​ញឹកញាប់​ដដែល​ទៅ​វិញ​ ឬ​ក៏​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ជាប់​ដូច​ផ្លូវថ្នល់​និង​លូ​ទឹក​នៅ​រាជធានី​ភ្នំពេញ​ដែរ​ ។​ ​

មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ឥឡូវ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ដែល​ជា​ក្រសួង​អាណាព្យាបាល​លើ​ EDC​ មាន​រដ្ឋមន្ត្រី​ថ្មី​ហើយ​នៅ​អាណត្តិ​ទី​៥​នេះ​ គឺ​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ និង​មាន​បុ​ព្ធ​សិទ្ធិ​ជា​ទេស​រដ្ឋមន្ត្រី​ទៀត​ផង​ ប៉ុន្តែ​មេ​ EDC​ នៅ​មុខ​ដដែល​ទេ​ គឺ​ឯកឧត្តម​ កែវ​ រតនៈ​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​ត្រូវជា​សែស្រឡាយ​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ចាស់​«​បច្ចុប្បន្ន​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តពោធិ៍សាត់​»​ រីឯ​ការ​ដាច់​ចរន្តអគ្គិសនី​ញឹកញាប់​ក្នុង​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ដូច្នេះ​ ទំនងជា​ឯកឧត្តម​ កែវ​ រតនៈ​ មេ​ EDC​ និង​ជា​សែស្រឡាយ​ឯកឧត្តម​រដ្ឋមន្ត្រី​ចាស់​ ចង់​សាកល្បង​តេស្ត​មើល​ប្រសិទ្ធភាព​ និង​សមត្ថភាព​គ្រប់គ្រង​ និង​ដឹកនាំ​របស់​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ជា​រដ្ឋមន្ត្រី​ថ្មី​ហើយ​មើលទៅ​ ។​ ​

យ៉ាងណា​ក៏​ដោយ​ ទោះ​រដ្ឋមន្ត្រី​ចាស់​ក្តី​ ទោះ​រដ្ឋមន្ត្រី​ថ្មី​ក្តី​ តែ​ក្រសួង​នៅ​ដដែល​ និង​ក្រុមហ៊ុន​ EDC​ ក៏​នៅ​ដដែល​ដែរ​ ដូចនេះ​សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ និង​ EDC​ មេត្តា​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​អតិថិជន​ជា​អ្នក​ប្រើប្រាស់​សេវា​របស់​ខ្លួន​ផង​ កុំ​ឲ្យ​ចេះ​តែ​ដាច់​ចរន្ត​ញឹកញាប់​ និង​យូរ​ស្រេច​នឹង​ចិត្ត​ក្រោម​ពាក្យស្លោក​«​អភិវឌ្ឍន៍​ជាប់​»​ ដូច​លូ​ទឹក​ និង​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ ។​ ​

ឯកឧត្តម​ កែវ​ រតនៈ​ អតីត​ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៤​ ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៨០៨/៩៨៧​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០០៨​ ។​ មេ​ EDC​ រូប​នេះ​ក៏​ធ្លាប់​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​លេខ​រៀង​ទី​២​ នៅ​មណ្ឌល​ខេត្តពោធិ៍សាត់​ បន្ទាប់​ពី​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ។​ ពោល​គឺ​ ឯកឧត្តម​ កែវ​ រតនៈ​ ត្រូវ​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មណ្ឌល​ខេត្តពោធិ៍សាត់​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៤​អាសនៈ​ ប៉​ន្តែ​ឯកឧត្តម​រូប​នេះ​មិន​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​ទេ​ គឺ​សុខចិត្ត​ធ្វើ​ជា​មេ​ EDC​ បន្ត​ទៀត​វិញ​ ព្រោះ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ ។​

​រីឯ​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ត្រូវ​បាន​តែងតាំង​ថ្មី​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ សម្រាប់​អាណត្តិ​ទី​៥​នេះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ ​

ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ថ្មី​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​លុប​បំបាត់​រូបភាព​អសកម្ម​នានា​នៅ​ក្នុង​ក្រសួង​ និង​ក្រោម​ឱវាទ​ក្រសួង​ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​សេវា​សាធារណៈ​ពី​ស្ថាប័នរដ្ឋ​ «​បិទទ្វារ​សម្អាតផ្ទះ​ជា​មុន​ ទើប​ទទួលភ្ញៀវ​ពី​ខាងក្រៅ​តាម​ក្រោយ​ »​ ៕​

Keo​-Ratanak

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.