ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

គណបក្សកាន់អំណាច​ថ្លែងការណ៍​បញ្ជាក់​សា​ជា​ថ្មី​ថា​ កំណែទម្រង់​ការ​បោះ​ឆ្នោត​ធ្វើ​នៅ​ពេល​ខាង​មុខ​គឺ​មិនមែន​ធ្វើ​នៅ​ពេល​នេះ​ទេ

​ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ យោង​តាម​ស្ថានការណ៍​ជាក់ស្តែង​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ និង​យោង​តាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​ស​ង្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ បាន​ប្រកាស​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ថា​ នឹង​ធ្វើការ​កែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដែល​មាន​ចំនួន​៥​ចំណុច​ ដូច​តទៅ​ ៖

១-​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ និង​នីតិវិធី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ជា​អាទិ៍​ ៖​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ បទបញ្ជា​ និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ ដើម្បី​ធានា​ដល់​ការ​កែ​លំអ​ឲ្យ​កាន់តែ​សុក្រឹត​ថែម​ទៀត​នូវ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ ។​

២-​ស្នើ​ឲ្យ​មាន​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​មួយ​ចំនួន​ថែម​ទៀត​ ដើម្បី​បន្ត​លើកកម្ពស់​សុចរិត​ភាព​ និង​តម្លាភាព​នៃ​ដំណើរការ​បោះ​ឆ្នោត​ ជា​អាទិ៍​ ៖​ ការ​ស្នើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ថវិកា​គណបក្ស​នយោបាយ​ ច្បាប់​នានា​ និង​លិខិត​បទដ្ឋាន​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ។​ល​។​

៣-​ក្នុង​ដំណើរការ​កំណែទម្រង់​ខាងលើ​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​គោលការណ៍​បើកចំហ​ និង​ទទួលយក​មក​សិក្សា​នូវ​អនុសាសន៍​នានា​ទាំង​ជាតិ​ ទាំង​អន្តរជាតិ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ ។​

៤-​យន្តការ​សម​ស្រប​មួយ​អាច​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​សិក្សា​ស្រាវជ្រាវ​បង្កើត​ឲ្យ​មាន​ក្របខ័ណ្ឌ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ។​

៥-​ក្របខ័ណ្ឌ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​នេះ​ ត្រូវធ្វើ​តាម​រយៈ​អង្គការនីតិប្រតិបត្តិ​ និង​នីតិប្បញត្តិ​ ។​ ​

ជាមួយ​គ្នា​នេះ​ដែរ​ គណបក្សកាន់អំណាច​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​បន្ត​គាំទ្រ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​នីតិរដ្ឋ​ រួមចំណែក​ដល់​បុព្វហេតុ​ផ្សះផ្សា​ បង្រួបបង្រួម​ជាតិ​ សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តទៅ​ទៀត​ ។​ ​

អនុលោម​តាម​ការ​ប្រកាស​របស់​គណបក្សកាន់អំណាច​ដូច្នេះ​ មាន​ន័យ​ថា​ កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​មាន​"​គ​.​ជ​.​ប​"​ដែរ​នោះ​ ត្រូវធ្វើ​នៅ​ពេល​ខាង​មុខ​ ឬ​អាច​និយាយ​បាន​ថា​ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ គឺ​មិនមែន​ធ្វើ​ដើម្បី​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដែល​បាន​បោះ​ឆ្នោត​រួច​ហើយ​នោះ​ទេ​ ។​ ​

សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​មាន​៣​ចំណុច​ ដែល​ខ្លឹមសារ​នៅ​ចំណុច​ទី​១​បាន​បញ្ជាក់​ថា​ "​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ "​ ៕​

CPP-15-10 CNRP-CPP

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.