ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

ព្រះតម្រិះ​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត កាល​ទ្រង់​នៅមាន​ព្រះជន្ម​ទាក់ទង​នឹង​ដំណើរការ​ស្ថាប័ន​តុលាការ​

​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣​នេះ គឺ​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរ​ណ​ភា​ពេ​ទឹកដី និង​ឯកភាព​ជាតិខ្មែរ និង​ជា​អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម​ជា​ម្លប់​របស់​កូនចៅ ចៅទួត​ព្រះអង្គ គឺ​ទ្រង់​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត​និង​ព្រះតម្រិះ ព្រមទាំង​អនុស្សាវរីយ៍​ជាច្រើន​ដែល​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​ជាតិ មាតុភូមិ​កម្ពុជា ដែល​ពេលនេះ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើកយក​ព្រះតម្រិះ​របស់​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ទាក់ទង​នឹង​ដំណើរការ​នៃ​ស្ថាប័ន​តុលាការ​កម្ពុជា ដូចខាងក្រោម ៖

១-​ទាក់ទង​នឹង​ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​
​អនុលោម​តាម​មាត្រា​១៣២​ថ្មី​(​មាត្រា​១១៣​ចាស់​) និង​មាត្រា​១៣៤​ថ្មី (​មាត្រា​១១៥​ចាស់​) នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​បង្កើត​ឲ្យ​មាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ជួយ​ព្រះមហាក្សត្រ​ក្នុង​ការធានា​ឯករាជ្យ​នៃ​អំណាចតុលាការ ធានា​វិន័យ​របស់​ចៅក្រម និង​ធានា​ការប្រព្រឹត្តទៅ​នៃ​សាលាជម្រះក្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ដំណើរការបាន​ល្អប្រសើរ ។​


​យោងតាម​មាត្រា​២​នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​០៩/​នស​/៩៤ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៩៤ គឺ​ព្រះមហាក្សត្រ​ត្រូវបានតែងតាំង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។​


​ប៉ុន្តែ មាត្រា​៧​កថាខណ្ឌ​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​ដដែល​នេះ និង​ជា​មាត្រា​ដែល​មិនអាច​កែប្រែបាន​ជាដាច់ខាត​នោះ (​មាត្រា​១៧​នៃ​រដ្ឋធម្មនុញ្ញ​) បាន​ចែងថា «​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។​»​។​


​ដោយ​យោងតាម​មាត្រា​៧​កថាខណ្ឌ​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ដូច្នេះ ទើប​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ធ្លាប់​បានចេញ​ព្រះរាជសារ​មួយ​ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ ដែល​ទ្រង់​បាន​មាន​ព្រះតម្រិះ​ថា «​គឺ​នៅ​ក្នុងន័យ​នេះហើយ​ដែល​ខ្ញុំ​ពុំ​អាច​ទទួល​ឋានៈ​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ទទួលខុសត្រូវ​ពី​ជោគជ័យ​ឬ​បរាជ័យ ចំណុចខ្សោយ ការខ្វះខាត ។​ល​និង ល​។ នៃ​អំណាចតុលាការ​នៅ​កម្ពុជា​។​»​។​


​ព្រះអង្គ​មាន​ព្រះតម្រិះ​ទៀតថា «​ខ្ញុំ​ស្នើ​សូម​កែសម្រួល​រដ្ឋធម្មនុញ្ញ​នៃ​យើង​ដែល​ចែង​អំពី​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។ ប្រធាន​នេះ គួរតែ​ប្រគល់ជូន​ឥស្សរជន​ជាន់ខ្ពស់​ខ្មែរ​ម្នាក់ ដែល​មិនមាន​ភារកិច្ច​នៅក្នុង​ព្រះបរមរាជវាំង​។​» ។​

២-​ទាក់ទង​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា ដែល​ត្រូវបាន​ឃាតក​ចំនួន​២​នាក់​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ នៅមុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា​នោះ សមត្ថកិច្ច​នគរបាល​ធ្លាប់បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ គឺ​ឈ្មោះ សុខ សំអឿន និង ឈ្មោះ ប៊​ន សំណាង យកមក​ឲ្យ​តុលាការ​ផ្តន្ទាទោស​ថា ជា​ឃាតក​សម្លាប់​លោក ជា វិជ្ជា ខណៈដែល​មជ្ឈដ្ឋាន​អ្នកតាមដាន​សំណុំរឿង​ឃាតកម្ម​នេះ​អត់​ជឿ​ទាល់តែសោះ​ថា បុរស​ពីរ​នាក់ ឈ្មោះ សុខ សំអឿន និង ឈ្មោះ ប៊​ន សំណាង ជា​ឃាតក​សម្លាប់​លោក ជា វិជ្ជា ។​

​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០០៥ សម្តេចឪ ស​ម្តេ​តា សម្តេច​តា​ទួត បានចេញ​ព្រះរាជសារ​មួយ​ជូន​មាតាបិតា លោក​សុខ សំអឿន និង លោក ប៊​ន សំណាង ដោយ​ទ្រង់មាន​ព្រះតម្រិះ​ថា «​ខ្ញុំ​សូម​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង ព្រមទាំង​មាតាបិតា នៃ​អ្នក​ទាំងពីរ​ជ្រាបថា លោក សុខ សំអឿន និង លោក ប៊​ន សំណាង មិនមែនជា​ឃាតក​ពិតប្រាកដ​ដែល​សម្លាប់​លោក ជា វិជ្ជា នោះទេ តែ​ខ្ញុំ​ពុំមាន​សិទ្ធិអំណាច​អ្វី​ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​អ្នក​ទាំងពីរ ។ ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ តុលាការ​នឹង​ទទួលស្គាល់​ការប្រព្រឹត្ត​ខុស​របស់ខ្លួន ហើយ​ដោះលែង​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង ឲ្យ​មាន​សេរីភាព​ឡើងវិញ ។​» ។​

​នៅ​ទីបំផុត​ដូច​ព្រះតម្រិះ​របស់​ព្រះអង្គ​មែន កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសាទុក្ខ​លើក​ទី​២ សម្រេច​ដោះលែង​លោក សុខ សំអឿន និង​លោក ប៊​ន សំណាង ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជា​សា្ថ​ពរ​ហើយ ។​

​កូនចៅ ទៅ​ទួត ទាំងអស់​សូម​លំឱនកាយ ឧទ្ទិស​បួងសួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះអង្គ​យាង​ចាប់បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

1391552_453113321464050_716315515_n

53_n

119_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.