ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សំណុំរឿង​ឃាតកម្ម​ប្តី​ចិត្ត​អប្រិយ​រួម​ដៃ​ជាមួយ​ស្រី​កំណាន់​សម្លាប់​ប្រពន្ធ​-​កូន​ខ្លួនឯង​យក​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​បំបែក​បាន​ហើយ​ តែ​រង់ចាំ​ការ​កាត់ក្តី​នៅ​តុលាការ​

​កាលពី​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បំបែកសំណុំរឿង​ឃាតកម្ម​ ដែល​ឃាតក​បាន​ប្រើ​កាំបិត​ដ៏​មុត​ស្រួច​ចាក់​ និង​អារ​.​ក​ទៅ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ​ គួ​ លី​ជូ​ អាយុ​៣៤​ឆ្នាំ​ មានកូន​ក្នុង​ផ្ទៃ​អាយុ​៣​ខែ​ និង​មានកូន​ប្រុស​អាយុ​១​ឆ្នាំ​២​ខែ​ក្នុង​បន្ទុក​ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ពូក​ក្នុងផ្ទះ​ជាន់​ទី​១​ ផ្លូវ​លេខ​៦៤៥​ ភូមិ​ដើម​មក្លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នា​រាត្រី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​នោះ​រួច​ហើយ​ ដោយ​ធ្វើការ​សន្និដ្ឋាន​ថា​ បុរស​ជា​ប្តី​ជន​រង​គ្រោះជា​អ្នក​រៀបចំ​គម្រោង​ផែនការ​ និង​ស្រី​កំណាន់ចិត្ត​វ័យក្មេង​របស់​បុរស​រូប​នេះ​ជា​អ្នក​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ ពោល​គឺ​ពួក​គេ​ជា​ឃាតក​ដ៏​ព្រៃផ្សៃ​ ។​

បុរស​ឈ្មោះ​ ស៊ឺ​ លូ​ហេង​ឡុ​ង​ អាយុ​៣២​ឆ្នាំ​ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ជា​កូនប្រុស​របស់​ថៅកែ​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ តុង​ និង​ត្រូវជា​ប្តី​ស្របច្បាប់​របស់​ជន​រង​គ្រោះ​ និង​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ​ ប្រាក់​ សុវណ្ណ​វ​លក្ខណ៍​ អាយុ​២៣​ឆ្នាំ​ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ត្រូវជា​ស្រី​កំណាន់ចិត្ត​របស់​បុរស​ឈ្មោះ​ ស៊ឺ​ លូ​ហេង​ឡុ​ង​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​ និង​បាន​បង្ហាញ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជា​សាធារណៈ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​បាន​សាកសួរ​និង​អង្កេត​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​រួច​មក​ ។​ លើស​ពី​នេះ​ សមត្ថកិច្ច​នគរបាល​ក៏​បាន​បញ្ជូន​ខ្លួន​និង​សំណុំរឿង​របស់​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ស្ថាប័ន​តុលាការ​ឲ្យ​បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​ ​

របាយការណ៍​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​អង្កេត​ស្រាវជ្រាវ​ទៅ​លើ​អត្តសញ្ញាណ​របស់​បុរស​ជា​ប្តី​ដែល​ជា​មនុស្ស​ខាងក្នុង​ ស្រាវជ្រាវ​ទៅ​លើ​ក្រុម​កម្មករ​សំណង់​ជួសជុលផ្ទះ​ជន​រង​គ្រោះ​ និង​ស្រាវជ្រាវ​ទៅ​លើ​ស្ត្រី​ជា​អ្នកបម្រើ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ ព្រមទាំង​វត្ថុ​តាង​នានា​រួច​មក​ នាំ​ឲ្យ​សមត្ថកិច្ច​អាច​វាយតម្លៃ​បាន​ថា​ សំណុំរឿង​នេះ​គឺជា​ឃាតកម្ម​គិត​ទុកជា​មុន​ ដែល​ផ្តើម​ចេញពី​បុរស​ជា​ប្តី​របស់​ជន​រង​គ្រោះ​តែ​ម្តង​ ។​

​ដំណើរ​នៃ​សាច់​រឿង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​សមត្ថកិច្ច​ ឲ្យ​ដឹង​ថា​ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ជន​រង​គ្រោះ​ និង​តាម​ចម្លើយ​សារភាព​របស់​បុរស​ជា​ជនសង្ស័យ​នេះ​រួច​មក​ សមត្ថកិច្ច​ក៏​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ស្រី​កំណាន់​របស់​បុរស​នេះ​ ខណៈ​ពេល​ស្ត្រី​រូប​នោះ​កំពុង​ចាក់​សាំង​រថយន្ត​នៅ​ម្តុំ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ នា​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​បុរស​ជា​ប្តី​ជន​រង​គ្រោះ​និង​ស្រី​កំណាន់ចិត្ត​របស់​ខ្លួន​ឈ្មោះ​ ប្រាក់​ សុវណ្ណ​វ​លក្ខណ៍​ មានការ​ទំនាក់ទំនង​គ្នា​តាំងពី​ចុងឆ្នាំ​២០០៩​មក​ម្ល៉េះ​ រហូត​បាន​ផ្តល់​លុយកាក់​បើកហាង​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​មួយទៀត​ផង​ តែ​បរាជ័យ​ក៏​បិទ​ហាង​វិញ​ទៅ​ ។​ ក្រោយមក​ បុរស​ជា​ជនសង្ស័យ​បាន​បបួល​ស្រី​កំណាន់ចិត្ត​របស់​ខ្លួន​ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​ និង​ក៏​ចេះ​តែ​បន្ត​ទំនាក់ទំនង​រួមមេត្រី​ជាមួយ​គ្នា​រហូត​មក​ ។​ បន្ត​មក​ទៀត​ បុរស​ជា​ជនសង្ស័យ​និង​ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ​ បានដឹង​ព័ត៌មាន​ថា​ ស្រី​កំណាន់ចិត្ត​របស់​ខ្លួន​បាន​ភ្ជាប់ពាក្យ​ជា​បុរស​ម្នាក់​ផ្សេង​ទៀត​ និង​គ្រោង​រៀប​ការ​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៣​ខាង​មុខ​ ទើប​បុរស​ជា​ជនសង្ស័យ​បែកគំនិត​ផ្តល់​មធ្យោបាយ​ និង​រៀបចំ​ផែនការ​ឲ្យ​ស្រី​កំណាន់​របស់​ខ្លួន​សម្លាប់​ប្រពន្ធ​ស្របច្បាប់​របស់​ខ្លួនឯង​តែ​ម្តង​ទៅ​ ខណៈ​ពេល​មានឱកាស​អំណោយផល​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​នោះ​ ក្នុង​គោលបំណង​បាន​បន្ត​រួម​ស្នេហ៍​ជាមួយ​ស្រី​កំណាន់​តាម​មហិច្ឆតា​របស់​ខ្លួន​ ។​

​ដោយ​ឈាម​ស្រែក​ស្បែក​ហៅ​ ទើប​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​និង​ស្រី​ដៃ​ឆើត​ត្រូវជា​សង្សារ​នឹង​គ្នា​នេះ​ ត្រូវ​ប៉ូលិស​ក្របួច​បាន​ រួម​ទាំង​ព័ស្តុតាង​ទ្រព្យសម្បត្តិ​នានា​ក្នុងផ្ទះ​ជន​រង​គ្រោះ​ដែល​បាត់បង់​ធ្លាក់​ក្នុង​ដៃ​ស្រី​ឃាតក​វ័យក្មេង​ ដូច​ជា​ លុយកាក់​ គ្រឿងអលង្ការ​ផ្សេងៗ​ ព្រមទាំង​ម៉ូតូ​ប្រមូល​យក​មក​វិញ​បាន​ទាំងអស់​ និង​ឲ្យ​ជាប់​ខ្នោះដៃ​អាល័យ​ស្នេហ៍​ទាំង​២​នាក់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​ ។​ ​

ទោះជា​យ៉ាងណា​ក៏​ដោយ​ ទាំងនេះ​គឺជា​ការ​បំបែកសំណុំរឿង​ឃាតកម្ម​ដោយ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ​ រីឯ​ការ​ស៊ើបអង្កេត​និង​ការ​កាត់ក្តី​យ៉ាងណាៗ​ទៀត​នោះ​ ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​ ។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ យោង​តាម​របាយការណ៍​សំយោគ​របស់​សមត្ថកិច្ច​នគរបាល​ និង​វត្ថុ​តាង​នានា​ដែល​ប្រមូល​បាន​ គឺ​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សាហា​យ​ស្មន់នឹងគ្នា​ និង​មានចិត្ត​អប្រិយ​នោះ​ អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​ តាម​បញ្ញត្តិ​មាត្រា​២០២​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​សឹង​មិន​គួរ​ឲ្យ​ជឿ​នេះ​ បាន​បន្សល់​ទុក​នូវ​កូនប្រុស​អាយុ​១​ឆ្នាំ​២​ខែ​កំព្រាម្តាយ​ និង​មាន​ឪពុក​ចិត្ត​អប្រិយ​ជាប់គុក​ច្រវាក់​ព្រោះតែ​ងប់​ង​ល់​នឹង​ស្រី​ស្នេហ៍​ធំ​ជាង​តម្លៃ​របស់​ភរិយា​ខ្លួនឯង​ ដែល​នៅ​ពេល​រៀប​ការ​សុទ្ធតែ​សច្ចា​ថា​ ធ្វើ​ជា​គូស្នេហ៍​អមតៈ​ ប៉ុន្តែ​អ្វីៗ​វា​ខុស​ពី​ការ​សច្ចា​ទាំងអស់​ ៕​ Henglong-3Henglong Henglong01-(2)Henglong01-(5)19

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.