ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

Page​ ដាក់​ឈ្មោះ​ និង​Profile​បុរស​ខ្លាំង​ទទួលស្គាល់​ Facebook​ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​រិះគន់​ប្រកបដោយ​សីលធម៌​និង​សេចក្តី​ថ្លៃថ្នូរ​

Page​ មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដែល​ប្រើ​ឈ្មោះ​និង​ដាក់​ Profile​ រូបថត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​មាន​អ្នក​ Like​ Page​ ចំនួន​117K​ "​ជាង​១១​ម៉ឺន​នាក់​"​នោះ​ បាន​ Post​ អត្ថបទ​មួយ​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ក្នុង​ន័យ​ទទួល​ស្គាក់​គេហទំព័រ​ Facebook​ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​រិះគន់​ទាំងឡាយ​ប្រកបដោយ​សីលធម៌​ និង​សេចក្តី​ថ្លៃថ្នូរ​ ។​

អត្ថបទ​ដែល​បាន​ Post​ នោះ​បាន​លើក​ឡើង​ដូច​ខាងក្រោម​ ៖

"​ឆ្លង​តាម​គេហទំព័រ​ Facebook​ នេះ​ យើង​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ព្រះសង្ឃ​ សិស្ស​ និស្សិត​ យុវជន​ និង​យុវតី​ គឺ​មានឱកាស​បាន​បញ្ចេញមតិ​គ្រប់ៗ​គ្នា​ ។​ ​ទន្ទឹម​នេះ​ យើង​សង្កេត​ឃើញ​មាន​មតិ​ និង​សារ​គាំទ្រ​ មតិ​រិះគន់​កែ​លំអ​ស្ថាបនា​ និង​មាន​មួយ​ចំនួន​ទៀត​ គឺ​ប្រមាថ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ គ្មាន​សីលធម៌​ បង្កប់​ទៅ​ដោយ​អំពើ​ញុះញង់​ លាប​ពណ៌​ក្នុង​បំណង​បំបែកបំបាក់​ឲ្យ​ខ្មែរ​យើង​មាន​បញ្ហា​ ។​ ​

យុវជន​ និង​បុគ្គល​មួយ​ចំនួន​ដែល​គាំទ្រ​គណបក្សប្រឆាំង​ សូម​ប្រើប្រាស់​ពាក្យ​សម្តី​ឲ្យ​មាន​ប្រយោជន៍​ដល់​ការ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ពោល​គឺ​ រិះគន់​ប្រកបដោយ​សីលធម៌​ និង​សេចក្តី​ថ្លៃថ្នូរ​ សមជា​កុលបុត្រ​ កុ​ល​ធិ​តា​ខ្មែរ​ ។​ ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិភាព​មក​ទល់​ពេល​នេះ​ គឺ​ពិបាក​ណាស់​ ។​ ​

យុវជន​ដែល​មាន​អនាគត​សមជា​ទំពាំង​ស្នង​ឫស្សី​ គឺ​ត្រូវ​មានចំណេះ​ដឹង​ជ្រៅជ្រះ​ និង​សីលធម៌​ថ្លៃថ្នូរ​ ចេះ​អប់រំ​ស្រាវជ្រាវ​ និង​ចេះ​ជួយ​ខ្លួនឯង​ ព្រមទាំង​មាន​ផែនការ​អនាគត​សម្រាប់​ជីវិត​ច្បាស់លាស់​ ។​ ការ​យក​ពេលវេលា​មក​បំពុល​ និង​បំផ្លាញ​សង្គម​តាម​រយៈ​ Facebook​ គឺ​កំពុង​បំផ្លាញ​អនាគត​ខ្លួនឯង​ពិតប្រាកដ​មុនគេ​ ។​ កុំ​បន្ទោស​អ្នក​ដទៃ​ថា​ មិន​យកចិត្តទុកដាក់​ បើ​ខ្លួន​យើង​ជា​អ្នក​បំផ្លាញ​ខ្លួនឯង​ ។​ "​ ។​

​មតិ​ដែល​បាន​លើក​ឡើង​សំដៅ​ដល់​ការ​យកចិត្តទុកដាក់​លើ​គុណភាព​អប់រំ​ និង​អនាគត​យុវជន​ យុវតី​ខ្មែរ​ នៅ​ក្នុង​អត្ថបទ​ខាងលើ​នេះ​ បើ​គិត​តាម​ទ្រឹស្តី​ គឺជា​ការ​ល្អ​ណាស់​ ។​ ប៉ុន្តែ​អ្វី​ដែល​ប្រាសចាក​ពី​ការ​ពិត​ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​មិន​បាន​ទទួល​នូវ​ព័ត៌មាន​ពិត​ជាក់ស្តែង​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ខ្មែរ​បច្ចុប្បន្ន​ឡើយ​ ជា​ពិសេស​បញ្ហា​ប្រឈម​នានា​ដែល​យុវជន​ យុវតី​ខ្មែរ​ជួប​ប្រទះ​ ។​ ​

រូបភាព​ជាក់ស្តែង​បាន​បង្ហាញ​ថា​ យុវជន​ យុវតី​ខ្មែរ​សព្វថ្ងៃ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ គឺ​កំពុង​ទទួល​បាន​នូវ​សេវា​អប់រំ​ដែល​មានគុណ​ភាព​ខ្សោយ​ ព្រោះតែ​អំពើ​ពុក​រលួយ​ ការ​រើសអើង​ បក្ខពួក​និយម​ និង​អយុត្តិធម៌​សង្គម​យ៉ាង​ពេញបន្ទុក​ ។​ យុវជន​ យុវតី​ដែល​មានឱកាស​និង​មានសំណាង​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​អប់រំ​ល្អ​ និង​ទីផ្សារ​ការងារ​ល្អ​ គឺ​ភាគច្រើន​ជា​កូនចៅ​ សែស្រឡាយ​អ្នកមាន​ទ្រព្យសម្បត្តិ​ អ្នកមាន​អំណាច​បុណ្យស័ក្តិ​ ឋិត​នៅ​ក្នុង​ជួរ​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​របស់​ "​សម្តេច​តេ​ជោ​សែន​"​ជា​បុរស​ខ្លាំង​ទាំងស្រុង​ ។​

​សំណួរ​ដែល​ត្រូវ​ចោទសួរ​ជា​អាទិភាព​បំផុត​នោះ​ នៅ​ត្រង់​ថា​ តើ​មតិ​រិះគន់​ស្ថាបនា​ទាំងឡាយ​ នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ នោះ​ បុរស​ខ្លាំង​អាច​ទទួល​បាន​ដោយ​ផ្ទាល់​ដែរ​ឬទេ​ និង​បាន​យក​មក​ពិចារណា​ទុកជា​គតិ​ដើម្បី​ឈាន​ទៅ​ធ្វើការ​កែ​លំអ​   ដែរ​ឬ​យ៉ាងណា​ ?​ ៕​

Hun-Sen1 Hun-Sen-14-10

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.