ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

លោក​ព្រះរាជអាជ្ញារង​មាស ច័ន្ទ​ពិសិដ្ឋ និង​ឯកឧត្តម សុន ឆ័យ តឹងសរសៃកដាក់គ្នា ​ក្នុង​រឿង​កាំភ្លើង​របស់​អ្នកកាសែត ​

ករណី​ប្រគល់​-​ទទួល​កាំភ្លើងខ្លី​មួយ​ដើម​របស់​បុរស​ឈ្មោះ​ប៉ឹង ជឿន ជា​អ្នកកាសែត​ផង​និង​ជា​អ្នកតំណាង​ផ្នែក​លក់​ឲ្យ​ក្រុមហ៊ុន មង្គល​រិ​ទ្ធិ អ៊ឹម​ផត​&​អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី ផង​ដែល​ង្ហា​ញ​វត្ត​មាននៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ត្រូវបាន​គេ​វាយ​ឡើង​ទ្រោម​ខ្លួន​នា​ថ្ងៃ​ម្សិលមិញ​នោះ បាន​នាំ​ឲ្យ​មានការ​តឹងសរសៃក​ដាក់គ្នា​រវាង​លោក មាស ច័ន្ទ​ពិសិដ្ឋ ជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ឯកឧត្តម សុន ឆ័យ អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ​

បន្ទាប់ពី​បាន​ដកហូត​កាំភ្លើងខ្លី​មួយ​ដើមពី​បុរស​ឈ្មោះ ប៉ឹង ជឿន រួចមក ឯកឧត្តម សុន ឆ័យ អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមការងារ​បានសម្រេច​យក​កាំភ្លើង​នោះ​ប្រគល់​ឲ្យ​ទៅ​លោក​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  ដែលមាន​លោក មាស ច័ន្ទ​ពិសិដ្ឋ ជា​ព្រះរាជអាជ្ញារង ដើម្បី​បន្ត​ចាត់ការ​តាមច្បាប់ ។ ប៉ុន្តែ​នៅ​ដំណាក់កាល​ដំបូង ត្រូវបាន​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ ធ្វើការ​បដិសេធ ក៏បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ពាក្យសម្តី​រហូតដល់​តឹងសរសៃក​ដាក់គ្នា​មួយឈុត​ជាមួយ​ឯកឧត្តម សុន ឆ័យ ។​

នៅ​ទីបំផុត កម្តៅ​នៃ​ការ​តឹងសរសៃក​ដាក់គ្នា​នោះ បាន​ថមថយ​ចុះមក​វិញ ត្រឹម​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ យល់ព្រម​អះអាងថា នឹង​បើក​កិច្ច​ស៊ើបអង្កេត​ទៅលើ​ករណី​បុរស​ឈ្មោះ ប៉ឹង ជឿន និង​កាំភ្លើង​ដែលជា​វត្ថុតាង​តាម​នីតិវិធី​នៃ​ច្បាប់ ។​

សូមបញ្ជាក់​ជូន​ដែរ​ថា អ្នកចូលរួម​ប្រារព្ធ​ពិធី​ទិវា​គ្រូបង្រៀន ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះបាន​អះអាងថា បុរស​ឈ្មោះ ប៉ឹង ជឿន ដែលមាន​អាវុធ​ជាប់​នឹង​ខ្លួន​ចូលទៅ​កន្លែង​ប្រារព្ធ​ពិធី​មានបំណង​ប៉ុនប៉ង​ធ្វើឃាត​ទៅលើ​លោកជំទាវ មួ សុខ​ហួរ អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក រ៉ុ​ន ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​«CITA» ។​

ទោះយ៉ាងណា​ក៏ដោយ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រឿងនេះ​ត្រូវ​រង់ចាំ​តាមដាន​មើល​ចំណាត់ការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដែលមាន​លោក មាស ច័ន្ទ​ពិសិដ្ឋ ជា​ព្រះរាជអាជ្ញារង​បន្តទៅទៀត ៕​

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.