ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

គណបក្សកាន់អំណាច​ប្រដៅ​គណបក្សប្រឆាំង​ឲ្យ​មានការ​ឯកភាព​ផ្ទៃក្នុង​ជា​មុន​សិន​សឹម​ចរចា​ជាមួយ​គណបក្សកាន់អំណាច​នៅ​ថ្ងៃក្រោយ

​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ខៀវ​ សុភ័គ​ នាយក​ខុទ្ទកាល័យ​ឯកឧត្តម​ ស​ ខេ​ង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ក្នុង​ន័យ​ប្រដៅ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ធ្វើការ​ពិភាក្សា​ឯកភាព​គ្នា​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ខ្លួន​ជា​មុន​សិន​ មុន​នឹង​ទំនាក់ទំនង​ផ្លាស់​ប្តូរ​យោបល់​ជាមួយ​ឯកឧត្តម​ ស​ ខេ​ង​ សំដៅ​ជំរុញ​ដល់​ដំណើរការ​ចរចា​នា​ពេល​អនាគត​ ឲ្យ​មាន​ភាព​ប្រាកដប្រជា​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​ប្រសើរ​ជូន​ជាតិ​ និង​មាតុភូមិ​កម្ពុជា​យើង​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​ឯកឧត្តម​ ស​ ខេ​ង​ បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៣​ មុន​នឹង​ចូលរួម​កម្មវិធី​ដែល​ហៅ​ថា​ "​សមាជ​ប្រជាជន​"​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ឯកឧត្តម​ ស​ ខេ​ង​ និង​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​ទាមទារ​តំណែង​ប្រធានរដ្ឋសភា​ ប៉ុន្តែ​ចង់​ឲ្យ​មានការ​បែងចែក​តំណែង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១២​នៅ​ក្នុង​រដ្ឋសភា​ស្មើគ្នា​ ។​ សំណើ​ថ្មី​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មិន​យល់ព្រម​ចំពោះ​សំណើ​នេះ​ឡើយ​ ព្រោះថា​ គណៈ​ក​ម្មា​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​ជា​អ្នក​ដាក់​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​រដ្ឋសភា​ ហើយ​រដ្ឋសភា​អាច​ប្រជុំ​បាន​ទាល់តែ​មាន​សំឡេង​គាំទ្រ​៥០%​បូក​១​ គឺ​៧​សំឡេង​ទល់​នឹង​៥​សំឡេង​ ដូច្នេះ​ ការ​ទាមទារ​ចំនួន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​៦​រូប​ស្មើគ្នា​ គឺជា​ការ​ធ្វើ​ឲ្យ​ជាប់​គាំង​ទាំង​ដំណើរការ​រដ្ឋសភា​ ទាំង​រាជរដ្ឋាភិបាល​ ។​ ផ្ទុយ​ពី​នេះ​ ឯកឧត្តម​ កឹ​ម​ សុខា​ និង​ឯកឧត្តម​ យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ទាមទារ​តំណែង​ប្រធានរដ្ឋសភា​ដដែល​ ។​ ​

ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​ឯកឧត្តម​ ស​ ខេ​ង​ ក៏​បាន​ជម្រាប​ជូន​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជនរួមជាតិ​ថា​ ឯកឧត្តម​ ស​ ខេ​ង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រគល់​ភារកិច្ច​ឲ្យ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ពិសេស​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ។​ ហេតុនេះ​ ការ​លើក​ឡើង​ខុសៗ​គ្នា​នូវ​មតិ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្តែង​ឲ្យ​ឃើញ​នូវ​ការ​ខ្វែងគំនិត​គ្នា​ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ។​ ជាង​នេះ​ទៀត​ ការ​យក​បញ្ហា​ជាតិ​មក​ធ្វើ​ដូច្នេះ​ តាម​រយៈ​ការ​បញ្ចេញ​ជំហរ​ខុស​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ដំណើរការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ ។​ ​

ឯកឧត្តម​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ថា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សមាជិក​គណបក្ស​មិន​មានការ​ខ្វែងគំនិត​គ្នា​ជុំវិញ​គោល​ជំហរ​របស់​ខ្លួន​នោះ​ទេ​ និង​មាន​ឯកភាព​ផ្ទៃក្នុង​រឹង​មាំ​បំផុត​ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​ត្រូវ​ឯកភាព​គ្នា​នោះ​ ។​ ​

មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​តែង​ចូល​ចិត្ត​បង្កើត​ និង​ប្រើប្រាស់​នូវ​វប្បធម៌​មួយ​ដ៏​ពេញ​និយម​របស់​ខ្លួន​ គឺ​លូកលាន់​ ជ្រៀត​ជ្រែកចូល​ផ្ទៃក្នុង​គណបក្ស​នយោបាយ​ដទៃ​ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំងនោះ​មានការ​បែកបាក់​គ្នា​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​រង់ចាំ​កើប​ផល​ចំណេញ​ ៕​

DSC02210 Sar-Kheng-Letter-12-10

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.