ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អ្នក​ច្បាប់​រិះគន់​ថា​ ការ​បង្កើត​ក្រសួង​មុខងារសាធារណៈ​ប្រព្រឹត្ត​ទៅ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​

​កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​កត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

​នៅ​ក្នុង​ព្រះរាជក្រឹត្យ​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​នេះ​ ក៏​លេច​ចេញ​មាន​ក្រសួង​មុខងារសាធារណៈ​"​អតីត​រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ​"​ ដែល​មាន​រដ្ឋមន្ត្រី​១​រូប​ និង​រដ្ឋលេខាធិការ​ចំនួន​៦​រូប​ផង​ដែរ​ ។​ លើស​ពី​នេះ​ ព្រះមហាក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង​អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​ចំនួន​៦​រូប​ថែម​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​បង្កើត​ក្រសួង​មួយ​ទាំងមូល​មិនមែន​បង្កើត​ដោយ​ត្រឹម​ព្រះរាជក្រឹត្យ​នោះ​ទេ​ គឺ​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ ។​ ឧទាហរណ៍​ ក្រសួង​មុខងារសាធារណៈ​ គឺ​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​មុខងារសាធារណៈ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ ។​ ​

ប៉ុន្តែ​ជាក់ស្តែង​ ការ​បង្កើត​ក្រសួង​មុខងារសាធារណៈ​នៅ​ក្នុង​អាណត្តិ​ទី​៥​នៃ​រដ្ឋសភា​នេះ​ គឺ​មិនឃើញ​មានច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​មុខងារសាធារណៈ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​អ្វី​ឡើយ​ ។​

​ដូច្នេះ​ ការ​តែងតាំង​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​ចំនួន​១៣​រូប​ ដោយ​ព្រះរាជក្រឹត្យ​មុន​មានច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​មុខងារសាធារណៈ​នោះ​ គឺជា​ការ​ប្រព្រឹត្ត​ទៅ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ​ ពីព្រោះ​មិន​មាន​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ការ​បង្កើត​ក្រសួង​មុខងារសាធារណៈ​ ៕​

Hun-sen-money

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.