ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

មេបក្ស​ប្រឆាំង​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាម​របស់​បុរស​ខ្លាំង​ដែលថា នឹង​ចាក់ផ្សាយ​ខ្សែអាត់​ថត​សំឡេង​ជា​សាធារណៈ​

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​យប់មិញ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍ថា ស្វាគមន៍​ចំពោះ​ការចាក់ផ្សាយ​នូវ​ខ្សែអាត់​ថត​សំឡេង​នៃ​កិច្ចពិភាក្សា​ចរចា​រវាង​គណបក្សនយោបាយ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំងពីរ​កាលពី​ថ្ងៃទី​១៧  ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក ប៉ុន្តែ​សុំ​ឲ្យ​មានការ​ចាក់ផ្សាយ​នូវ​សំឡេង​ដើម​ទាំងស្រុង​តែម្តង កុំ​ឲ្យ​ចាក់ផ្សាយ​តែមួយ​ជ្រុង​ឬមួយ​ចំណុច​ណា​នោះ​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអះអាង​ប្រកបដោយ​សេចក្តីក្លាហាន​មិន​ចុះ​ញ៉ម​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើសុំ​ឲ្យ​មានការ​ចាក់ផ្សាយ​ខ្សែអាត់​ថត​សំឡេង​ក្នុង​កិច្ចប្រជុំ​ចរចា​រវាង​គណបក្សនយោបាយ​ធំ​ទាំងពីរ​នូវ​ខ្លឹមសារ​ទាំងស្រុង​នោះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ការពិត​ថា តើ​«​សម្តេច​តេ​ជោ​សែន​»​ជា​បុរស​ខ្លាំង​ចេះតែ​ថា​ឲ្យ​ឮ ឬក៏​ឯកឧត្តម សម រង្ស៊ី ភូតភរ​អ្នកគាំទ្រ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​?

​សូម​រំលឹក​ជូន​ថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​ព្រមាន​ថា «​ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី ធ្វើបាតុកម្ម សម្តេច​នឹង​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​កិច្ចប្រជុំ​ចរចា​រវាង​គណបក្សនយោបាយ​ទាំងពីរ​បង្ហាញ​ជា​សាធារណៈ ពីព្រោះ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លែងមាន​ន័យ​ហើយ ដោយសារ​ឯកឧត្តម​សម រង្ស៊ី បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​និង​ទទួលស្គាល់​សម្តេច​ជា​នាយករដ្ឋមន្ត្រី​រួចទៅហើយ​»​។​

​ការព្រមាន​បែបនេះ​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា គឺ​បាន​កើតមានឡើង​បន្ទាប់ពី​ឯកឧត្តម សម រង្ស៊ី បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​ក្នុងន័យ​ព្រមាន​ថា​«​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ឯកឧត្តម​នឹង​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី រោងចក្រ សហគ្រាស អាជីវករ​និង​មន្ត្រីរាជការ​ឲ្យ​ពួកគាត់​កូដកម្ម​ឈប់​ធ្វើការ​មួយថ្ងៃ ហើយនឹង​ធ្វើបាតុកម្ម​ទូទាំងប្រទេស​ដើម្បី​ទាមទារ​រក​យុត្តិធម៌​»​។​

​នៅ​ទីបំផុត កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣​ខាងមុខ នឹងធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​វេលា​ម៉ោង​១៥​ដល់​ម៉ោង​១៦​ល្ងាច ដើម្បី​យក​ញត្តិ​ជូន​អង្គការសហប្រជាជាតិ​និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា ថ្ងៃ​២៣ តុលា ១៩៩១ តាមរយៈ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​

​សូម​រង់ចាំ​តាមដាន​មើល​តទៅទៀត តើ​បុរស​ខ្លាំង​ហ៊ាន​តាំងចិត្ត​ក្លាហាន​ធ្វើជា​«​អ្នក​មែន​»​ចាក់ផ្សាយ​ខ្សែអាត់​ថត​សំឡេង​ដែល​ធ្លាប់បាន​ព្រមាន​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទាំងស្រុង​តាម​ការស្វាគមន៍​របស់​ឯកឧត្តម​សម​ ​រង្ស៊ី ដែរឬទេ​?​ ឬក៏​ត្រឹម​តាំងខ្លួន​ជា​«​អ្នកលេង​»​លើ​ឆាកនយោបាយ​កម្ពុជា​?

​ក្រុមអ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការចាក់ផ្សាយ ខ្សែអាត់​ថត​សំឡេង​នៃ​កិច្ចប្រជុំ​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​នេះ ប្រសិនបើ​បុរស​ខ្លាំង​មិន​ហ៊ាន​ចាក់ផ្សាយ​តាម​ការព្រមាន​ទេនោះ គួរតែ​ឯកឧត្តម​សម រង្ស៊ី យកមក​ចាក់ផ្សាយ​ជំនួស​បុរស​ខ្លាំង​វិញ​ដើម្បី​បំបាត់​មន្ទិលសង្ស័យ​ផង​និង​ដើម្បី​បញ្ជាក់ថា​«​សម្តេច​តេ​ជោ​សែន​»​ក្លាហាន​បានតែ​ថា​ដើរតួ​ជា​«​អ្នកលេង​»​មិនមែនជា​«​អ្នក​មែន​»​ផង​៕​

1234605_739114132772555_865063902_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.