ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

អាវុធ​របូត​ពី​ដៃ​សមត្ថកិច្ច​ធ្លាក់​ដល់ដៃ​ចោរ​ និង​ក្រុម​ជន​សង្គមងងឹត​?

វេលា​ម៉ោង​ប្រមាណ​១៤​និង​១៥​នាទី​រសៀល នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​ស្ត្រី​ម្នាក់​អាយុ​២៤​ឆ្នាំ ឈ្មោះ ពេជ្រ ដា​នី​ន ចំនួន​៣​គ្រាប់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ទីតាំង​ខាងលិច​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ លើ​ទី​ផ្លូវ​សាធារណៈ បណ្តាល​ឲ្យ​ស្ត្រី​រូបនោះ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ដោយ​បន្សល់ទុក​នូវ​កូនតូច​អាយុ​១​ឆ្នាំ​កំព្រាម្តាយ​ទាំង​មិនទាន់​ដឹងក្តី​។​

​រំលង​តែត្រឹម​រយៈពេល​២​ថ្ងៃ​សោះ ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ ឈ្មោះ Sakiko Takayanaci អាយុ​៣៣​ឆ្នាំ ជា​ភ្ញៀវទេសចរ បាន​ទទួលរង​ការបាញ់ប្រហារ​ចំនួន​១​គ្រាប់​នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​២០​យប់​ពេល​ចេញពី​ផ្សារ​រាត្រី​«​ខាងត្បូង​ផ្សារ​ចាស់​»​ចំណុច​ផ្លូវ​លេខ​១៣​កែង​ផ្លូវ​លេខ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​ជប៉ុន​រូបនោះ​ទទួលរង​របួស​ភ្លៅ​ខាងឆ្វេង​ដោយសារ​ចោរ​ប្រដាប់អាវុធ​បាញ់​ត្រូវ​១​គ្រាប់ ខណៈ​ក្រុមចោរ​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​ព្យាយាម​ប្រទាញប្រទង់​ជាមួយ​ក្រុមចោរ​។​

​ករណី​ផ្ទុះអាវុធ​បង្កដោយ​ក្រុមចោរឆក់ ប្លន់​និង​ក្រុម​ឃាតក​បាញ់សម្លាប់​មនុស្ស​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​ចោទ​ជា​សំណួរ​ថា តើ​កាំភ្លើង​ក្រុមចោរ​និង​ក្រុម​ឃាតក​បាន​មកពីណា ខណៈដែល​ប្រជាពលរដ្ឋ​ប្រគល់​អាវុធ​គ្រាប់រំសេវ​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​អស់​ទៅហើយ​?​ឬក៏​កាំភ្លើង​ទាំងនោះ​របូត​ពី​ដៃ​សមត្ថកិច្ច​ធ្លាក់​ដល់ដៃ​ក្រុមចោរ​និង​ក្រុម​ជន​សង្គមងងឹត​?​ឬ​កាំភ្លើង​ក្រុមចោរ​អាច​ទិញ​លក់បាន​នៅលើ​ទីផ្សារ​?

​លើសពីនេះ​មជ្ឈដ្ឋាន​ទូទៅ​បានកត់សម្គាល់​ឃើញ​ថា ក្រុមចោរ​និង​ក្រុម​ជន​សង្គមងងឹត​តែងមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច ខណៈដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​រុំ​ព័ទ្ធ​ទៅដោយ​អំពើពុករលួយ​និង​អភិបាលកិច្ច​អាក្រក់​នៅ​គ្រប់ផ្នែក​និង​គ្រប់​ថ្នាក់​។​

​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្ហាញ​នូវ​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​និង​យុត្តិធម៌​សង្គម​ផង ពីព្រោះ​បើ​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​អសកម្ម​គិតតែ​លុយ​និង​បុណ្យស័ក្តិ​ខ្លាំងពេក គឺ​នៅ​ថ្ងៃ​ណាមួយ​ក្រុមចោរ​និង​ក្រុម​ជន​សង្គមងងឹត​នឹង​ចាត់ការ​ក្រុមគ្រួសារ បក្ខពួក​របស់​អស់លោក​និង​ធ្លាក់​ដល់​វេន​ខ្លួន​អស់លោក​ផ្ទាល់​ជាក់​ជាមិនខាន​ឡើយ​៕​

1369114_223627901133054_952894665_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.