ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

មន្ត្រី​ថ្នាក់​ល្មម​ដែលមាន​ឈ្មោះ​ល្បី​ខាង​ទទួលរង​ការរិះគន់​ច្រើនជាងគេ​ក្នុង ​Facebook ទំនងជា​បាន​លើ​ឯកឧត្តម ផៃ ស៊ី​ផាន

នា​រយៈពេល​ចុងក្រោយ​នេះ ឯកឧត្តម ផៃ ស៊ី​ផាន ត្រូវបាន​អ្នកលេង​Facebook និយាយ​ពី​រូបគាត់​សឹង​ជាប់​ជាប្រចាំ បន្ទាប់ពី​គាត់​បានបង្ហាញ​វត្តមាន​ជាមួយនឹង​ខោខ្លី អាវយឺត និង​ម៉ាស៊ីន​ថត​ក្នុង​ថ្ងៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក និង​ជាពិសេស​ឯកឧត្តម​រូបនេះ​មាន Account Facebook ផ្ទាល់ខ្លួន​ផង​និង​ក្រោមរូបភាព​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​។​

ប្រសាសន៍​របស់​ឯកឧត្តម ផៃ ស៊ី​ផាន ទាំង​តាម​ការ​ឆ្លើយឆ្លង​ជាមួយ​ប្រជាពលរដ្ឋ​ជា​សាធារណៈ​ផង ទាំង​តាម​ទំព័រ​Facebook​ផង ធ្វើ​ឲ្យ​អ្នកលេង​Facebook​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅត្រង់​ពាក្យ​ថា​«​មាន​លុយ​ទើប​មាន​យុត្តិធម៌ ស្រុក​ណា​ក៏​ដូច​ស្រុក​ណា​ដែរ សូម្បីតែ​នៅ​អាមេរិក​។​ដូច្នេះ​បើ​ចង់បាន​យុត្តិធម៌ គួរតែ​គិត​នាំគ្នា​រកលុយ​ទៅ កុំ​គិតតែ​ធ្វើបាតុកម្ម​តវ៉ា​ពេក​»​។​«​រាជរដ្ឋាភិបាល​កម្ពុជា​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់​ចាប់ពី​ថ្ងៃនេះ​តទៅ​។​ដូច្នេះ បើ​នរណា​នៅតែ​ហៅថា រាជរដ្ឋាភិបាល​នេះ ជា​រាជរដ្ឋាភិបាល​ខុសច្បាប់ នាយករដ្ឋមន្ត្រី​ចោរ ឬ​មិន​គ្រប់ទឹក​។​ល​។​ជន​នោះ​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ជា​ធរមាន​»​។​«​ខ្ញុំ​សូម​រំលឹកថា ខ្ញុំ​ជា​មន្ត្រីរាជការ តែងតាំង​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល គឺ​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​បានការ​គាំទ្រ​ពី​រដ្ឋសភាជាតិ​។​ដូច្នេះ​បើ​អ្នក​ប្រមាថ​ខ្ញុំ មានន័យ​ស្មើនឹង​ប្រមាថ​រាជរដ្ឋាភិបាល មានន័យ​ស្មើនឹង​ប្រមាថ​ព្រះមហាក្សត្រ ហើយ​ប្រមាថ​រដ្ឋសភាជាតិ​។​អ្នក​មានទោស​ព្រហ្មទណ្ឌ​ហើយ​។​»​។​

ក្រោយ​ការ​Post អត្ថបទ​នីមួយៗ​នៅក្នុង​ទំព័រ​Facebook ភ្លាម គឺ​ឯកឧត្តម ផៃ ស៊ី​ផាន ត្រូវបាន​អ្នកលេង​Facebook ស្វាគមន៍​ភ្លាមៗ​ដែរ នូវ​ពាក្យពេចន៍​ប្រមាថ​លើស​ដើម​។​

ដូច្នេះ ក្រៅពី​«​សម្តេច​តេ​ជោ​សែន​»​បុរស​ខ្លាំង​នៅ​កម្ពុជា គឺ​ឯកឧត្តម ផៃ ស៊ី​ផាន អាច​ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ជាម​ន្ត្រី​មានឈ្មោះ​ល្បី​ជាងគេ​ក្នុង​Facebook ដែលជា​បណ្តាញ​សង្គម​ដ៏​ពេញនិយម​នៅ​កម្ពុជា ខាង​ទទួលបាន​ការរិះគន់​និង​ការប្រមាថ បើ​ប្រៀបធៀប​ទៅនឹង​មន្ត្រី​ដទៃទៀត ដូចជា ឯកឧត្តម ជាម យៀប និង​ឯកឧត្តម ឈាង វុន​…​។​ល​។​

សូមបញ្ជាក់​ជូន​ថា ឯកឧត្តម ផៃ ស៊ី​ផាន អតីត​ជា​អ្នកដើរតួ​ធ្វើ​នយោបាយ​ប្រឆាំង​មួយរូប​ដែរ ប៉ុន្តែ​ក្រោយមក ឯកឧត្តម​រូបនេះ​ក៏បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​វិញ​។​បន្ទាប់ពី​ការចុះ​ចូល​រួចមក ឯកឧត្តម ផៃ ស៊ី​ផាន ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុម​សង្កេតការណ៍​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​«​ប​ច្ចុ​បុ្ប​ន្ន​ហៅថា ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច​និង​វប្បធម៌​»​អម​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដើម្បី​ទុកជា​ការលើកទឹកចិត្ត ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥០៧/២០៧ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០០៧​។ តម​ក ឯកឧត្តម ផៃ ស៊ី​ផាន ត្រូវបានតែងតាំង​ជា​អនុប្រធាន​យន្តការ​សម្រាប់ធ្វើ​ប្រតិកម្ម​រហ័ស​«​បច្ចុប្បន្ន​ហៅថា អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​»​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​៦១​សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៧ បន្ថែម​។​

លុះ​មកដល់​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា ឯកឧត្តម ផៃ ស៊ី​ផាន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩០៨/១០៥៥ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០៨​។​លើសពីនេះ ឯកឧត្តម ផៃ ស៊ី​ផាន ក៏ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​អ្នកនាំពាក្យ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ​។​

ក្នុងការ​បង្កើត​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​អ្នកលេង​Facebook ហៅថា ជា​រាជរដ្ឋាភិបាល​មិន​គ្រប់ទឹក​នោះ ឯកឧត្តម ផៃ ស៊ី​ផាន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដដែល ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៣/៩០៣ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣៕​

siphan-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.