ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

របួស​បាក់​កជើង​ប៉ូលិស​ម្នាក់​ ទាំង​ព្រលឹម​អុរ ​ដោយសារ​សិស្ស​ប្រញាប់​ប្រឡង​ឌី​ប្លូ​ម​ជិះ​ម៉ូតូ​បុក​

​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ទាំង​ព្រលឹម​អុរ​វេលា​ម៉ោង​ប្រមាណ​០៦​និង​១៥​នាទី​នា​ថ្ងៃទី​២៧​កញ្ញា​នេះ នៅ​ចំណុច​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រវាង​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​យុវ​សិស្ស​ប្រញាប់​ចូល​ប្រឡង​ឌី​ប្លូ​ម​ពីរ​នាក់​និង​ម៉ូតូ​មួយគ្រឿង​ទៀត​បើកបរ​ដោយ​ប៉ូលិស​ម្នាក់ បណ្តាល​ឲ្យ​លោក​ប៉ូលិស​រងរបួស​បាក់​កជើង​ខាងឆ្វេង រីឯ​យុវ​សិស្ស​ទាំងពីរ​មិនមាន​រងរបួស​ទេ​ហើយក៏​ម្នីម្នា​ចូល​ប្រឡង​ក្នុង​មណ្ឌល​ប្រឡង​វិទ្យាល័យ​ជម្ពូ​វ័ន​បាត់ទៅ​។ ​

ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវ​សិស្ស​ពីរ​នាក់​បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW 7622​ធ្វើដំណើរ​បញ្ច្រាសទិស​ពី​កើ​តទៅ​លិច​ដើម្បី​សសៀរ​បទ​ចូល​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ​ជម្ពូ​វ័ន​ក្នុង​ល្បឿន​យ៉ាង​លឿន​ព្រោះ​ប្រញាប់​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ចំណោះ​ទូទៅ​«​ប្រឡង​ឌី​ប្លូ​ម​»​។​ខណៈ​ម៉ូតូ​យុវ​សិស្ស​ទាំងពីរ​នាក់​នេះ​មកដល់​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​ក៏បាន​បុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2010 ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW 9441​បើកបរ​ដោយ​ប៉ូលិស​ម្នាក់​ឈ្មោះ​ឡាយ សុភា​រិ​ទ្ធ អាយុ​៥០​ឆ្នាំ ក្នុងទិសដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ម៉ូតូ​ប៉ូលិស​និង​លោក​ប៉ូលិស​ដួល​ដេក​ផ្ទាល់​នឹង​ដី​និង​រងរបួស​បាក់​កជើង​ខាងឆ្វេង​។​

ក្រោយពេល​កើតហេតុ ប៉ូលិស​ដែល​រងរបួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​កងពលតូច​លេខ​៧០ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​និង​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុក​ដោះស្រាយ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​យុវ​សិស្ស​ទាំងពីរ​នាក់​ដែល​មិន​ទទួល​រងរបួស​នោះបាន​ប្រញាប់ប្រញាល់​ចូលទៅ​ប្រឡង​បាត់ទៅ​៕​

420

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.