ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ថវិកាជាតិ​ជាង​៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ត្រូវ​ចំណាយ​ទៅលើ​ប្រាក់ខែ​របស់​សមាជិក​រា​ជ​រដ្ឋាភិបាល​និង​អនុរដ្ឋលេខាធិការ​«​ក្បាល​ធំ​»​ជិត​៥០០​នាក់​

​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី កើតចេញពី​សភា​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធ​ចំនួន​៦៨​រូប មាន​សមាជិក​ចំនួន​ជាង​២០០​នាក់​«​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​»​និង​មាន​អនុរដ្ឋលេខាធិការ​បម្រើ​ការ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន​ចំនួន​២៣៥​នាក់​ទៀត ក្នុងដំណាក់កាល​តែងតាំង​ដំបូង​នេះ​។​

​ដោយ​មិនទាន់​គិត​ទៅដល់​ទីប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ដែលជា​សមាជិក​រាជរដ្ឋាភិបាល​នៅឡើយ​នោះ គឺ​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​និង​អនុរដ្ឋលេខាធិការ​មាន​ចំនួន​ជិត​៥០០​នាក់​។​ចំនួន​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​ដ៏​ច្រើនសន្ធឹក​នេះ ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​«​សម្តេច​តេ​ជោ​សែន​»​ជា​នាយករដ្ឋមន្ត្រី ថា​ជា​រាជរដ្ឋាភិបាល​«​ក្បាល​ធំ​»​ចាប់តាំងពី​អាណត្តិ​ទី​៤​មកម្ល៉េះ​។​

​ដូច្នេះ ថវិកាជាតិ​ដែល​កើតចេញពី​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ត្រូវ​រ៉ាប់រង​ចំណាយ​ទៅលើ​ប្រាក់បៀវត្សរ៍​របស់​សមា​ជិ​ក​រាជរដ្ឋាភិបាល​និង​អនុរដ្ឋលេខាធិការ​ដ៏​ច្រើន​សំពីងសំពោង​ទាំងនោះ​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា បើ​គិត​ទៅតាម​ទំហំ​ការងារ​ជាក់ស្តែង​និង​កម្រិត​នៃ​ការទទួលខុសត្រូវ​រប​ស់ម​ន្ត្រី​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ចំពោះ​ប្រជាពលរដ្ឋ គឺមាន​ភាព​ផ្ទុយគ្នា​យ៉ាងខ្លាំង​ទៅនឹង​ចំនួន​សមាជិក​រាជរដ្ឋាភិបាល​«​ក្បាល​ធំ​»​ដែល​ច្រើនសន្ធឹក​និង​ការចំណាយ​ថវិកាជាតិ​ក៏​ច្រើន​គ​គោក​ទៅលើ​ប្រាក់ខែ​របស់​មន្ត្រី​ក្របខ័ណ្ឌ​នយោបាយ​ទាំងនោះ ហើយ​វា​ក៏បាន​ក្លាយទៅជា​រឿង​ដ៏​អយុត្តិធម៌​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​៕​

909131_223034887859022_751867713_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.