ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

បើ​មានការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​នឹង​មាន​ផ្ទុះអាវុធ​ !​ ឥឡូវ​ នរណា​រំលោភ​ ?

​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អាយុ​បាន​២០​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ថ្មីៗ​នេះ​ ។​ ទាំង​ព្រះមហាក្សត្រ​ ទាំង​មន្ត្រី​បម្រើ​ការងារ​នៅ​គ្រប់​ស្ថាប័ន​ជាតិ​ ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ ត្រូវ​តែ​ប្រព្រឹត្ត​ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ស្រប​ដាច់ខាត​នឹង​រដ្ឋធម្មនុញ្ញ​ ។​

​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​អស់​រយៈពេល​២០​ឆ្នាំ​ជាប់ៗ​គ្នា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​ការពារ​ និង​គោរព​រដ្ឋធម្មនុញ្ញ​យ៉ាង​ប្តូរផ្តាច់​ ព្រមទាំង​បាន​ព្រមាន​ថា​ “​បើ​មានការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ សម្តេច​នឹង​ផ្ទុះអាវុធ​”​ ។​ ​

មាន​ព័ស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មិន​បាន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ ខណៈ​ដែល​មាត់​របស់​មន្ត្រី​ទាំងនោះ​សូត្រ​ទន្ទេញ​ថា​ “​ការពារ​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​”​ ដែល​ការ​រំលោភ​បំពាន​ និង​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ​នោះ​ មាន​ជា​អាទិ៍​ ៖

១-​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ “​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​ ។​ “​ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ដោយ​យក​ផែនទី​ខ្នាត​១/៥០.០០០​ទៅ​វិញ​ ។​

២-​មាត្រា​១៣៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​តម្រូវ​ឲ្យ​មានការ​បង្កើត​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ ប៉ុន្តែ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​ រាជរដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​បង្កើត​ឲ្យ​មានច្បាប់​គោល​ដ៏​សំខាន់​ទាំង​២​នេះ​សម្រាប់​យក​មក​អនុវត្តន៍​នៅ​ក្នុង​ស្ថាប័ន​តុលាការ​នៅឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ក្នុង​ស្ថាប័ន​តុលាការ​យ៉ាង​ពេញបន្ទុក​ ។​

៣-​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​ការ​សម្រេច​តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដោយ​មានការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ក្នុង​សំណុំរឿង​ក្តី​តែ​មួយ​ ផ្ទុយ​នឹង​អំណាច​សាលដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​ ដែល​ជា​ការ​សម្រេច​មួយ​រំលោភ​បំពាន​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល​ ។​

៤-​ទាក់ទង​នឹង​ដំណើរការ​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ និង​ការ​ជ្រើសតាំង​ថ្នាក់ដឹកនាំ​រដ្ឋសភា​ និង​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​២៤​ កញ្ញា​ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ និង​មាន​អាសនៈ​ចំនួន​៥៥​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ចោទប្រកាន់​ថា​ រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​១,​ មាត្រា​៤,​ មាត្រា​៦​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​,​ មាត្រា​៨,​ មាត្រា​៩,​ មាត្រា​៥១​ថ្មី​ និង​មាត្រា​៧៦​ ។​ ​

យោង​តាម​ព័ស្តុតាង​ដូច​បាន​លើក​ឡើង​ខាងលើ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ ទោះបី​លេច​ចេញ​នូវ​សកម្មភាព​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នោះ​ក៏​ដោយ​ ក៏​គេ​មិន​បានឃើញ​ “​សម្តេច​តេ​ជោ​សែន​”​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​”​ធ្វើការ​ផ្ទុះអាវុធ​”​កម្ទេច​ទៅ​លើ​ក្រុម​ ឬ​បុគ្គល​ដែល​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ក្នុង​នាម​ជា​អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដូច​ការ​អះអាង​នោះ​ឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.