ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

តំណាង​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​ ស្នើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​និង​លុប​បំបាត់​ការ​យក​តួនាទី​មន្ត្រី​ជំនាញ​ជំរិត​ទារប្រាក់​

​តំណាង​ក្រុម​អាជីវករ​រកស៊ី​ក្នុង​វិស័យ​ផ្ទះសំណាក់​ សណ្ឋាគារ​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៣​នេះ​ គោរព​ជូន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ស្នើ​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​និង​លុប​បំបាត់​អំពើ​ពុក​រលួយ​ ទាក់ទង​នឹង​ការ​យក​តួនាទី​ជា​មន្ត្រី​តាម​ជំនាញ​ផ្សេងៗ​ជំរិត​ទារប្រាក់​ពី​ក្រុម​អាជីវករ​ និង​ជា​ពិសេស​លើ​បញ្ហា​គ្រឿងញៀន​ ។​

លិខិត​របស់​ក្រុម​តំណាង​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​បាន​រៀបរាប់​ថា​ "​បញ្ហា​គ្រឿងញៀន​ធ្វើ​ឲ្យ​ពួក​យើងខ្ញុំ​មានការ​ខ្លាចរអា​តែ​ម្តង​ ។​ ក្រោម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ អាជ្ញាធរ​គ្រប់​លំដាបថ្នាក់​ រួម​ទាំង​ថ្នាក់​ក្រសួង​ រាជធានី​ ខេត្ត​-​ក្រុង​ ស្រុក​-​ខណ្ឌ​ ឃុំ​-​សង្កាត់​ ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ ត្រូវ​រួម​គ្នា​បំបាត់​គ្រឿងញៀន​ ។​ ម្ចាស់ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ជា​ច្រើន​តែងតែ​ដាក់​បំរាម​ដល់​ភ្ញៀវ​ គឺ​ហាម​ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​បរិវេណ​របស់​ខ្លួន​ ។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​ដាក់​បំរាម​នេះ​មិន​អាច​ទប់ស្កាត់​ភ្ញៀវ​ដែល​មាន​បំណង​អាក្រក់​ ដូច​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ឬ​អ្នក​ជួញដូរ​គ្រឿងញៀន​ដែល​មក​ស្នាក់​អាស្រ័យ​ ពីព្រោះ​យើងខ្ញុំ​មិន​អាច​ទៅ​ឆែកឆេរ​ខ្លួនប្រាណ​ ឬ​របស់​ប្រើប្រាស់​ផ្សេងៗ​ទៀត​របស់​ភ្ញៀវ​ដែល​មក​សម្រាក​បាន​ឡើយ​ ។​

​ដូចនេះ​ ពេល​ដែល​សមត្ថកិច្ច​គ្រឿងញៀន​ ក៏​ដូច​ជា​អាជ្ញាធរ​ រួម​ទាំង​តំណាង​ព្រះរាជអាជ្ញា​ផង​ដែរ​ ចុះ​បេសកកម្ម​បង្ក្រាប​ការ​ប្រើប្រាស់​គ្រឿងញៀន​ ឬ​ជួញដូរ​គ្រឿងញៀន​ គឺ​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​តែងតែ​ត្រូវ​បាន​កោះហៅ​ទៅ​ធ្វើ​កំណត់ហេតុ​អំពី​ហេតុការណ៍​ដែល​កើតឡើង​ ។

​បើ​មើល​តែ​មួយ​ភ្លែត​ តំណាង​តុលាការ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ខំប្រឹង​ប្រែង​មែនទែន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ។​ ប៉ុន្តែ​ការ​ពិត​ ពួក​យើងខ្ញុំ​តែងតែ​ត្រូវ​បង់លុយ​ជា​ច្រើន​ពាន់​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ រត់ការ​ទៅ​ឲ្យ​តំណាង​តុលាការ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ទាំងនោះ​ បើ​មិន​ដូច្នោះ​ទេ​ ពួក​យើងខ្ញុំ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​មាត្រា​៤៤​ បទ​សម្រួល​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ដែល​អាច​ជាប់គុក​ឬ​ត្រូវ​ប្រឈម​នឹង​ការ​បិទ​ទីតាំង​ប្រកប​អាជីវកម្ម​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ ។​

​យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​ វិមតិសង្ស័យ​នឹង​បាន​ប្រយោជន៍​ដល់​ជនជាប់ចោទ​ ។​ ដូចនេះ​ ការ​ដាក់​បទចោទប្រកាន់​មក​លើ​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​ គួរតែ​មាន​ព័ស្តុតាង​ច្បាស់លាស់​ ប៉ុន្តែ​អំណាច​របស់​សមត្ថកិច្ច​គ្រាន់តែ​សង្ស័យ​ គឺ​ចាប់​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​ដើម្បី​គំរាម​បញ្ជូន​ទៅ​តុលាការ​ បើ​មិន​ធ្លាក់​លុយ​ទេ​ ។​ ក្នុង​ពេល​ខ្លះ​ ដូច​ជា​ស្តែង​ពេក​ ពេល​ដែល​សមត្ថកិច្ច​សម្រុកចូល​ឆែកឆេរ​បន្ទប់​ភ្ញៀវ​ស្នាក់​នៅ​តែ​មួយ​បន្ទប់​ ហើយ​ប៉ះ​អ្នក​ប្រើប្រាស់​ ឬ​ចែកចាយ​ ឬ​ជួញដូរ​គ្រឿងញៀន​ជាដើម​ ដែល​ទំនងជា​សមត្ថកិច្ច​មាន​ភ្នែក​ទិព្វ​ដូច្នោះ​ដែរ​ ។​ "​ ។​ ​

ក្រុម​តំណាង​អាជីវករ​ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ទៀត​ថា​ "​ពួក​យើងខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ចំណាត់ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​បរិសុទ្ធ​ មាន​តម្លាភាព​ ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​សន្តិភាព​ និង​សុវត្ថិភាព​ ។​ ប៉ុន្តែ​យើងខ្ញុំ​សូម​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​ជំរិត​ទារប្រាក់​ពី​អាជីវករ​ស្លូតត្រង់​ ដូច​ជា​ពួក​យើងខ្ញុំ​ជាដើម​ ។​ ពួក​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​អាជ្ញាធរ​ សមត្ថកិច្ច​ និង​តុលាការ​មិន​ឲ្យ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​ជំរិត​ប្រាក់​ពី​ពួក​អាជីវករ​ដូច​ជា​ពួក​យើងខ្ញុំ​ជាដើម​ ។​ "​ ៕​

Om-Yinteang

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.