ប្រភពព័ត៌មានពីអ្នករកស៊ីឈើនៅខេត្តបាត់ដំបង បានឲ្យដឹងថា ការចរាចរណ៍ដឹកជញ្ជូនឈើប្រណីតប្រភេទឈើគ្រញូងចេញពីច្រកព្រំដែនប្រទេសថៃមកដល់រាជធានីភ្នំពេញ នៅតែមានសកម្មភាពខ្លាំងមិនថមថយទេ ដោយសារមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន១៦គោលដៅមិនខ្ចីខ្វល់នឹងបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលលើកឡើងកោកៗដដែលៗតាមក្បាលមេក្រូនោះឡើយ ។
តម្លៃសេវាលើការចរាចរណ៍ដឹកជញ្ជូនឈើគ្រញូង ដែលអ្នករកស៊ីបង់ឲ្យទៅក្រុមសមត្ថកិច្ចចំនួន១៦គោលដៅនោះ គឺសម្រាប់រថយន្តតូចក្នុង១គ្រឿងនិងក្នុងមួយជើងត្រូវបង់ថ្លៃផ្លូវពីច្រកព្រំដែនប្រទេសថៃមកដល់គោលដៅរាជធានីភ្នំពេញ ឲ្យក្រុមសមត្ថកិច្ចពាក់ព័ន្ធ រួមមាន មន្ត្រីជំនាញចំនួន២០០ដុល្លារអាមេរិកមួយកន្លែង ប៉ូលិសសេដ្ឋកិច្ចចំនួន១០០ដុល្លារអាមេរិកមួយកន្លែង និងប៉េអឹមចំនួន១០០ដុល្លារអាមេរិកមួយកន្លែង ។ ដូច្នេះ តម្លៃសេវាសរុបត្រូវបង់សម្រាប់១៦កន្លែង គឺមានចំនួនប្រមាណ៧.០០០ដុល្លារអាមេរិកក្នុងរថយន្តតូចមួយគ្រឿងនិងមួយជើង បូករួមទាំងសេវារាយរងខ្លះទៀត ។
សូមឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អតីតរដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាណត្តិទី៤ ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាណត្តិថ្មី មេត្តាត្រួតពិនិត្យនិងមានវិធានការទៅលើក្រុមមន្ត្រីជំនាញខាងរដ្ឋបាលព្រៃឈើដែលដើរប្រមូលលុយដាក់ហោប៉ៅគ្រប់ច្រកល្ហកពីឈ្មួញរកស៊ីឈើគ្រញូង និងឈើប្រណីតផ្សេងៗទៀតនោះផង ៕