មិនមែនជារឿងថ្មីទេ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រើពាក្យអំពាវនាវឬពាក្យព្រមានតាមក្បាលមេក្រូសឹងគ្រប់ទីកន្លែងទៅលើមន្ត្រីក្រោមឱវាទ ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ទាំងតុលាការ គឺបានប្រើប្រាស់ពាក្យដូច្នេះអស់រយៈពេល១៥ឆ្នាំមកហើយ ខណៈដែលបុរសខ្លាំងបានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីម្នាក់ឯងនាឆ្នាំ១៩៩៨មកម្ល៉េះ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនីតិកាលទី៥នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់លើកដំបូងនៅវិមានសន្តិភាព នាពេលព្រឹកមិញនេះ«សម្តេចតេជោសែន»បានដំឡើងសំឡេងខ្លាំងៗតាមរយៈការប្រើពាក្យព្រមានដើម្បីឲ្យមន្ត្រីសមាជិករាជរដ្ឋាភិបាលក្រោមឱវាទធ្វើការផ្លាស់ប្តូរឥរិយាបទ ដែលធ្លាប់ខុសឆ្គងចោល ទោះបីមន្ត្រីចាស់ក៏ដោយ ក៏ត្រូវមានគំនិតថ្មីនិងរបៀបរបបដឹកនាំថ្មីដែរ។
តាមពិតទៅ រលកជន់ជោរនៃអំពើពុករលួយនិងអភិបាលកិច្ចអាក្រក់ក្នុងជួរមន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់និងក្រុមឈ្មួញក្នុងវិស័យឯកជនជាបក្ខពួកសែស្រឡាយមួយចំនួន បានរុំព័ទ្ធរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ក្រោមការដឹកនាំរបស់«សម្តេចតេជោសែន»ជានាយករដ្ឋមន្ត្រីយ៉ាងក្រាស់ឃ្មឹក នៅក្រោមដំបូលនៃសិល្បៈចែករំលែកដែលជាវប្បធម៌ដ៏ពេញនិយម។
ការព្រមាននិងការអំពាវនាវរបស់បុរសខ្លាំងនៃកម្ពុជានាពេលកន្លងមក បានត្រឹមតែដំឡើងសំឡេងកុំឲ្យមន្ត្រីក្រោមឱវាទភ្លេចវប្បធម៌សិល្បៈនៃការចែករំលែករបស់នាយករដ្ឋមន្ត្រីប៉ុណ្ណោះ ពោលគឺ ថ្នាក់ក្រោមប្រឹងរកលុយតាមគ្រប់វិធីជូនថ្នាក់លើ ផ្គាប់ចិត្តថ្នាក់លើនិងជួយការងារបក្ស ហើយថ្នាក់លើនិងបក្សជួយការពារបីបាច់ថែរក្សាថ្នាក់ក្រោមវិញ។ ម្យ៉ាងទៀត ការព្រមាននិងការអំពាវនាវរបស់បុរសខ្លាំង គឺបានត្រឹមឲ្យមន្ត្រីក្រោមឱវាទចងចាំនូវអនុសាសន៍របស់នាយករដ្ឋមន្ត្រីជាងការគោរពនិងអនុវត្តន៍ច្បាប់ប៉ុណ្ណោះ។
លើសពីនេះ «សម្តេចតេជោសែន»បានដាស់តឿនក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទតាមដានមើលការចុះផ្សាយរបស់បណ្តាញព័ត៌មាន ដើម្បីបានដឹងរឿងរ៉ាវផ្សេងៗពីស្រទាប់ប្រជាពលរដ្ឋនិងមហាជននានាដែលសារព័ត៌មានចុះផ្សាយ។ ប៉ុន្តែគេចោទជាសំណួរថា តើសារព័ត៌មានភាគច្រើនសព្វថ្ងៃនេះជាកម្មសិទ្ធិនិងមាននិន្នាការនយោបាយគាំទ្រខាងគណបក្សណា? ចម្លើយ គឺភាគច្រើនជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជានិងជារបស់កូនស្រីបង្កើតបុរសខ្លាំងតែម្តង ដែលសារព័ត៌មានទាំងនោះអាចចុះផ្សាយពីខ្មៅទៅស ឬពីសទៅខ្មៅ និងអាចបិទបាំងអំពើអាក្រក់របស់មន្ត្រីថ្នាក់ក្រោមដើម្បីទទួលបានផលប្រយោជន៍ជាថ្នូរមកវិញ ដ្បិតសារព័ត៌មានទាំងនោះមិនហ៊ានសរសេរនិងផ្សាយប៉ះពាល់ដល់មន្ត្រីថ្នាក់ធំៗរបស់គណបក្សប្រជាជនកម្ពុជា ដូចជា សម្តេចនាយករដ្ឋមន្ត្រីនោះទេ។
ដូចនេះ ដើម្បីលុបបំបាត់ឬកាត់បន្ថយអំពើពុករលួយនិងដឹកនាំឲ្យមានអភិបាលកិច្ចល្អពិតប្រាកដក្នុងន័យបម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ត្រូវតែពង្រឹងការអនុវត្តច្បាប់នៅគ្រប់ស្ថាប័នរបស់ជាតិ ទាំងនីតិប្បញ្ញត្តិ ទាំងនីតិប្រតិបត្តិ ទាំងតុលាការ មិនមែនពង្រឹងការអនុវត្តអនុសាសន៍របស់«សម្តេចតេជោសែន»តែម្នាក់ ហើយធ្វើការព្រមានឬអំពាវនាវដល់មន្ត្រីថ្នាក់ក្រោម ឱបស្ទបនិងការពារថ្នាក់លើនោះទេ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា មានផ្លូវជាជម្រើសតែមួយគត់ដើម្បីពង្រឹងការអនុវត្តច្បាប់ឲ្យមាននីតិរដ្ឋនៅកម្ពុជា មិនមែនពឹងផ្អែកទៅលើការព្រមាននិងការអំពាវនាវដដែលៗអស់រយៈពេលជិត២០ឆ្នាំរបស់«សម្តេចតេជោសែន»នោះឡើយ គឺត្រូវតម្រូវឲ្យ«សម្តេចតេជោសែន»ខ្លួនឯងកែលម្អខ្លួនមុនគេធ្វើជាគំរូក្នុងការឈប់ទទួលផលប្រយោជន៍គ្រប់សព្វសារពើក្នុងន័យការសូកប៉ាន់និងការទិញទឹកចិត្តដើម្បីទទួលបានសេវាសាធារណៈផ្សេងៗពីមន្ត្រីក្រោមឱវាទនិងពីក្រុមឈ្មួញជាបក្ខពួក ពីព្រោះបើ«សម្តេចតេជោសែន»នៅតែទទួលលុយកាក់ឬផលប្រយោជន៍ពីឈ្មួញបក្ខពួកនិងមន្ត្រីក្រោមឱវាទដដែលទេ មានន័យថា ការសន្យាលុបបំបាត់ឬកាត់បន្ថយអំពើពុករលួយនិងបក្ខពួកនិយម នឹងក្លាយជាសន្យាខ្យល់ឬសូន្យ៕