នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយយល់ឃើញថា ថ្នាក់ដឹកនាំរបស់រដ្ឋសភា និងគណៈរដ្ឋមន្ត្រីដែលរដ្ឋសភាបានជ្រើសតាំង កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ គឺមិនស្របច្បាប់ ព្រោះរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤ និងមាត្រា៦ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។
គណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា មិនទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលកើតចេញពីការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ និងសូមអំពាវនាវ ដល់សហគមន៍អន្តរជាតិកុំទទួលស្គាល់ និងកុំអបអរសាទរជាមួយនឹងរាជរដ្ឋាភិបាលនេះ។ ការទទួលស្គាល់ឬអបអរសាទរជាមួយរាជរដ្ឋាភិបាលនេះមានន័យថា ចូលរួមគាំទ្រការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕