កាលពីវេលាម៉ោងប្រមាណ១៤ និង ១៥ នាទីរសៀលនាថ្ងៃទី២៥ កញ្ញា នេះ នៅក្នុងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ «ខាងលិចស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍» មានករណីឃាតកម្មបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃចំនួន៣គ្រាប់ បង្កដោយជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកស្កូពី ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AE-9846 បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ពេលជិះលើម៉ូតូកង់បី ដែលជាទីតាំងមុខផ្ទះជនរងគ្រោះតែម្តង។
ប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះនោះមានឈ្មោះ ពេជ្រ ដានីន អាយុ២៤ឆ្នាំ និងមានកូនតូចអាយុប្រមាណ១ឆ្នាំ ក្នុងបន្ទុក ទើបមកពីដាក់បិណ្ឌនៅវត្តឧដុង្គ ខេត្តកំពង់ស្ពឺ ដោយជិះម៉ូតូកង់បីមកដល់មុខផ្ទះ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងចាប់ក្រៀកជនរងគ្រោះនៅលើម៉ូតូកង់បីនោះ ហើយក៏បាញ់សម្លាប់ចំនួន៣គ្រាប់តែម្តង បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម។
នេះគឺជាអំពើឃាតកម្មដ៏សាហាវមួយដែលបានកើតឡើងនៅកណ្តាលរាជធានីភ្នំពេញ ហាក់ដូចជាស្វាគមន៍ការឡើងកាន់មុខតំណែងថ្មីរបស់លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវជាមន្ត្រីជំនិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដ៏មានឥទ្ធិពលនិងការប្រជុំគណៈរដ្ឋមន្ត្រីអាណត្តិថ្មី នាយករដ្ឋមន្ត្រីចាស់ «សម្តេចតេជោសែន» លើកដំបូងនៅវិមានសន្តិភាពនាពេលព្រឹកមិញផងដែរ៕