នៅវេលាព្រឹកនេះ តុលាការកំពូលនឹងលើកយកសំណុំរឿងក្តីឃាតកម្មលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មកបើកសវនាការជំនុំជម្រះជាលើកទី២ ។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈដែលលោកកំពុងអានកាសែតនៅតូបលក់កាសែតមួយក្បែរវត្តលង្កា ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោមការទាមទារស្វែងរកយុត្តិធម៌យ៉ាងស្វិតស្វាញរបស់ក្រុមគ្រួសារលោក ជា វិជ្ជា ដែលជាជនរងគ្រោះនោះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសជនសង្ស័យចំនួន២នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន យកមកឲ្យតុលាការផ្តន្ទាទោស ។ តុលាការសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍នាពេលកន្លងមក បានវិនិច្ឆ័យផ្តន្ទាទោសលើបុរសទាំង២នាក់ ដោយចោទសំដៅថា ជាឃាតកសម្លាប់លោក ជា វិជ្ជា ។ ក្រោយមក តុលាការកំពូលបានសម្រេចលើកទី១ច្រានចោលការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយធ្វើការដោះលែងជនជាប់ចោទទាំង២នាក់ឲ្យឋិតនៅក្រៅឃុំបណ្តោះអាសន្ន កាលពីអំឡុងឆ្នាំ២០០៨ និងបង្គាប់ឲ្យសាលាឧទ្ធរណ៍កាត់ក្តីសាជាថ្មីឡើងវិញ ។
ការកាត់ក្តីរបស់សាលាឧទ្ធរណ៍តាមសាលដីកាបង្គាប់របស់តុលាការកំពូលលើកទី១នោះ បានសម្រេចផ្តន្ទាទោសលើលោក ប៊ន សំណាង និងលោក សុខ សំអឿន ព្រមទាំងឃុំខ្លួនបុរសជនជាប់ចោទទាំង២នាក់ដាក់ពន្ធនាគារម្តងទៀត ក្រោមសម្រែកទួញយំស្វែងរកយុត្តិធម៌របស់អ្នកទាំង២ និងក្រុមគ្រួសាររបស់ពួកគេ ។ ឥឡូវ នៅថ្ងៃនេះវាសនារបស់លោក សុខ សំអឿន និងលោក ប៊ន សំណាង និងព្រលឹងលោក ជា វិជ្ជា ព្រមទាំងក្រុមគ្រួសារលោក ជា វិជ្ជា ជាជនរងគ្រោះ ទទួលបានយុត្តិធម៌ពិតប្រាកដ ឬក៏អត់ អាស្រ័យលើការកាត់ក្តីរបស់តុលាការកំពូលជាលើកទី២ ។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក ជា វិជ្ជា នេះ ធ្លាប់ត្រូវបានអង្គសម្តេចឪ-សម្តេចតា កាលព្រះអង្គនៅមានព្រះជន្ម ទ្រង់បានចេញព្រះរាជសារមួយចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៥ ដោយព្រះអង្គមានព្រះតម្រិះថា "ខ្ញុំសូមលោក សុខ សំអឿន និងលោក ប៊ន សំណាង ព្រមទាំងមាតា បិតានៃអ្នកទាំង២ជ្រាបថា លោក សុខ សំអឿន និងលោក ប៊ន សំណាង មិនមែនជាឃាតកពិតប្រាកដដែលសម្លាប់លោក ជា វិជ្ជា នោះទេ តែខ្ញុំពុំមានសិទ្ធិអំណាចអ្វីដើម្បីធ្វើអន្តរាគមន៍ជួយអ្នកទាំង២ ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយតុលាការនឹងទទួលស្គាល់ការប្រព្រឹត្តខុសរបស់ខ្លួន ហើយដោះលែងលោក សុខ សំអឿន និងលោក ប៊ន សំណាង ឲ្យមានសេរីភាពឡើងវិញ ។ " ។
បន្ទាប់មកទៀត អង្គសម្តេចឪ-សម្តេចតាធ្លាប់បានមានព្រះតម្រិះនៅក្នុងព្រះរាជសារចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៥ របស់ព្រះអង្គដែលបានផ្ញើជូនលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និងត្រូវជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ថា "ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រមួយរយភាគរយ សំណូមពររបស់លោកចំពោះរាជរដ្ឋាភិបាល ឲ្យរកឃាតកពិតប្រាកដដែលសម្លាប់លោក ជា វិជ្ជា ។ នៅក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អ្នកស្នេហាជាតិដ៏ប្រសើរមួយរូប ។ " ។
ដោយឡែក លោក ជា មុនី ជាតំណាងដើមបណ្តឹងរដ្ឋប្បវេណីឲ្យជនរងគ្រោះ ធ្លាប់បានមានប្រសាសន៍ឲ្យដឹងច្រើនលើកច្រើនសារួចមកហើយថា "បើតាមដំណើរសាច់រឿងឃាតកម្មនេះ តាំងពីដើមទីមក គឺលោកមិនប្រាកដក្នុងចិត្តទាល់តែសោះដែលថា លោក ប៊ន សំណាង និងលោក សុខ សំអឿន ជាឃាតកសម្លាប់លោក ជា វិជ្ជា" ។
កាលពីដើមឆ្នាំ២០១២កន្លងមក រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការសាងសង់រូបសំណាកលោក ជា វិជ្ជា ដើម្បីទុកគោរពវិញ្ញាណក្ខន្ធចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក តាមសំណើរបស់លោក ជា មុនី ។ ទីបំផុត រូបសំណាកលោក ជា វិជ្ជា ដែលឋិតនៅក្បែរវត្តលង្កាត្រូវបានសម្ពោធកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ ខណៈដែលក្រុមគ្រួសារលោក ជា វិជ្ជា ជាជនរងគ្រោះនៅតែបន្តទាមទារឲ្យរាជរដ្ឋាភិបាលស្វែងរកឃាតកពិតប្រាកដដែលសម្លាប់លោក ជា វិជ្ជា យកមកផ្តន្ទាទោសតាមច្បាប់ ។
រួមសេចក្តីមក នៅក្នុងសំណុំរឿងឃាតកម្មរបស់លោក ជា វិជ្ជា ដែលមានរយៈពេលជិត១០ឆ្នាំកន្លងមកនេះ ទាំងខាងភាគីជនជាប់ចោទ ទាំងខាងភាគីតំណាងជនរងគ្រោះ សុទ្ធតែស្រែកទាមទារស្វែងរកយុត្តិធម៌ដូចគ្នា ៕