ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

តារា​នយោបាយ​ល្បីឈ្មោះ​ក្នុង Facebook ពីរ​ដួង​ ទទួលបាន​បុណ្យស័ក្តិ​គួរ​ឲ្យ​រីកមុខ​ក្នុង​អាណត្តិ​ថ្មី​ក្រោម​បារមី​ «​តេ​ជោ​»

​ប្រិយមិត្ត​អ្នកលេង Facebook ទំនងជា​មិនទាន់​ភ្លេច​នៅឡើយ​ទេ​ចំពោះ​តារា​នយោបាយ​ពីរ​ដួង​ជាម​ន្ត្រី​ថ្នាក់​ទ្រើស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ល្បីឈ្មោះ​នៅក្នុង​បណ្តាញ​សង្គម​Facebook ក្រោយពេល​បោះឆ្នោត​និង​នៅក្នុងពេល​មហា​បាតុកម្ម​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៣​កន្លងមក គឺ​ឯកឧត្តម ឈាង វុន និង ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​តាម​ការប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន​ឯកឧត្តម អ៊ឹម សួស្តី ជា​ប្រធាន គឺ​ឯកឧត្តម ឈាង វុន បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តបាត់ដំបង​និង​តាម​ការអនុម័ត​សម្រេច​របស់​រដ្ឋ​សភាគ​ណ​បក្ស​ប្រជាជន​កម្ពុជា​សុទ្ធ​ចំនួន​៦៨​រូប​នាពេល​ព្រឹក​មិញ​នេះ ឯកឧត្តម ឈាង វុន ត្រូវ​បានទទួល​មុខងារ​ថែម​ជា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​របស់​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​នីតិកាល​ទី​៥​។​

​ដោយឡែក ឯកឧត្តម ផៃ ស៊ី​ផាន អតីត​ជា​អ្នក​ធ្លាប់​ប្រឆាំង​និង​ក្រោយមក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បុណ្យស័ក្តិ​នោះ តាមរយៈ​ការអនុម័ត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​ព្រឹក​មិញ​នេះដែរ ក៏ត្រូវ​បានតែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​«​សមាជិក​រាជរដ្ឋាភិបាល​»​ដូច​កាលពី​អាណត្តិ​ទី​៤ ខណៈដែល​រដ្ឋលេខាធិកា​រ​ទីស្តីការគណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៥​មាន​ចំនួន​១៦​រូប​។​

​ឯកឧត្តម ផៃ ស៊ី​ផាន ដែលជា​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​សាធារណៈ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​នៅត្រង់ថា​ឯកឧត្តម​ធ្លាប់បាន​មានប្រសាសន៍ប្រាប់​ប្រជាពលរដ្ឋ​ជា​សាធារណៈ​ថា​«​គ្មានទេ​យុត្តិធម៌​សម្រាប់​សង្គម​នេះ ហើយ​យុត្តិធម៌​មាន​ចំពោះតែ​អ្នកមាន​លុយ​ប៉ុណ្ណោះ​…​ក្នុង​រឿងក្តី​ដែល​អាច​ឈ្នះ​បាន គឺមាន​មេធាវី​ដែលមាន​លុយ​ធ្វើការ​ត្រូវ​គ្នា​ជាមួយ​ចៅក្រម​តុលាការ​។​»​។​

​ឥឡូវនេះ តារា​នយោបាយ​ល្បីឈ្មោះ​ក្នុង Facebook ទាំងពីរ​ដួង​ទទួលបាន​បុណ្យស័ក្តិ​គួរ​ឲ្យ​រីកមុខ រីក​មាត់ សម្រាប់​អាណត្តិ​ថ្មី​ទៀតហើយ​ក្រោម​បារមី​របស់​«​សម្តេច​តេ​ជោ​សែន​» ខណៈដែល​សភា​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​ស្ថាប័ន​តុលាការ​ក៏​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕​

vun_1300271483_n

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.