កិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥បានជម្នះដំណើរការរួចហើយ កាលពីថ្ងៃម្សិលមិញទី២៣ ខែកញ្ញា នៅវិមានរដ្ឋសភាជាតិ ដោយបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមួយចំនួនផងដែរ ។
ក្រៅអំពីអង្គព្រះមហាក្សត្រដែលទាយទុកជាមុនថា ទ្រង់នឹងយាងទៅបើកកិច្ចប្រជុំដំបូងនៃរដ្ឋសភា ទោះបីមានសំណើទូលថ្វាយពីបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៥របស់គណបក្សសង្គ្រោះជាតិទាំង៥៥រូប ពីអង្គការសង្គមស៊ីវិល និងពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការពន្យារពេលកិច្ចប្រជុំរដ្ឋសភាមួយរយៈក៏ដោយ និងវត្តមានរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រជាព្រឹទ្ធសភានោះ មានអ្នកដែលគេចាប់អារម្មណ៍ខ្លាំងបំផុតចំនួន២រូប គឺ ៖
១-ឯកឧត្តម អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" ដែលជាមុខសញ្ញាធំបំផុតក្នុងការរិះគន់ពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិថាជាមេចោរលួចបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានការឈ្នះឆ្នោតលើគណបក្សសង្គ្រោះជាតិដោយឥតអៀនខ្មាស ។
២-ឯកឧត្តម William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបានប្រើសញ្ញាលើកដៃទាំងពីរឡើងលើ ដែលដៃម្ខាងៗបង្ហាញម្រាម២ ។ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានវាយតម្លៃថា ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគាំទ្រគណបក្សប្រជាជនកម្ពុជា"លេខ៤" ទើបឯកឧត្តមចូលរួមកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី៥ ព្រមទាំងលើកម្រាមដៃ២ទាំងសងខាង រីឯអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានវាយតម្លៃថា ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចង់ឃើញគណបក្សនយោបាយធំៗទាំងពីរចូលរួមប្រជុំរដ្ឋសភា ។
បន្ទាប់មក អ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃដដែលនោះថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ ។
សេចក្តីថែ្លងការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកសូមស្នើឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាព នូវភាពមិនប្រក្រតីនានាទាក់ទងនឹងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ កក្កដា ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត ហើយនឹងផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុកចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត ។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថែ្លងការណ៍របស់ខ្លួនទៀតថា "យើងជឿថា សភាជាតិដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួមនៃគណបក្សនយោបាយសំខាន់ៗទាំងពីរ ។ យើងសូមអំពាវនាវគណបក្សទាំងពីរអនុវត្តន៍នូវសេចក្តីថ្លែងការណ៍រួមរបស់គេកាលពីថ្ងៃទី១៦ ខែកញ្ញា ដែលប្រឆាំងនឹងអំពើហិង្សា គាំទ្រឲ្យមានការពិភាក្សាស្តីពីកំណែទម្រង់ការបោះឆ្នោត និងយល់ព្រមដោះស្រាយបញ្ហាជាតិនានាតាមរយៈការពិភាក្សាគ្នា ។ គណបក្សទាំងអស់គួរចាប់យកឱកាសនេះ ដើម្បីលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអនុវត្តន៍នូវកំណែទម្រង់ដ៏មានន័យដែលពង្រឹងនីតិរដ្ឋ និងបង្កើនការគោរពសិទ្ធិមនុស្ស ។ សហរដ្ឋអាមេរិកសូមស្នើឲ្យថ្នាក់ដឹកនាំគណបក្សធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវលទ្ធផលមួយដែលធ្វើឲ្យប្រទេសមានឯកភាពគ្នា និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាជាធំ ។" ៕