កិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥របស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបនាពេលព្រឹកមិញនេះ បានអនុម័តលើបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៥រួចរាល់ហើយៗក៏បានផ្តល់សុពលភាពដល់សមាជិករដ្ឋសភាទាំង១២៣រូបជាផ្លូវការ "ទាំងគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប ទាំងគណបក្សសង្គ្រោះជាតិចំនួន៥៥រូប" ទោះបីបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រជុំក៏ដោយ ។
ជាមួយគ្នានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប មិនទាន់បានធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ស្របតាមមាត្រា៨២ថ្មីនៃច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មនៃរដ្ឋធម្មនុញ្ញ និងនៃច្បាប់ធម្មនុញ្ញបន្ថែមដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ៥នៅឡើយ ខណៈដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានធ្វើសច្ចាប្រណិធានរួចហើយនាពេលល្ងាចនេះ ។
ដោយឡែក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ស្អែកនេះ ដែលជាទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញគម្រប់២០ឆ្នាំនោះ សភាគណបក្សប្រជាជនកម្ពុជានឹងបន្តប្រជុំអនុម័តនូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា និងអនុម័តផ្តល់សេចក្តីទុកចិត្តលើសមាសភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ចាត់តាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥រួចហើយ និងមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០២ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ។
មជ្ឈដ្ឋានអ្នកវិភាគឯករាជ្យនៅកម្ពុជាបានលើកឡើងថា សមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ដែលទំនងជាមានចំនួនច្រើនសំពីងសំពោងដូចរាជរដ្ឋាភិបាលអាណត្តិទី៤ដែរនោះ ត្រូវបានរៀបចំរួចរាល់អស់ហើយ ដោយគ្រាន់តែរង់ចាំឲ្យសភាគណបក្សប្រជាជនកម្ពុជាសុទ្ធដូចគ្នាអនុម័តផ្តល់សេចក្តីទុកចិត្តតាមរបៀប "ប្រថាប់ត្រា"ប៉ុណ្ណោះ គឺជាការស្រេច ៕