ក្រោយពីការចូលរួមរបស់ឯកឧត្តម William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវេលាព្រឹកមិញរួចមក ស្ថានទូតសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយភ្លាមៗដោយបានបញ្ជាក់ថា«យើងជឿថា សភាជាតិដែលមានដំណើរការត្រឹមត្រូវទាមទារឲ្យមានការចូលរួមនៃគណបក្សនយោបាយសំខាន់ៗទាំងពីរ។»។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា«ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឬគណបក្សនយោបាយណាមួយនោះទេ។»។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ សហរដ្ឋអាមេរិកសូមស្នើឲ្យថ្នាក់ដឹកនាំគណបក្សធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវលទ្ធផលមួយដែលធ្វើឲ្យប្រទេសមានឯកភាពគ្នានិងបម្រើផលប្រយោជន៍ប្រជាជនកម្ពុជាជាធំ៕