នៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិដែលមានបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចំនួន៥៥រូបមិនចូលរួមប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥នោះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការចោទប្រកាន់ថា «សភាដែលកើតឡើងនៅថ្ងៃនេះ គឺជាសភាឯកបក្ស មិនមែនតំណាងឲ្យប្រជាជាតិខ្មែរទាំងមូល ពោលគឺ ផ្ទុយទាំងស្រុងទៅនឹងគោលកាណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយដែលកំពុងនាំប្រទេសកម្ពុជាទៅកាន់របបផ្តាច់ការសាជាថ្មីម្តងទៀត។»។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានអះអាងថា ការបើកសម័យប្រជុំដំបូងនៃរដ្ឋសភានៅពេលនេះ ដោយគ្មានវត្តមានបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ គឺជាការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា១,មត្រា៥១ថ្មី,មាត្រា៧៦,មាត្រា៨និងមាត្រា៩៕