ដោយមិនបង្អង់យូរ តាមសំណើរបស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាភ្លាមៗ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០២ ចុះថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ទ្រង់បានត្រាស់បង្គាប់ឲ្យនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា ខណៈដែលកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី៥នៅវេលាព្រឹកនេះមានត្រឹមចំនួន៦៨រូបក្នុងចំណោម១២៣រូបប្រភពមកពីគណបក្សប្រជាជនកម្ពុជាសុទ្ធសាធតែម្តង។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនិងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជាបានលើកឡើងថា ការអនុម័តតែងតាំងគណៈរដ្ឋមន្ត្រីនីតិកាលទី៥នៃរដ្ឋសភានាពេលនេះ គឺកើតចេញពីសមាជិករដ្ឋសភាប្រជុំត្រឹមចំនួន៦៨រូប ប្រភពមកពីគណបក្សប្រជាជនកម្ពុជាសុទ្ធប៉ុណ្ណោះ ក្នុងចំណោមសមាជិករដ្ឋសភាសរុបចំនួន១២៣រូប។មានន័យថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ«រដ្ឋសភា»ទាំងស្ថាប័ននីតិប្រតិបត្តិ«រាជរដ្ឋាភិបាល»ទាំងស្ថាប័នតុលាការត្រូវគ្រប់គ្រងផ្តាច់មុខដោយគណបក្សប្រជាជនកម្ពុជាតាមរបៀប«ជាអាជ្ញាកណ្តាលផ្លុំកញ្ចែផងនិងជាកីឡាករផង»៕